ជប៉ុន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជាហើយសន្យា​បន្តជួយ

ជប៉ុន​ទទួល​ស្គាល់​ថា ដំណើរការបោះ​ឆ្នោត​ឃុំ​សង្កាត់​​អាណត្តិទី៤កន្លងទៅនេះ​ មាន​ភាព​ប្រសើរនិងទទួល​បាន​ជោគជ័យ ហើយសន្យាបន្តជួយក្នុងការធ្វើកំណែទម្រង់លើភាពខ្វះខាតមួយចំនួន​ទៀត។

សេចក្តី​ប្រកាស​របស់​ គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​ថ្ងៃទី១៥ សីហា បាន​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ​ អគ្គនាយករងនៃការិយាល័យគោលនយោបាយបរទេសជប៉ុន និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិ លោក ម៉ាសាតូ អូតាកា បាន​ជួប​ប្រជុំ​ពិភាក្សាស្វែង​យល់​ពី​ការ​ធ្វើ​កំណែទម្រង់ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​មួយ​ប្រធាននិងអនុប្រធាន​ គ.ជ.ប គឺលោក ស៊ិក ប៊ុនហុក និងលោក គួយ ប៊ុនរឿន។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ខាង​ភាគីជប៉ុនថា​ខ្លួនទទួល​ស្គាល់​ភាព​ជោគជ័យលើការ​បោះ​ឆ្នោត​នេះ ហើយ​ថានឹង​បន្តធ្វើ​កិច្ច​សហការ ជួយ​ដល់​ ​គ.ជ.ប ក្នុង​ការចុះ​ឈ្មោះ​បោះ​ឆ្នោតនៅចុងឆ្នាំនេះ​ ព្រមទាំងដំណើរការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០១៨ខាង​មុខ​។

ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំនេះ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន បាន​ប្រាប់​វីអូឌីបន្ថែម​​នៅ​ថ្ងៃ​នេះ​ថា ជប៉ុនសន្យាជួយធ្វើកំណែទម្រង់លើការបោះឆ្នោតនៅពេលខាងមុខបន្ថែមទៀត។​ ទោះជាយ៉ាង​ណា ខាងភាគីជប៉ុន​នៅ​មិន​ទាន់​សម្រេច​ថា​ ជួយលើផ្នែកអ្វីខ្លះនៅឡើយទេ។​

លោក​មាន​ប្រសាសន៍ថា៖ «យើង​មិន​ទាន់​លំអិតទេ គេ​គ្រាន់​តែ​ថា​គេ​គាំទ្រ​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​កែទម្រង់ការរៀប​ចំការ​បោះ​ឆ្នោត និង​បន្ត​គាំទ្រ​ទាំង​ជំនួយ​បច្ចេកទេស និង​ជំនួយ​ស្មារតី។ យើង​ឥឡូវ​នេះ​ ដោយ​សារ​បាន​ធ្វើ​ការដោយ​បើក​ចំហ ហើយ​យើង​បាន​ធ្វើ​ការ​សហការ​ផ្ទាល់​ជា​មួយ​សហគមន៍អន្តរជាតិ ដូច្នេះយើង​នឹង​ប្រមូល​យក​គំនិត​យោបល់ ទាក់​ទង​ទៅនឹង​បញ្ហា​ទាំង​ឡាយ ទាក់​ទង​ការ​បោះ​ឆ្នោត​ដើម្បី​យក​មក​ធ្វើ​ជា​នីតិវិធី ឬសេចក្តី​ណែនាំនាពេល​ខាង​មុខ​ដើម្បី​ឲ្យ​មានភាព​ប្រសើរ»។

ប្រធាន​អង្គការនិកហ្វិច លោក សំ គន្ធាមី មាន​ប្រសាសន៍ថា កាល​ពី​ពេល​កន្លងទៅ គ.ជ.ប បានទទួល​ជំនួយ​ពី​ខាង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ នៅ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ គ.ជ.ប ធ្វើ​ឲ្យ​កំណែទម្រង់​ការ​បោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ និង​មាន​តម្លាភាព។ ​​ទន្ទឹម​នឹង​នេះ លោក គន្ធាមី ក៏​នៅតែ​ថា​ គ.ជ.ប ត្រូវ​ការ​ការកែ​លម្អ​ផ្សេងៗទៀត​ដែរ។

លោកថា៖ «សម្រាប់​ការ​បោះ​ឆ្នោតឆ្នាំ ២០១៨នេះ យើង​ឃើញ​មាន​ការ​ខ្វះខាត គឺអ្វីដែល​ត្រូវ​ការ​បន្ថែម​គឺ​ គ.ជ.ប ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម ​អប់រំ ដើម្បី​ឲ្យ​ពត៌មានបោះ​ឆ្នោត​នេះ​អាច​ទៅ​ដល់​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ហើយ​ព្រម​ទាំង​សហការ ជា​ពិសេស​សហការជា​មួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏ដូចជាគណៈបក្ស​នយោបាយ ដែល​ចូល​រួម​ប្រកួត​ប្រជែង ហើយ​ត្រូវ​ចូល​រួមតាម​ដាន​ពត៌មាន​បោះ​ឆ្នោត​នេះ​ឲ្យ​បានម៉ត់​ចត់ផង»។ ​

សព្វ​ថ្ងៃនេះ គ.ជ.ប បាន​និង​កំពុង​តែទទួល​ជំនួយនិងសហការ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជា​មួយអង្គការ​អន្តរជាតិ​មួយ​ចំនួន​ សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ឆ្នាំ​ក្រោយ មាន​ដូចជា សហភាពអឺរ៉ុប អង្គការ​ចៃកា​របស់​ជប៉ុន​ (JICA) អង្គការអាយហ្វេស​របស់​សហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ