វិភាគ៖ ការធ្វើច្បាប់ឲ្យបរទេសដែលមិនចេះខ្មែរសោះបោះឆ្នោតបានជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាទេ?

ជម្លោះនយោបាយបានកើតឡើងជាហូរហែនៅកម្ពុជា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

អ្នកនយោបាយដែលមិនមានសំឡេងឈ្នះដាច់សម្រាប់ឡើងទៅកាន់អំណាចគ្រប់គ្រងប្រទេស តែងតែស្តីបន្ទោសស្ថាប័នអាជ្ញាកណ្តាលមួយ ដែលទទួលបន្ទុករៀបចំកិច្ចកានេះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ថ្វីត្បិតតែពេលនេះ គ.ជ.ប ត្រូវបានគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានអាសនៈក្នុងសភាបានមូលមាត់គ្នាធ្វើកំណែទម្រង់ទាំងក្បាលម៉ាស៊ីនដឹកនាំនិងនីតិវិធី រួមទាំងច្បាប់ថ្មីមួយចំនួនក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួននៅតែចោទសួរថា តើការបោះឆ្នោតនៅអាណត្តិក្រោយ ក្រោយពីអ្នកនយោបាយជួបឆ្នោតបានធ្វើកំណែទម្រង់នេះអាចនឹងប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានជម្លោះនយោបាយដូចពេលមុនទេ។

ការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ គណបក្សប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារលើកិច្ចការបោះឆ្នោតលើកឡើងថា មានភាពមិនប្រក្រតីជាច្រើនអំឡុងពេលបោះឆ្នោតដូចជាបញ្ហាទឹកថ្នាំជ្រលក់ដៃលប់ជ្រះ បញ្ជីឈ្មោះហើមប៉ោង (ឈ្មោះស្ទួន) ជនជាតិវៀតណាមចូលបោះឆ្នោតដែរ។

ពេលនោះមណ្ឌលបោះឆ្នោតមួយចំនួនដូចជានៅស្ទឹងមានជ័យ នៅក្រុងតាខ្មៅ និងនៅស្រុកស្អាង ខេត្តកណ្តាល បានបិទមុនម៉ោងកំណត់ ដោយសារមានពលរដ្ឋខ្មែរចេញមុខរារាំងពលរដ្ឋវៀតណាមមិនឲ្យបោះឆ្នោត ហើយកើតជម្លោះតានតឹងឡើង។

ក្រោយការបោះឆ្នោតគណបក្សសង្គ្រោះជាតិជាបក្សប្រឆាំង បានធ្វើពហិកាមិនចូលប្រជុំសភាជិត១ឆ្នាំប្រឆាំងនឹងលទ្ធផលបោះឆ្នោត បើទោះបីខ្លួនបានកើនសំឡេងគាំទ្ររហូត៥៥ក៏ដោយ។

ចំណែកគណបក្សប្រជាជនកម្ពុជាដែលជាបក្សគ្រប់គ្រងអំណាចពេលនោះបានថយចុះ២២អាសនៈវិញ ក្នុងចំណោមអាសនៈសរុប១២៣។

នៅពេលនេះទៀតសោធ គ.ជ.ប ដែលកើតថ្មីនោះ ប្រកាសពីយន្តការចុះធ្វើបញ្ជីបោះឆ្នោតថ្មីតាមបែបបច្ចេកវិទ្យាទំនើបចាប់ពីដើមខែក្រោយនេះទៅ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ និងជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ។

ប៉ុន្តែអ្វីដែលមជ្ឈដ្ឋានមួយចំនួននៅតែព្រួយបារម្ភនោះគឺវត្តមានជនបរទេស ពិសេសជនជាតិវៀតណាម ថាតើពួកគេអាចនឹងទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំខ្មែរតាមរយៈច្បាប់បោះឆ្នោតថ្មីនេះដូចអ្វីដែលពលរដ្ឋធ្លាប់ជួបប្រទះនាពេលមុនៗទេ?

នៅក្នុងសិក្ខាសាលាស្តីពីការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅថ្ងៃទី១២ខែសីហា លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថាជនបរទេសដែលមិនចេះនិយាយភាសាខ្មែរសោះ ក៏អាចចុះឈ្មោះនិងបោះឆ្នោតបាន លោកថាឲ្យតែអ្នកទាំងនោះមានឯកសារគ្រប់គ្រាន់ដូចជាសញ្ជាតិ អត្តសញ្ញាណប័ណ្ណខ្មែរ។

លោកថា៖ “ខ្ញុំមិនសំដៅទៅលើយួន ខ្ញុំមិនសំដៅទៅលើជនជាតិបារាំងឬក៏អង់គ្លេសផ្សេងទៀតដែលមិនចេះនិយាយខ្មែរទេ។ បើសិនជាគាត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសញ្ជាតិខ្មែរ គឺគាត់អាចទៅចុះឈ្មោះបាន  ដោយច្បាប់បោះឆ្នោតមិនតម្រូវឲ្យអ្នកចុះឈ្មោះបោះឆ្នោតត្រូវចេះនិយាយខ្មែរច្បាស់ [ទេ]។ ច្បាប់ស្តីពីការបោះឆ្នោតបញ្ជក់ថា ការចុះឈ្មោះបោះឆ្នោតត្រូវបានទៅលើប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលបំពេញគ្រប់លក្ខខណ្ឌ សញ្ជាតិ អាយុ និងទីលំនៅ ប៉ុន្តែមិនបញ្ជាក់ពីការនិយាយខ្មែរច្បាប់ឬមិនច្បាស់ទេ

ម្យាងវិញទៀតលោកនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងជារឿយៗ ពេលមានខ្លួនមានវិវាទនយោបាយជាមួយបក្សប្រឆាំងថា បរទេសណាក៏ដោយមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ដោយលោកអះអាងថា កម្ពុជាមានអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។

តើបរទេសដែលមិនចេះនិយាយភាសាខ្មែរសោះ អាចបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំខ្មែរបាន អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទេ?

សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងអ្នកវិភាគព្រឹត្តិការណ៍សង្គមបង្ហាញការយល់ឃើញផ្សេងៗគ្នាលើករណីនេះ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលលោក គល់ បញ្ជា លើកឡើងថាតាមច្បាប់បោះឆ្នោតការអះអាងរបស់មន្ត្រី គ.ជ.ប លោកថាជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកថា បើពិនិត្យទៅលើច្បាប់សញ្ញាតិនិងប្រកាសរបស់ក្រសួងមហាផ្ទៃលោកថា គ.ជ.ប អាចមានសិទ្ធិសង្ស័យក្នុងការស្វែងរកការពិតនៃការធ្វើឯកសាសម្រាប់ការបោះឆ្នោតនេះ។

លោកថា៖ «អញ្ចឹងយោងតាមរឿងពីរហ្នឹង ខ្ញុំថា គ.ជ.ប មានសិទ្ធិ មានសិទ្ធិសង្ស័យថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជនបរទេសមិនចេះខ្មែរហ្នឹងអាចមិនមែនជាអត្តសញ្ញាណប័ណ្ណផ្លូវការពិតប្រាដក។ ហើយឥឡូវដូចជាឯកសាដែលគេចង់ធ្វើដូចជាអត្តសញ្ញាណប័ណ្ណ ធ្វើស្អីៗនេះ គេកូពីខូល័រ(ព៌ណ)ដូចសំណៅដើមអញ្ចឹង។អញ្ចឹងទៅ គ.ជ.ប អាចមានសិទ្ធិសង្ស័យ ហើយការសង្ស័យអ្នកហ្នឹង យើងអាចឲ្យជនបរទេសហ្នឹងទៅរកការបញ្ជាក់មកថា អត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹង ពិតជាពិតមែន។ ប៉ុន្តែរឿងសង្ស័យហ្នឹង យើងកុំយកនីតិវិធីហ្នឹងទៅដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលគ្នានិយាយមិនច្បាស់ហ្នឹង យើងយកតែនីតិវិធីណាដែលជនសង្ស័យជាបរទេសដែលមិនចេះនិយាយខ្មែរ»

ច្បាប់ស្តីពីសញ្ជាតិត្រូវបានកំណត់ដោយព្រះរាជក្រម។ ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ មានឡាយព្រះហស្តលេខាដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ អមដោយហត្ថលេខារបស់ប្រមុខរាជរដ្ឋាភិបាល មាត្រា៥នៃច្បាប់ចែងថា បែបបទនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរត្រូវកំណត់ដោយអនុក្រឹត្យ។

អនុក្រឹត្យត្រង់ជំពូក៣មាត្រា៨ចែងថា ការផ្តល់សញ្ជាតិខ្មែរតាមករណីទាមទារសញ្ជាតិខ្មែររបស់ជនបរទេសជាបុរសឬស្ត្រី ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីមានសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ម្យ៉ាងវិញទៀតមាត្រា៨នៃច្បាប់នេះក៏បានចែងដែរថា ជនបរទេសដែលអាចសុំចូលសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ៦ចំណុចដូចជា៖

  • មានលិខិតបញ្ជាក់ថាមានគំនិតមារយាទនិងសីលធម៌ល្អ ដែលចេញឲ្យដោយមេឃុំឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួន។
  • មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំមានទោសពីបទព្រហ្មទណ្ឌណាមួយ។
  • មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍។
  • មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតូប។
  • ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះ។ ហើយបង្ហាញភស្តុតាងច្បាស់ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់និងប្រពៃណីល្អរបស់ខ្មែរ។
  • មានបញ្ញានិងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។

ប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទីទី២៩ខែកក្កដាឆ្នាំ២០១៥ប្រការ៨ចែងថា ត្រូវបានដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបណ្តោះអាសន្ននិងឬជាស្ថាពរក្នុងករណីជនដែលមានសលក្រមឬសាលដីការបស់តុលាការបង្គាប់ឲ្យដកហូត និងជនគ្មានសញ្ជាតិខ្មែរ តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ប្រធានវេទិកាអនាគតនិងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ វិភាគថាការដែល គ.ជ.ប ឲ្យបរទេសមិនចេះខ្មែរសោះចូលរួមបោះឆ្នោតបាន លោកថាមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ បើជនបរទេសនោះបានបំពេញលក្ខខណ្ឌចូលសញ្ជាតិត្រឹមត្រូវតាមច្បាប់។

ប៉ុន្តែលោក អ៊ូ វីរៈ វិភាគថាបញ្ហាដែលមជ្ឈដ្ឋានមួយចំនួនរួមទាំងអ្នកនយោបាយមិនកាន់អំណាចផងព្រួយបារម្ភតៗគ្នានោះ គឺវត្តមានជនជាតិវៀតណាមនៅកម្ពុជា ទាំងថ្មី ទាំងចាស់ទៅវិញទេ ដែលពួកគេគិតថាអាចទៅបោះឆ្នោតបាននោះ។

ប៉ុន្តែលោក អ៊ូ វីរៈ វិភាគថាការព្រួយបារម្មណ៍តៗគ្នា ដោយគ្មានការវិភាគគ្រប់ជ្រុងជ្រោយទៅវិញទេ ដែលលោកថាជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៅវិញនោះ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថាផ្អែកតាមប្រវត្តិសាស្ត្រ កម្ពុជាបាត់បង់ទឹកដីដោយសារការហូរចូលជនអន្តោប្រវេសខុសច្បាប់មករស់នៅលើទឹកដីកំណើតរបស់ខ្លួន។

លោក វង់ សុធារ៉ា វិភាគទៀតថា នៅសម័យបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្នទៀតសោធលោកថា បើការអនុវត្តច្បាប់នៅតែមិនអាចទប់ស្កាត់បាន ហើយឈានទៅបង្កលក្ខណៈងាយស្រួយឲ្យជនអន្តោប្រវេសទាំងនោះមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំទៀតនោះ លោកជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៅថ្ងៃខាងមុខ។

លោកថា៖ «យើងបាត់ទឹកបាត់ដីកន្លងទៅដោយសារអី ដោយសារតែអន្តោប្រវេសន៍ហូរចូលមករស់នៅលើទឹកដីហ្នឹងឯង។ កាលណាមកកាន់តែច្រើនៗទៅ ម្ចាស់ប្រទេសរបស់ពួកអន្តោប្រវេសន៍ដែលមានសញ្ជាតិដូចគ្នាហ្នឹង គេនឹងអាចមកដាក់កងកម្លាំង បែបបទរដ្ឋបាលអី របស់ប្រជាជនគេនៅលើប្រទេសយើង ដល់យូរៗទៅយើងវាបាត់ដីបាត់អី មិនថានៅជាមួយថៃ មិនថានៅជាមួយវៀតណាម យើងវាបាត់ដោយសាអញ្ចឹង។ ដូច្នេះបើប្រទេសមួយនៅតែបណ្តែតបណ្តោយឲ្យអន្តោប្រវេសន៍ ហូរចូលមកដោយខុសច្បាប់មិនឈប់ឈរ អាហ្នឹងចង់មិនចង់ធ្វើឲ្យប៉ះពាល់ដល់បញ្ហានយោបាយជាមិនខានទេ»

បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា រដ្ឋាភិបាលមិនត្រឹមតែទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុសច្បាប់ទេ លោកថារដ្ឋាភិបាលត្រូវពង្រឹងក្រសួងអប់រំ ធ្វើយ៉ាងណាឲ្យកូនចៅជនបរទេសទាំងអស់ទៅចូលរៀនសាលាខ្មែរ ដើម្បីឲ្យពួកគេដឹងពីប្រវត្តិសាស្ត្រខ្មែរ ជាជាងជនជាតិចិនមានសាលារៀនចិនរៀនសិក្សាពីវប្បធម៌ចិន វៀតណាមរៀនសាលាវៀតណាមសិក្សាពីប្រវត្តិសាសន៍វៀតណាម។

លោកថាច្រើនឆ្នាំទៅមុខកម្ពុជានឹងប្រឈមខ្លាំងជាងនេះ ដោយសារតែអ្នករស់នៅលើទឹកដីកម្ពុជាតែមួយ តែយល់ឃើញពីប្រវត្តិសាស្ត្រនិងបូរណភាពទឹកដីខុសគ្នា។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានថ្លែងថា លំហូរចូលរបស់ជនបរទេសមករស់នៅក្នុងប្រទេសបានកើនឡើងគួរឲ្យគត់សម្គាល់ ដែលក្នុងនោះមានជនជាតិវៀតណាមរហូតដល់ទៅ៩៥ភាគរយ។

របាយការណ៍ជំរឿនក្នុងឆ្នាំ២០១៤ បានបង្ហាញថាជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ១៦ម៉ឺននាក់ ចំនួននេះគិតត្រឹមអត្រា៧០ភាគរយប៉ុណ្ណោះ។

ទាក់ទិននឹងជនជាតិវៀតណាមនេះ លោកនាយករដ្ឋមន្ត្រីអះអាងថាចំនួនជនជាតិវៀតណាមស្របច្បាប់និងខុសច្បាប់នៅកម្ពុជាមានចំនួន១០ម៉ឺននាក់។ តែគណបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិលរកឃើញថា វៀតណាមស្នាក់នៅកម្ពុជាមានជាង១លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ