វិភាគ៖ សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់នឹងស្ថានការណ៍នៅកម្ពុជា

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski (រូបភាពពីក្រសួងការបរទេសសហរដ្ឋអាមេរិក)

មន្រ្តីជាន់ខ្ពស់ផ្នែកការទូតសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅដើមសប្តាហ៍ក្រោយនេះចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថាកំពុងតែតានតឹងខ្លាំង បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski មកកម្ពុជានៅថ្ងៃទី១៨និង១៩ខែកក្កដានេះ ដោយថាដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។

តាមគម្រោងលោកឧបការីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ (DRL) រូបនេះនឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដោយថាដើម្បីពិភា ក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ដំណើរទស្សនៈកិច្ចរបស់មន្រ្តីការទូតលើកនេះលោក Tom Malinowski ក៏នឹង ”រំលឹកឲ្យកម្ពុជាលើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស”។

បច្ចុប្បន្ននេះមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូបនិងលោក នី ចរិយា អតីតមន្រ្តីជាន់ខ្ពស់សមាគមនេះដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប នោះត្រូវបានតុលាការឃុំខ្លួន។ ពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទថាមានកំហុសទាក់ទងនឹងករណីដែលគេទម្លាយថាលោក កឹម សុខា មានស្នេហាលួចលាក់។

ដំណើរទស្សនៈកិច្ចរបស់មន្រ្តីការទូតនៃប្រទេសមហាអំណាចខាងប្រជាធិបតយ្យនេះគឺធ្វើឡើងចំពេលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនទាន់វិលចូលតុចរចា បើទោះជាមានការជំរុញពីសហគមន៍អន្តរជាតិក្រោយពីមានការករណីតាមចាប់ខ្លួនលោក កឹម សុខា និងចាប់ឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា។

ចំណែកស្ថានការណ៍ភ្ញាក់ផ្អើលចុងក្រោយនេះគឺការបាញ់សម្លាប់លោក កែម ឡី ជាអ្នកវិភាគបញ្ហាសង្គមដែលតែងរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាល។

គណបក្សអំណាចបានប្តឹងលោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គមដោយទារជម្ងឺចិត្ត១០០លានរៀលឬ១០ម៉ឺនដុល្លារ។

តើដំណើរទស្សនៈកិច្ចរបស់មន្រ្តីការទូតអាមេរិកលើកនេះអាចជំរុញឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជាឬទេ?

លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែលយល់ថាសហគមន៍អន្តរជាតិពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យតែងតែយកចិត្តទុកដាក់លើដំណើការនយោបាយនិងការបោះឆ្នោតនៅកម្ពុជា។ លោកថាដំណើរទស្សនៈកិច្ចរបស់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកនៅពេលនេះមានសារៈសំខាន់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជាពេលខាងមុខ។

លោកកត់សំគាល់ថា៖ “មិនមែនជាលើកទី១ទេដែលគេបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ដោយសារគេមានកាតព្វកិច្ចជួយដល់ប្រទេសកម្ពុជា គ្រាន់តែថាសភាពការណ៍ខ្លះមានមកញឹកញាប់ ហើយមានឋានៈមន្រ្តីគេផ្សេងៗ

វត្តមានរបស់អ្នកការទូតអាមេរិកនៅកម្ពុជាលើកនេះគឺធ្វើឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រី Catherine Novelli បានមកកម្ពុជាកាលពីដើមខែមិថុនា។ ពេលនោះលោកស្រីបានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះអាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជា។

មួយវិញទៀតគម្រោងទស្សនៈកិច្ចរបស់លោកឧបការីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ មកកម្ពុជានៅដើមសប្តាហ៍ក្រោយនេះគឺធ្វើឡើងតែ៤ថ្ងៃបន្ទាប់ពីប្រធានក្រុមសជិកសភាអាមេរិកទទួលបន្ទុកកិច្ចការប្រទេសកម្ពុជា អាឡេន ឡូវិនថាល់ (Alan Lowenthal) បានសន្ទនាតាមទូរសព្ទជាមួយលោក កឹម សុខា ដោយផ្តោតលើស្ថានការណ៍នយោបាយនៅកម្ពុជា។

លោក សូ ចន្ថា សាស្ត្រាចារ្យនយោបាយវិភាគថាសហគមន៍អន្តរជាតិអាចមានឥទ្ធិពលលើកម្ពុជាក្នុងការជំរុញឲ្យមានដំណោះស្រាយនយោបាយរយៈពេលវែង។

លោកយល់ថា៖ យើងមិនឃើញភ្លាមៗមែន ប៉ុន្តែវាអាចជះឥទ្ធិពលវែងឆ្ងាយសម្រាប់កម្ពុជា ព្រោះយើងឃើញថាម្តងជាពីរដងប្រទេសទាំងអស់នោះបានគំរាមធ្វើការផ្តាច់ជំនួយឬមិនផ្តល់មកកម្ពុជាជាដើម។ ដូច្នេះខ្ញុំគិតថាដើម្បីឲ្យកម្ពុជាមានប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស នីតិរដ្ឋពិតប្រាកដ រដ្ឋាភិបាលគួរពិចារណលើអ្វីជាការលើកឡើងឬសំណើពីសហគមន៍អន្តរជាតិជាជាងការច្រានចោលទាំងស្រុង…

អង្គការសហប្រជាជាតិនិងសភាសហភាពអឺរ៉ុបបានអំពាវនាវព្រមគ្នាឲ្យគណបក្សជាប់ឆ្នោតទាំងពីរចូលតុចរចាជាបន្ទាន់ ខណៈពួកគេសម្តែងក្តីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានបដិសេធម្តងហើយម្តងទៀតថាមិនចរចាទេ បើគណបក្សប្រឆាំងលើកឡើងពីការចាប់ខ្លួនតំណាងរាស្ត្រនិងមន្រ្តីសិទ្ធិមនុស្ស។

សហរដ្ឋអាមេរិកបានស្នើឲ្យព្រឹទ្ធសភារបស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជាប្រមាណជា៧៧,៨លានដុល្លារអាមេរិក។ នេះជាការព្រមានថ្មីមួយទៀតបន្ទាប់ពីសភាអ៊ឺរ៉ុបបានព្រមានផ្តាច់ជំនួយមកកម្ពុជាដែរ។ សហភាពអឺរ៉ុបគឺជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេឲ្យមកកម្ពុជា។ គិតត្រឹមឆ្នាំ២០១៤ដល់២០២០ សហភាពអឺរុបបានផ្តល់ជំនួយដល់កម្ពុជា៤១០លានអឺរូស្មើនឹង៤៦៣លានដុល្លារអាមេរិក។

ការព្រមានផ្តាច់ជំនួយពីសហភាពអ៊ឺរ៉ុបនោះគឺក្រោយពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា រួមទាំងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកឲ្យប្រទេសប្រជាធិបតេយ្យទាំងនោះឲ្យផ្តាច់ជំនួយ ដោយអះអាងថាមិនប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោកឡើយ។

នៅថ្ងៃសុក្រនេះនាយករដ្ឋមន្រ្តីកម្ពុជាឲ្យដឹងថាចិនបានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាជិត៦០០លានដុល្លារ ដោយលោកថាមួយផ្នែកនៃជំនួយនេះសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា។

លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ថាការផ្តល់ជំនួយរបស់ចិនតែមួយមុខមិនមែនជាដំណោះស្រាយសម្រាប់កម្ពុជាទេ ពោលកម្ពុជានៅតែត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ “ភាពស្របច្បាប់របស់រដ្ឋាភិបាលមួយតាមការបោះឆ្នោតត្រឹមត្រូវសំខាន់ណាស់នៅពេលខាងមុខដើម្បីធានាឲ្យសហគមន៍អន្តរជាតិគេអាចមានជំនឿទុកចិត្ត មិនមែនតែរដ្ឋាភិបាលចិនឬរដ្ឋាភិបាលលោកខាងលិចឬស្ថាប័ននានាទេ។ យើងត្រូវការមានជំនឿពីប្រជាពលរដ្ឋទៅលើរដ្ឋាភិបាលស្របច្បាប់ តាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយកាត់បន្ថយទំនាស់នយោបាយ ដើម្បីធានាស្ថេរភាព”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា កត់សំគាល់ថាជាបទពិសោធន៍កន្លងមករដ្ឋាភិបាលកម្ពុជាមិនដែលទទួលយកការផ្តល់យោបល់ពីសហគមន៍អន្តរជាតិដោយបើកចំហនោះទេ។ ប៉ុន្តែលោកវិភាគថា បើរដ្ឋាភិបាលនៅតែមិនបើកចិត្តទទួលយកយោបល់ពីសហគមន៍អន្តរជាតិ នឹងធ្វើឲ្យកម្ពុជាខាតបង់ច្រើន។ លោកវិភាគថា៖ “ខាតបង់ទី១គឺវិស័យការទូតអន្តរជាតិមានន័យថានយោបាយការរបទេសកម្ពុជាមានរូបភាពមិនល្អលើឆាកអន្តរជាតិ។ ប្រទេសនានាគេងាកមកចាប់អារម្មណ៍ថាកម្ពុជាគ្មាននីតិរដ្ឋមិនមានការគោរពសិទ្ធិមនុស្ស។ ទី២ខាតបង់សេដ្ឋកិច្ច កម្ពុជាពឹងលើការវិនិយោគពីប្រទេសលើសកលលោកក្នុងនោះមានសហភាពអឺរ៉ុបមានការផ្តល់ជំនួយជាច្រើន ពិសេសកូតានៃការនាំចូល។ ខ្ញុំគិតថាចំណុចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា មួយទៀតប៉ះពាល់កិត្យានុភាពរបស់ជាតិដែលសម័យកម្ពុជាល្បីខ្ទរជាមហាអំណាចមួយដែរ ប៉ុន្តែបច្ចុប្បន្នល្បីមិនល្អ

កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចដោះលែងសកម្មជនសិទ្ធិមនុស្សល្បីឈ្មោះមួយចំនួនរួមមាន លោក កឹម សុខា លោក ប៉ា ងួនទៀង លោក រ៉ុង ឈុន និងលោក យ៉េង វីរៈ ជាដើមនៅពេលមានដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកមកកម្ពុជា។ លោក ហ៊ុន សែន កាលណោះបានចាត់ទុកការដោះលែងសកម្មជនសិទ្ធិមនុស្សពេលនោះថាជា កាដូ សម្រាប់ទស្សនកិច្ចនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ