សេចក្ដីរាយការណ៍មួយបាននិយាយកាលពីថ្ងៃម្សិលមិញថាប្រទេសជប៉ុននឹងអភិវឌ្ឍគ្រាប់មីស៊ីលបាញ់ពីដីទៅសមុទ្រដែលជាផ្នែកមួយនៃការពង្រឹងកិច្ចការពារដែនកោះភាគខាងត្បូងរបស់ខ្លួន ខណៈដែលភាពតានតឹងជាមួយចិនបន្តកើនឡើងជុំវិញដែនដីមានជម្លោះ។
ប្រទេសទាំងពីរនេះបានជាប់គាំងនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញប្រជុំកោះគ្មានមនុស្សរស់នៅដែលជប៉ុនហៅថា សេនកាគូ ហើយចិនហៅថាដាវយួ។
របាយការណ៍នេះបានកើតឡើងបន្ទាប់ពីមានការតវ៉ាម្ដងហើយម្ដងទៀតពីមន្ត្រីក្រសួងការបរទេសជប៉ុន ជុំវិញអ្វីដែលក្រុងតូក្យូចាត់ទុកជា «ការឈ្លានពាន» ពីសំណាក់នាវាចិនទៅលើដែនទឹកប្រជុំកោះនោះ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ការចុះផ្សាយនៃកាសែត Yomiuri Shimbun របស់ជប៉ុនដែលបាននិយាយថាក្រុងតូក្យូមានផែនការដាក់ពង្រាយអាវុធ ដែលនឹងអាចរត់បានចម្ងាយ៣០០គីឡូម៉ែត្រនៅលើកោះនានា ដូចជា កោះមីយ៉ាកូ ស្ថិតនៅលើខេត្តអូគីណាវ៉ា។
កាសែតដ៏ល្បីរបស់ជប៉ុនមួយនេះបានឲ្យដឹងទៀតថា អាវុធនោះនឹងអាចគ្រប់ដណ្ដប់ទៅលើកោះមានជម្លោះ ហើយការដាក់ពង្រាយនឹងធ្វើឡើងនៅឆ្នាំ២០២៣៕