អាមេរិកថាការរាប់សន្លឹកឆ្នោតឡើងវិញកំពុងបង្កើនទំនុកចិត្តដល់ពលរដ្ឋខ្មែរ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 5:05 PM | បោះឆ្នោត | 0 | 7720 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានហៅការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាការជួយឲ្យពលរដ្ឋខ្មែរ​កាន់​​តែ​​មាន​ទំនុក​ចិត្ត​ខ្លាំង ​​លើ​ការ​បោះ​ឆ្នោត​ ក្រោយ​បក្ស​ធំ​ពីរ​មិនសុខចិត្តនឹងលទ្ធផលឆ្នោតនៅតាមឃុំសង្កាត់មួយចំនួន។

ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានវីអូឌី នៅក្នុងសន្នីសិទសារព័ត៌មានមួយ​​​កាល​ពី​ថ្ងៃ​ទី១៣មិថុនា​ ក្នុងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt មានប្រសាសន៍ថា ការ​រាប់​សន្លឹក​ឆ្នោតឡើងវិញរបស់គ.ជ.ប ដែលជាយន្តការ​ដោះស្រាយ​បណ្តឹង​របស់​បក្ស​នយោបាយ​ គឺជួយ​​ប្រជាជនកាន់តែមានទំនុកចិត្តខ្លាំងឡើង ចំពោះការបោះឆ្នោតនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «តាមពិតបក្សនយោបាយ ដែលកំពុងជម្រុញឲ្យ​មានការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ គឺមិនមែនជារឿងដែលមិនល្អនោះទេ ហើយទង្វើទាំងនេះ គឺជួយឲ្យពលរដ្ឋ​ខ្មែរកាន់​តែមាន​ទំនុក​ចិត្ត​ខ្លាំងឡើងលើកការបោះឆ្នោត។ ហើយ​រឿងសំខាន់បំផុតសម្រាប់គ.ជ.ប គឺធ្វើការឲ្យល្អ ដូច​ពី​ពេល​ធ្វើ​កន្លងទៅ [ការបោះឆ្នោត២០១៧]…ដើម្បីបង្ហាញភាពជាក់លាក់ ការរៀបចំការបោះឆ្នោត គឺ​ត្រូវ​ធ្វើ​ឲ្យល្អ ដូចការរាប់សន្លឹកឆ្នោតឡើងវិញអញ្ចឹង»។

ខណៈដែល​ គ.ជ.ប ​ចាស់ ​​​ត្រូវបាន​ប្រជាជន​ភាគ​ច្រើន​ដក​សេចក្តី​ទុក​ចិត្តបន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ ​នោះគ.ជ.បថ្មី ដែលត្រូវ​បាន​ធ្វើកំណែទម្រង់​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ​ហើយ ​សមាជិក​​នៃ​គណ​កម្មា​ធិការ​​នេះ​ បាន​កើត​ចេញចំរុះ​ពីគណបក្សនយោបាយ និង​សង្គម​ស៊ីវិល​មក​ ហាក់កំពុង​ធ្វើ​ការ​ទាញ​យក​ទំនុកចិត្ត​ពី​ពលរដ្ឋ​ឡើង​វិញ។ ក្នុង​នោះ ​ជោគជ័យ​ដែល​ គ.ជ.ប ថ្មី ទទួល​បាន​នោះ ​គឺ​ទំនងជាការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ទទួល​បាន​ការ​សាទរ​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែលខុស​ពី​ គ.ជ.ប ចាស់។

មន្ដ្រីជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​លោក កង សាវាង្ស មើល​ឃើញ​ថា គ.ជ.ប បច្ចុប្បន្ន​នេះ​ កំពុង​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​ខ្លួន​ដើម្បី​កសាងឲ្យ​មាន​តម្លាភាព​ និង​សេចក្តី​ទុក​ចិត្ត​ពី​ពល​រដ្ឋ​ និង​គណ​បក្ស​នយោបាយ។ លោក​បន្ថែម​ថា តាម​រយៈយន្ត​ការ​ដែល​ គ.ជ.ប ថ្មីកំពុង​តែ​អនុវត្តន៍​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ច្រើនពី​ជាតិ និង​អន្តរជាតិ។

លោក​ថា៖ «អ្វី​ដែល​យើង​មើល​ឃើញ កន្លង​មក​យើង​ឃើញ​ថា គ.ជ.បមាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហើយ​យើងឃើញ​ថា​ប្រជាពល​រដ្ឋ ក៏​លោក​ខិត​ខំ​ស្វែង​យល់​ដែរ​តាម​រយៈ ការ​បង្ហាញ​របស់​គជប ហើយ​អាហ្នឹង​ក៏​វា​ជា​ការ​បង្ហាញ​របស់ គ.ជ.ប ដែរ​ដែលការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ហ្នឹង​ជា​ការ​ខិត​ខំប្រឹង​ប្រែង​ឲ្យ​មាន​តម្លាភាព​ឲ្យ​មាន​ភាពស្នើ​គ្នា យល់​ព្រមសេចក្តី​ទុក​ចិត្តពី​ប្រជា​ពលរដ្ឋ ពីព្រោះ​កិច្ច​ការ​ងារ​បោះឆ្នោត​ក៏​ដោយ បើសិន​ជា​ប្រជាពល​រដ្ឋ​ក៏​ដោយ​គណបក្សក៏​មិន​ទុក​ចិត្ត យើង​ឃើញ​ថា​លទ្ធផល​គឺ​មាន​បញ្ហាហើយ​ដូចឆ្នាំ​២០១៣ចឹង​យើង​ឃើញ​ថា​ពល​រដ្ឋ​មាន​ការ​ចេញ​មក​តវ៉ា ឃើញ​មាន​បញ្ហា​បាត់​ឈ្មោះ​ឬ​ចំណុច​ផ្សេង​ៗ​ហ្នឹង អា​ហ្នឹង​ហើយ​ដែល​ជាចំណុច​មួយ​ដែល​ហៅ​ថា​ការបញ្ហាហ្នឹងវា​អត់​មាន​តម្លាភាព​ឲ្យ​បាន​ល្អ​សម្រាប់​ជា​សេចក្តី​ទុក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ»។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធទី​៧មិថុនា គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹងថា ខ្លួនបានទទួលដោះស្រាយបណ្ដឹងចំនួន៧១ ក្នុងនោះ​២៨បណ្ដឹង ដោយ​ប្ដឹង​សុំរាប់សន្លឹកឆ្នោតឡើងវិញ ចំណែក៤៣បណ្ដឹងទៀត ប្ដឹងសុំដាក់​ពិន័យ​លើ​​អ្នកប្រព្រឹត្ដ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ផ្ទុយនឹងច្បាប់បោះឆ្នោតឃុំសង្កាត់។

បើតាមសេចក្ដីប្រកាស ក្នុងចំណោមបណ្ដឹង២៨ ក្នុងនោះ១៨បណ្ដឹង ជារបស់គណបក្សប្រជាជន ដែល​ប្ដឹង​សុំរាប់សន្លឹកឆ្នោតតាមការិយាល័យមួយចំនួន ដូចជា ក្នុងខេត្តបាត់ដំបង មាន១៧ការិយាល័យ ភ្នំពេញ មាន៩ការិយាល័យ និងកំពង់ធំ មាន៧ការិយាល័យ។ ចំណែក គណបក្សសង្គ្រោះជាតិ ក៏ប្ដឹង​សុំរាប់​សន្លឹក​ឆ្នោតឡើងវិញដែរ តាមការិយាល័យសរុបចំនួន១៦ ដូចជា ក្នុងខេត្តស្ទឹងត្រែង កោះកុង សៀមរាប តាកែវ និងរាជធានីភ្នំពេញ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required