កីឡាករ​ថៃមិនអស់​ចិត្ត​​រឿង​ស្មើ ​ឃីម ប៉ូរា

ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវគេកត់សម្គាល់ថាមានអ្នកសម្ដែងអារម្មណ៍ប្រតិកម្មភ្លាមៗពីអ្នកទស្សនានិងគ្រូបង្វឹកដែលជាអ្នកដឹកនាំកីឡាករថៃ។ ក្រុមអ្នកមិនសប្បាយចិត្តបានចាត់ទុកថាលទ្ធផល ឃីម បូរ៉ា ស្មើពិន្ទុជាមួយកីឡាករថៃឈ្មោះ Num Satoek គឺជារឿងអយុត្តិធម៌ ខណៈដែលអ្នករៀបចំការប្រកួតបានអះអាងថានេះជាលទ្ធផលសង្គ្រោះស្ថានភាពទិញដូរកីឡាករនៅលើសង្វៀន។

ការប្រកួតដែលបានធ្វើឡើងពេញរយៈពេល៥ទឹកនោះ គេកត់សម្គាល់កីឡាករកម្ពុជា ឃីម បូរ៉ា វាយចេញបានល្អតែប្រមាណ២ទឹកប៉ុណ្ណោះ។ កីឡាករថៃវាយចេញស៊ីដាច់តែម្ដង ដោយបានទាំងវាយកីឡាករកម្ពុជាអោយរាប់ដល់៨នោះផង។

អ្នកទស្សនាមានអារម្មណ៏ខកចិត្តគួរសមនៅពេលជើងខ្លាំង ឃីម បូរ៉ា វាយចេញមិនសូវរស់រវើកនិងច្រើនទម្លាក់ដៃឈប់ប្រកួតដោយយកលេសថាកីឡាករថៃធាក់ត្រូវប្រដាប់ការពាររបស់ខ្លួន។ កីឡាករថៃថ្វីដ្បិតតែបានសុំទោសចំពោះកំហុសឆ្គងរាល់ពេលកីឡាករកម្ពុជាចោទប្រកាន់ តែការបង្កើនសកម្មភាពវាយលុកគឺកាន់តែខ្លាំងជាងមុនក្នុងទឹកនីមួយៗ។

ក្នុងទឹកទី៣និងទី៤ កីឡាករថៃត្រូវគេឃើញទ្រោមខ្លួនណាស់ដែរ បន្ទាប់ពី ឃីម បូរ៉ា ប្រឹងវាយមួយប្រាវក្រោយការរិះគន់ បើទោះជាពេលបន្តបន្ទាប់កីឡាករថៃក៏នាំមុខវិញ។ ក្រោយការប្រកួតត្រួវបញ្ចប់ កីឡាករថៃត្រូវគេរំពឹងស្ទើរទាំងស្រុងថាឈ្នះពិន្ទុដោយមិនលំបាក ដោយសារតែក្នុងពេលប្រកួតគេមានលទ្ធផលនាំមុខ និងទី២គឺបានធ្វើអោលយ ឃីម បូរ៉ា រាប់ម្ដង។ ប៉ុន្តែផ្ទុយពីការគិតទុក គណៈកម្មការប្រដាល់បានអោយអ្នកទាំងពីរស្មើគ្នា ទើបធ្វើអោយអ្នកនៅទស្សនាស្រែកហ៊ោចំអកលាន់ដូចសំឡេងផ្គរ ខណៈដែលភាគីខាងថៃក៏បានប្រតិកម្ម។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតបានអះអាងថាការសម្រេចអោយស្មើជាភាពអយុត្តិធម៌។ លោកថាកីឡាកររបស់ខ្លួនគឺ Num Satoek វ៉ៃបានយ៉ាងល្អតាំងពីទឹកទី១ ហើយចំពោះលទ្ធផលស្មើគឺជារឿងមិនអាចទទួលយកបាន។

លោកនិយាយថា៖ “ឲ្យពិន្ទុចឹង ចេះតែឲ្យដែរ អាខៀវ (កីឡាករថៃ) គ្នាវ៉ៃអាក្រហមចង់ងាប់ ឲ្យស្មើគ្នាសមដែរ មើលៗ អាក្រហម(កីឡាករកម្ពុជា)វ៉ៃតបានប៉ុន្មាន?”។

លោកថាការផ្ដល់ពិន្ទុបែបនេះនឹងបណ្ដាលឲ្យកីឡាករថៃ ដែលលោកយកមកអស់ទឹកចិត្ត ហើយលែងចង់មកប្រកួត។ យ៉ាងណាក៏ដោយលោកថា ខ្លួនបានសម្រួលអារម្មណ៍របស់កីឡាករខ្លួនរួចហើយ បន្ទាប់ពីកីឡាកររូបនេះមិនសប្បាយចិត្តនឹងលទ្ធផលដែលបានប្រកាសឡើង។

ឆ្លើយតបនឹងប្រតិកម្មនេះ លោក ញាណ សុធី អ្នករៀបការប្រកួតបានអះអាងថាលោកមិនដឹងពីបញ្ហាបច្ចេកទេសក្នុងការផ្ដល់ពិន្ទុនោះទេ ប៉ុន្តែលោកថាហេតុផលដែលនាំឲ្យកីឡាករទាំងស្មើគ្នាទាំងមិនទំនងបែបនេះគឺបណ្ដាលមកពីកីឡាករកម្ពុជាត្រូវបានគេសង្ស័យថាមានអ្នកទិញទឹកចិត្ត។

លោកថា បូរ៉ា បើវាយឲ្យអស់ដៃគឺនឹងល្អជាងនេះ ប៉ុន្តែលោកមានដំណឹងថាមានអ្នកចង់ឲ្យមានលទ្ធផលមិនប្រក្រតីកើតឡើង ទើបសម្រេចអោយស្មើដើម្បីបញ្ចប់បញ្ហា។

លោកនិយាយថា៖ “គូហ្នឹងបើតាមខ្ញុំដឹង គឺមកពីធំក្លិនមិនល្អ (មានគេទិញកីឡាករកម្ពុជា) ទើបយើងសម្រេចអោយស្មើ ”។

លោកថាបើឲ្យកីឡាករថៃឈ្នះ គឺមិនខុសពីរុញឲ្យអ្នកទិញទឹកចិត្តកាន់តែមានមោទនភាព និងជំរុញឲ្យកីឡាករដែលត្រូវគេទិញដូរមានឱកាសធ្វើត្រីងៀងឆ្លៀតពង។

កីឡាករ ឃីម បូរ៉ា បានច្រានចោលចំពោះការចោទថារបស់អ្នករៀបចំការប្រកួតនិងបានបញ្ជាក់ថាហេតុផលដែលខ្លួនមិនសូវបានល្អ គឺមកពីរេញរអិលនិងបណ្ដាលមកពីកីឡាករថៃវាយត្រូវតែប្រដាប់ការពាររបស់ខ្លួន ធ្វើឲ្យខ្លួនមិនចង់ប្រកួតជាមួយនាពេលប៉ុណ្ណោះ។

យ៉ាងណាក៏ដោយគេកត់សម្គាល់ថាលោកមិនសូវសប្បាយចិត្តចំពោះលទ្ធផលអោយស្មើ បើទោះជាភាពជាក់ស្ដែងគឺកីឡាករថៃមានប្រៀបឈ្នះដាច់។

លោក ថៃ អូ បានឆ្លើយតបថា ទោះជាសង្ស័យរឿងអ្នកណាទិញទឹកចិត្តអ្នកណាក៏ដោយ ក៏កីឡាករដែលប្រកួតបានល្អគួរតែត្រូវអោយឈ្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ