ពលរដ្ឋមួយចំនួនស្នើ​ឲ្យពន្យាពេលយកសពលោក កែម ឡី ទៅស្រុកកំណើត​

ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេមិនចង់ឲ្យប្រញាប់យកសពលោក កែម ឡី ទៅតម្កល់ទុកនៅខេត្តតាកែវដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះទេ ដោយអះអាងថាទុកនៅរាជធានីភ្នំពេញងាយស្រួលប្រជាពលរដ្ឋគោរពបូជា។

តាមគម្រោងគណៈកម្មការសពគ្រោងយកសពលោក កែម ឡី ទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋដែលចូលរួមបុណ្យសព អ្នកស្រី រឿន កាក់ មកពីខេត្តកណ្តាលបានរៀបរាប់គាត់មិនចង់ឲ្យគណៈកម្មការសពនិងក្រុមគ្រួសារយកទៅខេត្តតាកែវឆាប់ពេកនោះទេ ដោយអ្នកស្រីថាចង់ឲ្យទុកនៅរាជធានីភ្នំពេញឲ្យបានយូរ ងាយស្រួលប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាចូលរួមបានច្រើន។ អ្នកស្រីបន្តថា៖ “បើចិត្តខ្ញុំនិងប្រជាពលរដ្ឋចង់ឲ្យតម្កល់នៅវត្តនេះ ព្រោះវត្តនេះវានិយាយរួមវាជាយអែបក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយើងភ្ញាក់រលឹក ថានេះហើយដែលសពលោកបណ្ឌិតទំាងមូលនៅប្រទេសកម្ពុជាយើងដែលគេបំបិទមាត់ ហើយណាមួយគាត់ជាអ្នកស្នេហាជាតិ គាត់ហ៊ាននិយាយត្រង់ អញ្ចឹងរបបរាល់ថ្ងៃស្រដៀងនឹងពុលពត គ្រាន់តែក្លែងពណ៌ទេ“។

ក្រោយពីឃាតករបាញ់សម្លាប់ លោក កែម ឡី ប្រជាពលរដ្ឋនិងអ្នកនយោបាយមួយចំនួនបានហៅលោកថា ជា “វីរជនខ្មែរស្នេហាជាតិ ដោយថាលោកហ៊ានរិះគន់ចំៗពីចំណុចខ្វះខាតនៃការដឹកនាំរបស់រដ្ឋាភិបាល។

ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម លោក ចែម អុល ដែលចូលរួមបុណ្យលោក កែម ឡី ឲ្យដឹងថាលោកឮព័ត៌មានថាគណៈកម្មការបុណ្យសពមិនទាន់បញ្ចុះសពភ្លាមទេ ដោយថាទុករយៈពេល២ខែទៀត ខណៈមានគ្រែទឹកកកយកមកពីប្រទេសបារំាងសម្រាប់រក្សាទុកសពឲ្យបានយូ។ លោកថាបើយកសពទៅខេត្តតាកែវ ខ្លាចមិនសូវមានអ្នកចូលរួមបុណ្យច្រើនដូចនៅរាជធានីភ្នំពេញ។ លោកបន្ថែមថា៖ “ដូចថាកន្លែងនេះប្រជាពលរដ្ឋច្រើនទៅកន្លែងនោះវាប្រជាពលរដ្ឋតិច វានៅជាយ ព្រោះកន្លែងនេះវាបានមនុស្សច្រើនតិច ហើយវាមនុស្សចង់កណ្តាលក្រុង គេអាចមកគ្រប់គ្រង គេមកជួយថែរក្សាវាងាយជិតស្រួល“។

លោក ចែម អុល យល់ថាគម្រោងយកសពទៅខេត្តលឿនបែបនេះទំនងជាមិនមានអ្នកជួយយាមសពនៅពេលយប់។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតដែលចូលរួមបុណ្យសព អ្នកស្រី ណយ ណេត បានលើកឡើងថាគាត់ក៏មិនចង់ឲ្យយកសពទៅខេត្តលឿនពេកទេ។ ប៉ុន្តែអ្នកស្រីយល់ថា បើទុកសពនៅក្នុងវត្តចាស់ឲ្យបានយូរ លុះត្រាតែមានអ្នកជួយយាមសព ព្រោះខ្លាចមានអ្នកមកបំផ្លាញសាកសពនោះទៀត។ អ្នកស្រីបន្តថា៖ “នៅពេលយប់ចង់សំណូមពរឲ្យយុវជនក្រោកឡើងជួយមកយាមនូវសពដែលបណ្ឌិតលោក កែម ឡី ឲ្យបានសុខល្អ ខ្លាចមានអ្នកណាមករុករើ ធ្វើបាបសពហ្នឹងទៀត វាចេះតែតាមឈ្នានីសនេះខ្មែររហូតឲ្យតែអ្នកចេះដឹង“។

ឆ្លើយតបនឹងករណីនេះ គណៈកម្មការបុណ្យសពព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាប្រាប់វីអូឌីនៅថ្ងៃទី១៥ខែកក្កដានេះថា ក្រោយពីទទួលបានគ្រែទឹកកក់ដើម្បីរក្សាសពលោក កែម ឡី កាលពីថ្ងៃ១៤ខែកក្កដាម្សិលមិញ ធ្វើឲ្យសាកសពមានសភាពស្រស់ ដោយព្រះអង្គថាអាចតម្កល់ទុកបានយូរ។ នៅពេលសួរថា តើសពនឹងហែទៅខេត្តតាកែវនៅថ្ងៃទី១៧ខែកក្កដា តាមការគ្រោងទុកឬយ៉ាងណាស្របពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យទុកនៅក្នុងវត្តចាស់បណ្តោះអាសន្ននោះ? ព្រះអង្គមានថេរដីកាថាគណៈកម្មការសពនិងក្រុមសារនឹងសម្រេចម្តងទៀត ។ ប៉ុន្តែព្រះអង្គមានថេរដីកាបន្តថាអ្វីដែលព្រួយបារម្ភ បើតម្កល់ទុកនៅវត្តចាស់ខ្លាចមិនមានអ្នកជួយយាមសាកសព។ ព្រះតេជគុណបន្តថា៖ “អាត្មាគិតថាទីមួយមតិយោបល់ ទីពីរមានកម្លំាងជួយរក្សាសពយើងអាចពន្យាបានអត់មានធ្វើអ្វីខុសទេ ព្រោះនេះជាមរតករបស់ប្រជាពលរដ្ឋខ្មែរ ហើយបើគេសំណើសុំយ៉ាងណា យើងធ្វើតាមគេយ៉ាងនោះ“។

គណៈកម្មការសពបានបញ្ជាក់ថា ទីបញ្ចុះសពលោក កែម ឡី នៅខេត្តតាកែវមានទំហំដីប្រមាណជា៧០អា ហើយនៅក្នុងទីតំាងនោះក៏រៀបចំឲ្យមានជាស្រះទឹក គ្រោងធ្វើជាសួនច្បារ នឹងដាំដើមឈើប្រណិតៗ ធ្វើរូបសំណាកលោក កែម ឡី ដាក់តាំងពាក្យស្លោកសំខាន់ៗពីការតស៊ូមតិដែលលោក កែម ឡី បានបន្សល់ទុក មានបណ្ណាល័យតម្កល់សម្ភារៈលោក កែម ឡី និងបណ្ណាល័យស្រាវជ្រាវជាដើម។

លោក កែម ឡី ក្រៅពីមានជំនាញផ្នែកស្រាវជ្រាវ លោកជាអ្នកវិភាគនយោបាយនិងហ៊ានរិះគន់រដ្ឋាភិបាលចំៗ ឥតសំចៃមាត់ទាក់ទិននឹងភាពអវិជ្ជមាននានានៃការគ្រប់គ្រងរដ្ឋ។

ប៉ុន្តែអ្នករិះគន់រដ្ឋាភិបាលរូបនោះត្រូវឃាតករបាញ់ចំ២គ្រាប់ ១គ្រាប់ត្រូចដើមទ្រូងនិង១គ្រាប់ទៀតត្រូវក្បាល បណ្តាលឲ្យលោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងហាងលក់ទំនិញ (Star Mart) ស្ថិតនៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោកាលពីថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ