ពលរដ្ឋខេត្តក្រចេះជំរុញរដ្ឋាភិបាលពន្លឿនដោះស្រាយវិវាទដីធ្លី

ពលរដ្ឋប្រមាណ២០នាក់ តំណាងឲ្យអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UBE Development ក្នុងស្រុកស្នួល ខេត្តក្រចេះ ឡើងមកប្រមូលផ្ដុំគ្នានៅក្រសួងដែនដីនៅថ្ងៃនេះ ដើម្បីជំរុញទៅក្រសួងពន្លឿន ការដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ។

លោក ភាន សុភាព ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា អ្នកភូមិ៤២គ្រួសារបានមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UBE Developlment ចាប់តាំងពីឆ្នាំ២០១២មកម៉្លេះ ជុំវិញដីទំហំ៣០២៨ហិកតា។

លោកបន្តថា កន្លងមកពលរដ្ឋធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត ប៉ុន្តែមិនបានដំដោះស្រាយទេ ហើយថាពេលដែលពួកគេតវ៉ាតែងតែងរងការគំរាមកំហែងពីសំណាក់កំលាំងសមត្ថកិច្ចការពារក្រុមហ៊ុន។

លោកបន្ថែមថា «អាជ្ញាធរខាងខេត្ត ខាងស្រុកហ្នឹង គេដាក់កំលាំងរារាំងប្រជាពលរដ្ឋមិនឲ្យចូលម្ចាស់ដីម្ចាស់ចំការមិនឲ្យចូល ដល់ថ្នាក់គំរាមប្រមាថថា បើសិនហ៊ានចូលទៅធ្វើ គេចាប់ដាក់គុក ខាងសមត្ថកិច្ចប៉េអឹម ដែលយាមការពារក្រុមហ៊ុនហ្នឹង។ ប្រជាពលរដ្ឋដែលប៉ះពាល់ដំបូងបង្អស់ហ្នឹង គឺ៨២គ្រួសារ ហើយអ្នកខ្លះគេអស់សង្ឃឹមគេបោះបង់ចោលទៅ និងខ្លះគេដោះស្រាយនៅសល់៦៧គ្រួសារ ហើយគេដោះស្រាយបណ្តើរៗទៀតមកដល់ឥលូវសល់ជាង៤០គ្រួសារ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី គង់ ស្ថានី និយាយថា គ្រួសារគាត់បានទៅរស់នៅ និងបង្កបង្កើនផលលើដី មានទំនាស់នោះតាំងពីឆ្នាំ១៩៩៧ម៉្លេះ ដោយបានកាន់កាប់ដីទំហំ៥ហិកតា។

អ្នកស្រីបន្តថា ចាប់តាំងពីមានជម្លោះជាមួយក្រុមហ៊ុន គ្រួសារអ្នកស្រីមិនបានបង្កបង្កើនផលលើដី នោះឡើយ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារទៀតផង។

អ្នកស្រីបន្ថែម «ពួកខ្ញុំខានធ្វើស្រែលើដីនោះ៧ទៅ៨ឆ្នាំហើយតាំងពីគេយកមក ដល់អញ្ចឹងគ្មានស្រែគ្មាន ចំការធ្វើ ជំពាក់លុយគេក៏ជំពាក់ ជីវភាពដុនដាបណាស់បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក»

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ហេង រ៉ាន បានបញ្ជាក់ប្រាប់ទៅក្រុមតំណាងប្រជាពលរដ្ឋថា ក្រសួងនឹងចុះដោះស្រាយជម្លោះដីធ្លីនេះជូនប្រជាពលរដ្ឋនៅដើមខែកញ្ញាខាងមុខនេះ។

តែយ៉ាងណាក្រុមពលរដ្ឋអះអាងថា ប្រសិនមិនមានដំណោះស្រាយសមរម្យសម្រាប់អ្នកភូមិទេ ពួកគេនឹងនាំគ្នាឡើងតវ៉ាដល់ក្រសួងជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ