មន្រ្តីរដ្ឋាភិបាលដែលចាញ់ក្តីករណីវិវាទដីវិហារឥស្លាមបឹងកក់ សម្រេចបន្តប្តឹងឧទ្ធរណ៍

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក អះម៉ាត់ យ៉ះយ៉ា

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក អះម៉ាត់ យ៉ះយ៉ា បានថ្លែងថា លោកសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលលោកថាការកាត់ក្ដីរបស់តុលាការថ្នាក់ក្រោមនេះ មិនយុត្តិធម៌នោះឡើយ។

សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃចន្ទនេះ បានសម្រេចឲ្យលោក អះម៉ាត់ យ៉ះយ៉ា ចាញ់ក្ដី ជុំវិញបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈប្ដឹងដោយលោក អូស្មាន់ ហាស្សាន់ កាលពីខែឧសភាឆ្នាំ២០១៦។

តុលាការក៏បានបង្គាប់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា បង់ប្រាក់ពិន័យ៥លានរៀលចូលរដ្ឋនិងបង់សំណងជំងឺចិត្ត ១០០លានរៀល ទៅដល់លោក អូស្មាន់ ហាស្សាន់។

បន្ទាប់ពីការប្រកាសសាលក្រម លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការ មិនយុត្តិធម៌និងមិនផ្អែកលើភស្តុតាងនោះឡើយ ហើយលោកនឹងប្ដឹងឧទ្ធរណ៍តាមរយៈមេធាវីរបស់លោក។ លោកបញ្ជាក់ថាការដែលលោកមិនជួលមេធាវីឲ្យការពារក្តីនៅសាលាដំបូងនេះ ព្រោះលោកចង់សាកមើលថាតើប្រព័ន្ធតុលាការនៅកម្ពុជាឯករាជ្យដែរឬទេ។

លោកនិយាយថា៖ ដោយសារខ្ញុំថារឿងហ្នឹងជារឿងតូចតាច មិនមែនយើងមកឆ្លើយជាមួយតុលាការ ហើយយើងអត់មានភស្តុតាង យើងមានភស្តុតាងគ្រប់គ្រាន់ ស្អីដែលយើងនិយាយយើងទទួលខុសត្រូវ ហើយយើងចង់សាកមើលថាតើតុលាការយុត្តិធម៌ឬអត់ ហើយឥលូវយើងឃើញហើយ តុលាការកាត់ក្តីអត់ឈរលើភស្តុតាងទេ…ទោះបីសង្ឃឹមមិនសង្ឃឹម ខ្ញុំត្រូវតែធ្វើតទៅទៀត ម្តងនេះខ្ញុំនឹងជួលមេធាវី

លោក អះម៉ាត់ យ៉ះយ៉ា អះអាងថាលោកមិនបានបរិហារកេរ្តិ៍ លោក អូស្មាន ហាស្សាន់ នោះទេ។ លោកបញ្ជាក់ថា សម្តីដែលលោកនិយាយប្រាប់សារព័ត៌មានថ្មីៗគឺជាសម្តីពិត ដោយលោកគ្រាន់តែនិយាយថាលោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់គឺជារឿងពិត ហើយពាក់ព័ន្ធក្នុងរឿងគូសប្លង់នេះលោកថានឹងមានការទទួលផលប្រយោជន៍ ប៉ុន្តែលោកអះអាងថាលោកមិនបាននិយាយថាជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក អូស្មាន់ ហាស្សាន់ នោះទេ។

បងប្អូនជីដូនមួយរបស់លោក អះម៉ាត់ យ៉ះយ៉ា ម្នាក់គឺលោក អុស អែល ដែលបានធ្វើដំណើររួមជាមួយនឹងប្រជាពលរដ្ឋខ្មែរឥស្លាមដទៃទៀតពីខេត្តកំពង់ធំ មកចាំស្តាប់សាលក្រមរឿងក្តីរបស់លោក អះម៉ាត់ យ៉ះយ៉ា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងទៅលើការកាត់ក្តីរបស់តុលាការ។ លោកចាត់ទុកការប្តឹងផ្តល់ពីលោក អូស្មាន់ ហាស្សាន់ ដែលជាក្មួយរបស់លោក អះម៉ាត់ យ៉ះយ៉ា នេះជាការបែកបាក់ផ្ទៃក្នុងរបស់ជនជាតិឥស្លាម។

លោកនិយាយថា៖ ពិតណាស់ហើយ រឿងប្រេះឆាគឺពិតណាស់ហើយ ប្រេះឆាត្រង់ថាអ្វីមួយដែលហៅថារបស់សមូហភាពគាត់ (អូស្មាន់ ហាស្សាន់) រំលោភលើសមូហភាព ហើយមួយទៀតគាត់ (អះម៉ាត់ យ៉ះយ៉ា) រកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ ដើម្បីរបស់សមូហភាព របស់រួម ទៅជាគាត់អ្នកខុស

ពាក់ព័ន្ធនឹងគម្រោងធ្វើផ្លូវក្បែរវិហារឥស្លាមនៅតំបន់បឹងកក់បានបង្កឲ្យមានភាពចម្រូងចម្រាស ដោយប្រជាពលរដ្ឋខ្មែរអ៊ីស្លាមមួយចំនួនលើកឡើងថាប្លង់ធ្វើផ្លូវនឹងរំខានដល់ការថ្វាយបង្គំ ហើយក៏បានឈានទៅដល់ការបិទវិទ្យុផ្សាយសម្លេងជាភាសាចាមកាលពីខែមិថុនារបស់លោក អះម៉ាត់ យ៉ះយ៉ា ដែលបានផ្សាយអំពីផលប៉ះពាល់នៃការធ្វើផ្លូវកាត់វិហារបឹងកក់។

កន្លងមកអតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាធ្លាប់បានសរសេរលិខិតចំហមួយកាលពីចុងខែមេសាថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់ផ្លូវកាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញ ដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសក្ការៈព្រះអល់ឡោះ និងធ្លាប់ចេញមុខតវ៉ាចំពោះការរុះរើរបងពេលកន្លងមកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ