លិខិតមិត្តអ្នកអាន៖ កញ្ចក់ឆ្លុះសង្គមត្រូវបានវាយបំបែក

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ជាបឋមខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងចិត្តអន្តិរ្ថិយដាច់ចិត្តលើកដៃបាញ់ប្រហារលោកនៅកណ្តាលក្រុង។ ចំពោះក្រុមគ្រួសារលោកផ្ទាល់ ពួកគាត់បានបាត់បង់ស្វាមីជាទីស្រឡាញ់ ឪពុក កូនប្រុស បង/ប្រុស។ល។ ចំណែកប្រទេសខ្មែរទាំងមូលបានបាត់បង់វីរបុរសខ្មែរម្នាក់ទៀតបញ្ញវ័ន្តដ៏ចំណានធនធានមនុស្សដ៏សំខាន់សម្រាប់កសាងនិងអភិវឌ្ឍន៍និងការផ្លាស់ប្តូរជាវិជ្ជមាន។ ក្នុងចំណោមមនុស្ស១៥លាននាក់មានតែ កែម ឡី ម្នាក់គត់ដែលមិនចូលរួមជាមួយភាគីនយោបាយណាមួយ។ មានតែ កែម ឡី ម្នាក់ដែលហ៊ាននិយាយការពិតជាជាងនិយាយការពារ។ មានតែ កែម ឡី ដែលមិនលក់ឧត្តមគតិដើម្បីបានតំណែងតួនាទី លុយកាក់ បុណ្យសក្តិដូចបញ្ញវ័ន្តមួយចំនួន បណ្ឌិតមួយចំនួន សកម្មជនមួយចំនួន ឬ និស្សិតមួយចំនួន។

បើខ្ញុំគោរពកោតសរសើរអ្នកស្នេហាជាតិមួយភាគ ខ្ញុំមានការគោរពកោតសរសើរ និងស្ញប់ស្ញែងលោក កែម ឡី ដល់ទៅបីដងលើសគេ។ ទី១ គាត់ឆ្លងកាត់ការសិក្សាអប់រំនៅសាលាអន្តរជាតិល្បីៗ មិនមែនមានសញ្ញាប័ត្រសេះហោះ ឬសញ្ញាប័ត្រក្នុងស្រុកទេ ជាចំណេះដឹងពិតប្រាកដដែលមានមនុស្សតិចតួចអាចសម្រេចបាន។ ទី២ មានចំណេះប៉ុណ្ណេះហើយ គាត់គួរណាស់ស្ងៀមសន្សំសុខដាក់ខ្លួន គួរតែកុំយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ដូចបញ្ញវ័ន្តអណ្តើកក្នុងស្នូកមួយចំនួនតែងនិយាយថា “មិនអាចទ្រផែនដីម្នាក់ឯងបានទេ”ចំណុចទី៣ គឺថា គាត់មានគ្រួសារ មានកូនជាច្រើនដែលត្រូវចិញ្ចឹមបីបាច់ថែរក្សា តែគាត់បែរជាយកមនសិការជាតិធំធេងជាងអ្វីៗទាំងអស់។ នេះហើយជាមហាបុរសពិតជា Martin Luther King Jr. ប្រចាំស្រុកខ្មែរ។

ក្រៅពីសាររំលែកទុក្ខពីគ្រប់មជ្ឈដ្ឋាន ខ្ញុំសង្កេតឃើញថាក៏មានសារនយោបាយឬព័ត៌មានអេចអូចចាក់ដោតក្នុងន័យបំផ្លាញភាគីបដិបក្ខនិងដើម្បីកេងចំណេញនយោបាយពីប្រជាប្រិយភាពនិងវីរភាពរបស់សពទៅវិញ។ សច្ចភាពក្នុងរឿងឃាតកម្មនេះមានតែមួយគត់ ហេតុអ្វីបានជានាំគ្នាបង្កើតអង្គហេតុបែបស្រមើស្រមៃច្រើនយ៉ាងនេះ? តើត្រូវស្លាប់កំពូលមនុស្សដូចលោក កែម ឡី អស់ប៉ុន្មាននាក់ទៀត ទើបគូបដិបក្ខល្មមឈប់ហែកហួរគ្នា? តើពួកទាំងនោះមិនមានការខ្មាសអៀនសពរបស់គាត់ដែលនៅស្រស់ញញឹមបែបនេះទេឬ?

ខ្ញុំគ្រាន់តែសូមលើកបញ្ហា ៤ ចំណុចដើម្បីយើងបានស្វែងយល់ទាំងអស់គ្នា៖

ចំណុចទី១ ទោះបីបក្សកាន់អំណាចខឹងស្អប់គុំកួនគាត់ តែពេលនេះក៏មិនទាន់ឈានដល់រៀបផែនការសម្លាប់គាត់ដែរ ដោយសារមន្រ្តីភាគច្រើនមានភាពចាស់ទុំផ្នែកនយោបាយ ហើយពេលនេះទៀតសោតបក្សកាន់អំណាចកំពុងស្តាប្រជាប្រិយភាពពីការបាត់បង់សន្លឹកឆ្នោត២២កៅអីផង ហើយទោះបីកន្លងមកបានចាប់មន្រ្តីអង្គការសង្គមស៊ីវិលដាក់គុក ហើយធ្លាប់គំរាមប្តឹងលោក កែម ឡី ក្នុងបំណងបំបិទមាត់គាត់ក៏ដោយ ក៏ខ្ញុំជឿថា ការសម្លាប់គាត់នៅពេលនេះមិនអាចជួយអ្វីបានដែរ។ តែខ្ញុំនៅមានចម្ងល់ត្រង់ថា ទាល់តែមានគាត់ស្លាប់ហើយ ទើបនាំគ្នានិយាយពីផែនការជំនួបរវាងថ្នាក់ដឹកនាំជាមួយលោក កែម ឡី ឬនាំគ្នានិយាយថាលោក កែម ឡី បានប្រាប់កុំឲ្យខ្លួនចូលបក្សនេះបក្សនោះ។ តើហេតុអ្វីកាលគាត់នៅរស់មិនបញ្ចេញឲ្យអស់ទៅ? ឬមួយគិតថាអាងតែមនុស្សស្លាប់ហើយអាចនិយាយកុហកបានតាមចិត្ត។ មិនខ្លាចរន្ទះបាញ់ទេឬ?

ចំណុចទី២ មានការចោទប្រកាន់ថាអាចបក្សប្រឆាំងនៅពីក្រោយការសម្លាប់នេះ ដោយសារបក្សប្រឆាំងបានចំណេញនយោបាយច្រើនជាងអ្នកណាៗទាំងអស់។ ខ្ញុំសូមប្រៀបធៀបថាស្ថានភាពបច្ចុប្បន្ននេះបើនៅលើសៃវៀនប្រដាល់វិញ បក្សប្រឆាំងហាក់បីដូចជាត្រូវគេវាយស្ទើសន្លប់នៅជ្រុងម្ខាងទៅហើយ មេបក្សត្រូវរត់ចោលស្រុក ចំណែកអនុប្រធានបក្សត្រូវសំងំឃុំខ្លួនឯងក្នុងទីស្នាក់ការបក្ស ហើយមួយថ្ងៃៗបក្សកាន់អំណាចចាំតែរកលេសឬភ័ស្តុតាងខុសច្បាប់ ដើម្បីចាប់ដាក់គុកនិងរំលាយបក្សនេះចោលប៉ុណ្ណោះទេ។ សូមសួរថា បើបក្សប្រឆាំងធ្វើបែបនេះមែនមិនដូចធ្វើអត្តឃាតនយោបាយហើយត្រូវជាប់ពន្ធនាគារអស់មួយជីវិតឬទេ?

ចំណុចទី៣ មានការលើកឡើងមួយចំនួនថាអាចប្រទេសជិតខាងនៅពីក្រោយការសម្លាប់នេះ។ ខ្ញុំមិនជំទាស់ទេ តែតោងយល់ថា តើគេគួរស្វែងរកភ័ស្តុតាងបែបណាទើបបញ្ជាក់បាន? តើគេអាចយកប្រទេសមួយដែលមានប្រជាជនជាង១០០លាននាក់មកកាត់ទោសពីបទល្មើសមនុស្សឃាតដោយចេតនាគិតទុកជាមុនបែបនេះបានទេ? ទោះបីជាអាចឬមិនអាចជាការពិតក៏ដោយ គេគួរស្វែងរកមនុស្សមេគំនិតនៅពីក្រោយអំពើឃាតកម្មនេះមកកាត់ទោសប្រសើរជាជាងទៅចោទប្រកាន់ប្រទេសមួយឬពូជសាសន៍មួយទាំងមូលបែបនេះ។

ចំណុចទី៤ គឺទាក់ទិននឹងភាពទុកចិត្តបាន ភាពជឿជាក់បាន ភាពមិនលម្អៀង ភាពអព្យាក្រឹត្យ និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពីសំណាក់អាជ្ញាធរ នៅតែជាបញ្ហាធ្ងន់ធ្ងរជាងអ្វីៗទាំងអស់សម្រាប់ជាតិខ្មែរទាំងមូល។ ការសម្លាប់មេសហជីពកម្មករកាលពីជាង១០ឆ្នាំមុន រហូតមកទល់នឹងពេលនេះ រកឃាតករនិងមេខ្លោងនៅពីក្រោយខ្នងមិនឃើញនៅឡើយទេ ក្រៅពីចាប់ឃាតកសិប្បនិមិត្តមកដាក់គុកជាច្រើនឆ្នាំលេងទទេ។ ការបោកគ្រាប់បែកនៅមុខរដ្ឋសភាឆ្នាំ១៩៩៨ក៏ដូចគ្នា។ ការសម្លាប់អ្នកនយោបាយ សកម្មជន អ្នកកាសែត អ្នកជំនួញ សិល្បករ … នៅតែរកជនដៃដល់និងមេខ្លោងពិតប្រាកដមិនឃើញ តើគេអាចសង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការ អាចផ្តល់យុត្តិធម៌ដល់សពលោក កែម ឡី និងក្រុមគ្រួសារគាត់បានទេ? គ្រាន់តែមន្រ្តីថ្នាក់កណ្តាលគេប៉ះពាល់មិនបានផង កុំថាឡើយដល់ទៅ!

ទស្សនៈខ្ញុំផ្ទាល់គិតថាការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺកើតចេញពីការបញ្ចេញកំហឹងរបស់ជនមានឥទ្ធិពលណាម្នាក់ឬមួយក្រុមណាប៉ុណ្ណោះ ហើយវាមិនមែនមកពីបញ្ហានយោបាយទេ។ ព្រោះអ្វីដែលចៃដន្យបំផុតនោះគឺថាតែប៉ុន្មានថ្ងៃសោះក្រោយពេល Global Witness ចេញរបាយការណ៍ថ្មីស្តីពីស្ថានភាពនៅកម្ពុជា លោកបណ្ឌិត កែម ឡី បានបញ្ចេញយោបល់លើរបាយការណ៍នេះតែមួយពព្រិចភ្នែកសោះ រាងកាយគាត់ត្រូវជោគជាំដោយឈាមទៅហើយ។ បើអ្នកបញ្ចេញកំហឹងនោះជាមនុស្សមានអំណាច មានឥទ្ធិពល មានបុណ្យបារមី មានបរិវាររាប់មិនអស់នោះ មួយពាន់ឆ្នាំទៀតក៏រកជននោះមិនឃើញដែរ! អ្វីដែលសោកស្តាយបំផុតនោះគឺថា ចាប់គិតពីការបោះឆ្នោតឆ្នាំ១៩៩៣មក ជាង២០ឆ្នាំហើយការបញ្ចេញកំហឹងរវាងខ្មែរនិងខ្មែរនៅតែជៀសមិនផុតពីការបាញ់សម្លាប់គ្នាដដែល។

លោកបណ្ឌិត កែម ឡី ត្រឹមតែប្រើវោហារស័ព្ទមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមទេ តើហេតុអ្វីបានជាមនុស្សអាក្រក់ដាច់ចិត្តវាយកម្ទេចកញ្ចក់ចោលទៅវិញ។ ទោះកញ្ចក់បែកបាក់ខ្ទេចខ្ទាំក៏ដោយ ក៏មនុស្សម្នាទូទៅនៅតែមើលឃើញពីរូបរាងអាក្រក់របស់មនុស្សនោះដដែលទេ។ បើទុកកញ្ចក់ទៅ ក្រែងបានកែប្រែ តុបតែងខ្លួនឲ្យបានស្អាតបាតនឹងគេ តើវាមិនល្អទេឬ?

លោកបណ្ឌិតឃ្លាតចាកចោលយើងរហូតហើយ លោកបណ្ឌិតកើតជាទេព្តាហើយ លោកបណ្ឌិតបានសោយសុខនាឋានសួគ៌ហើយ នៅឡើយតែយើងទាំងអស់គ្នាទេដែលត្រូវហែលឆ្លងកាត់វាលវដ្តសង្សារនៃសង្គមដ៏អប្រិយនេះតទៅមុខទៀត!!!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ