ទស្សនៈអ្នកវិភាគ៖ អន្តរាគមន៍លើកស្ទួយ អាចារ្យអេ ទម្លាក់ប្រជាប្រិយភាព​បក្សកាន់អំណាច

អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថាការអន្តរាគមរបស់លោកនាយករដ្ឋមន្ត្រីករណីរថយន្តសង្គ្រោះវិទ្យុ ABC ដោយដកនិងដំឡើងតំណែងមន្ត្រីមន្ទីរសុខាភិបាល នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់ការគំាទ្រពីប្រជាពលរដ្ឋមួយចំនួនដោយថា ការសម្រេចចិត្តរបស់មេដឹកនាំរូបនោះខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។

កាលពីថ្ងៃទី១១ ខែសីហា ប្រធានមន្ទីរសុខាភិបាលភ្នំពេញបានបញ្ជាឲ្យក្រុមការងារចុះចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC របស់លោក អាចារ្យអេ បន្ទាប់ពីបានរកឃើញថារថយន្តនោះត្រូវបានដាក់ឲ្យប្រតិបត្តិការ ដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះនិងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

នៅថ្ងៃដដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅតាមវិទ្យុ ABC ពីការដកតំណែងប្រធានមន្ទីរសុខាភិបាលភ្នំពេញ លោក សុខ សុគន្ធ នៅពេលលោកទូរសព្ទដោយផ្ទាល់ទៅកាន់សហការីវិទ្យុ ABC ដែលជាវិទ្យុរបស់លោក សេង ប៊ុនវេង ហៅ អាចារ្យអេ ។

ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន ភ្លាមៗនោះក្រុមអ្នកប្រើហ្វេសប៊ុកមួយចំនួនបានប្រតិកម្មលើការសម្រេចចិត្តរបស់មេដឹកនាំរូបនោះថា “ការធ្វើបែបនេះនិងធ្វើឲ្យមន្ត្រីថ្នាក់ក្រោមលែងហ៊ានអនុវត្តច្បាប់“។

ក្រោយមកមួយថ្ងៃបន្ទាប់ពីមានការរិះគន់លោក ហ៊ុន សែន ប្រកាសថាការអនុវត្តច្បាប់របស់លោក សុខ សុគន្ធ មិនខុសនោះឡើយ ប៉ុន្តែលោកថាមានកំហុសខាងនីតិវិធី៖ “ប្រធានមន្ទីរសុខាភិបាល ពិតជាមន្ត្រីនគរបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំនិង សម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន

បន្ទាប់ពីប្រតិកម្មរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ លោក ហ៊ុន សែន បានសម្រេចចិត្តជាថ្មីទៀត ដោយដំឡើងតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ទៅជាអគ្គាធិការរងនៃក្រសួងសុខាភិបាល ក្រោយពីប្រកាសដកដំណែងបានមួយថ្ងៃ។

អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍជនបទ លោក ប៊ូ បញ្ញា ហៅការសម្រេចចិត្តរបស់ លោក ហ៊ុន សែន ដោយម្តងដកនិងម្តងដំឡើងតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ គឺធ្វើឡើងដោយមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដោយលោកថាករណីហ្នឹងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់លោក ហ៊ុន សែន។ លោកបន្តថា៖ “ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ម្តងដកចេញ ម្តងដាក់ចូលវាមិនមែនជារឿងមួយល្អទេ វាបង្ហាញអំពីកម្សោយនៃការដឹកនាំរបស់លោក ដោយធ្វើការសម្រេចចិត្តមួយដែលគ្មានការពិចារណាត្រឹមត្រូវ គ្មានការពិភាក្សាជាមួយនឹងមន្ត្រីពាក់ព័ន្ធទំាងឡាយនៃការធ្វើការសម្រេចចិត្ត ខ្ញុំសង្កេតមើលទៅវាធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើលោកកាន់តែខ្លាំង

ដោយឡែកទាក់ទងនឹងការដកដំណែងមន្ត្រីរដ្ឋាភិបាលនោះ កាលពីម៉ោង២យប់អធ្រាត្រចូលថ្ងៃទី៣០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រ៊ីមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គម រឿងប្រើពាក្យ “អាប៉ូលិសចរាចរណ៍“។ ប៉ុន្តែនៅម៉ោងជាង៨ព្រឹកថ្ងៃដដែលនោះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោករក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិ។ លោកបញ្ជាក់ថាការសម្រេចនេះគឺឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាមហ្វេសប៊ុក។

អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក សួន ប៊ុនស័ក្តិ យល់ថាចំណាត់ការរបស់ប្រធានមន្ទីរសុខាភិបាលភ្នំពេញ លោក សុខ សុគន្ធ បានបញ្ជាឲ្យក្រុមការងារចុះចាប់រថយន្តសង្គ្រោះវិទ្យុ ABC ជាការត្រឹមត្រូវ ដោយលោកថាបើគេរកឃើញថារថយន្តវិទ្យុ ABC ពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះនិងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយយកទៅបំរើប្រយោជន៍ឯកជន។ ផ្ទុយទៅវិញលោកថា ការសម្រេចរបស់រដ្ឋាភិបាលលឿនពេក រាល់ការដក ដំឡើងតំណែង ជាពិសេសដកតំណែងអ្នកធ្វើការស្របច្បាប់អាចធ្វើឲ្យប៉ះពាល់ដល់អនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម ដោយលោកថាកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលមិនអាចទៅរួចនោះទេ។ លោកបន្តថា៖ រដ្ឋបាលថ្នាក់ក្រោមគ្នាខំធ្វើត្រឹមត្រូវហើយ ហើយស្រាប់តែមានការកែតម្រូវពីថ្នាក់លើ ទៅកែតម្រូវទៅ លើអ្វីដែលគ្នាថ្នាក់ក្រោមបានធ្វើត្រឹមត្រូវហើយ វាជាការទំលាក់ទឹកចិត្ត ដូច្នេះនាំឲ្យកំណែទម្រង់ស៊ីជម្រៅ មិនអាចធ្វើទៅបានទេ

ក្រោយពីបោះឆ្នោតអាណត្តិទី៥ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់អស់២២អាសនៈ គេសង្កេតឃើញថា រដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់ គ.ជ.ប និងស្ថាប័នរដ្ឋមួយចំនួនដូចជា ដោយធ្វើការផ្លាស់ប្តូរ មន្ត្រីនៅតាមក្រសួងមួយចំនួន នៅក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូនជាដើម។ លើសពីនេះទៀតរដ្ឋាភិបាលបានរុះរើគណៈរដ្ឋមន្ត្រីនៅអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រីបានស្តីបន្ទោសដល់មន្ត្រីមួយចំនួនដែលក្តោបក្តាប់អំណាច បក្ខពួកនិយម និងគ្រួសារនិយម នៅតាមក្រសួងស្ថាប័ននាំឲ្យប៉ះពាល់ដល់ដំណើរការការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ