អង្គការចំនួន៦៥ទទូចឲ្យដោះលែងអ្នកស្រី ទេព វន្នី ជាបន្ទាន់

បណ្ដុំអង្គការសង្គមស៊ីវិលជាច្រើនទទូចឲ្យអាជ្ញាធរដោះលែងតំណាងសហគមន៍បឹងកក់ជាបន្ទាន់ ដោយពួកគេហៅការបន្ដឃុំខ្លួនអ្នកស្រី ទេព វន្នី ថាបង្ហាញភាពអយុត្តិធម៌ធ្ងន់ធ្ងរ និងជាការរំលោភសិទ្ធិមនុស្ស។

ក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃទី១៥សីហានេះ ចំខួបមួយឆ្នាំនៃការឃុំខ្លួន អ្នកស្រី ទេព វន្នីអង្គការជាតិ និងអន្ដរជាតិចំនួន៦៥ស្ថាប័ន បានទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់ និងដោះលែងស្ដ្រីសកម្មជនដីធ្លីរូបនេះ ឲ្យមានសេរីភាពឡើងវិញ​ ដោយពួកគេចាត់ទុកការបន្ដឃុំខ្លួននោះថា ធ្វើឡើងដោយគ្មានភស្ដុតាង បង្កប់ដោយហេតុផលនយោបាយ និងមានភាពអយុត្តិធម៌ធ្ងន់ធ្ងរ។

ស្របពេលខួបឆ្នាំនៃការឃុំ ខ្លួន អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់ប្រមាណ៣០នាក់ នៅថ្ងៃអង្គារនេះ ក៏បានដាក់ញត្តិរបស់ពួកគេជាថ្មី ទៅបណ្ដាស្ថានទូត នានាប្រចាំនៅកម្ពុជា ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាល​ឲ្យ​ដោះលែង​ស្រ្តីជាម្ចាស់ពានរង្វាន់«ស្រ្តីឆ្នើមរបស់ពិភពលោក»មួយនេះ។

មន្រ្តីស្ថានទូតមួយចំនួន ដូចជា ស្ថានទូតអូស្ដ្រាលី ស្ថានទូតជប៉ុន និងសហភាពអឺរ៉ុប បានទទួលញត្តិពីអ្នកបឹងកក់ ហើយសកម្មជនទាំងនោះក៏បន្ដដាក់ញត្តិទៅស្ថានទូតផ្សេងទៀត ដោយថា នឹងដាក់ឲ្យបាន១០កន្លែង។

ការទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី នេះ គឺក្រោយពីសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៨សីហាកន្លងទៅនេះ បានសម្រេចតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយផ្ដន្ទាទោសអ្នកស្រី ទេព វន្នី ចំនួន២ឆ្នាំកន្លះ ក្រោមបទចោទប្រកាន់ថា «ប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ» នៅក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

តំណាងសហគមបឹងកក់គឺ អ្នកស្រី បូវ សោភា ឲ្យអ្នកសារព័ត៌មានដឹងថា ប្រជាសហគមន៍បឹងកក់ មានការឈឺចាប់ និងអស់ជំនឿលើប្រព័ន្ធតុលាការនៅស្រុកខ្មែរ ដោយថា ស្ថាប័នកំពូលមួយនេះ ហាក់កំពុងអនុវត្តច្បាប់​ មានស្ដង់ដារពីរ រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋក្រីក្រ។

អ្នកស្រីថា៖ «ស្ថាប័នតុលាការ ពីស្ថាប័នមួយ ដែលមិនឯករាជ្យ ដែលជាស្ថាប័នធ្វើបាបប្រជាពលរដ្ឋ ជាការបញ្ជារបស់ថ្នាក់ដឹកនាំដែលមានអំណាចនៅពីក្រោយខ្នង ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះឈឺចុកចាប់ពីដីធ្លីហើយឈឺចុកចាប់ពីប្រព័ន្ធតុលាការ […] ក្ដីរំពឹងរបស់ពួកខ្ញុំ គឺចង់បញ្ជាក់ទៅប្រាប់អង្គទូតនានាថា ប្រទេសកម្ពុជា មិនមានការគោរពសិទ្ធិមនុស្ស ជាពិសេសគឺប្រព័ន្ធតុលាការធ្វើប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ នៅតែរក្សាជំហរច្រាលចោលការលើកឡើងនេះ ដោយថា តុលាការបានសម្រេចត្រឹមត្រូវតាមនីតិវិធីច្បាប់ និងពុំស្ថិតក្រោមឥទ្ធិពលនយោបាយឡើយ។

លោកថា៖ «វាគ្មានទេ ការកាត់ក្ដី អ្នកណាទៅកាត់ក្ដីក្រោមឥទ្ធិពលនយោបាយ គេកាត់ទៅតាមផ្លូវច្បាប់ ទៅតាមនីតិវិធី បើសិនបុគ្គលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដូចបញ្ញត្តិដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ គាត់ត្រូវទទួលទោសតាមផ្លូវច្បាប់ហើយ»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួន កាលពីខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអង្គការអាដហុក​​ និងស្វែងរកយុត្តិធម៌ជូនអ្នកវិភាគនយោបាយ លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទពីបទជេរប្រមាថ និងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» លើក្រុមសន្តិសុខខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ