បទយកការណ៍៖ អ្នកពាក់ព័ន្ធសង្ឃឹម​​តិចតួចសម្រាប់​កីឡា​ថ្មី ដែលនឹង​ចូលប្រកួត​លើក​ដំបូងនៅស៊ីហ្គេមលើកទី២៩

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:08 PM | បទយកការណ៍ | 0 | 997 លោក សេន ប៉ុនធឿន គ្រូ​បង្ហាត់កីឡាជិះ​ស្គីទឹកកកផង​និងជា​កីឡា​ករជំរើស​ជាតិ (ហ៊ាង សុគន្ធារី)

នៅលើ​ទីលាន​​លេង​ស្គីទឹកកក ​ឯផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ មនុស្ស​ម្នាជា​ច្រើន​កំពុង​តែ​ប្រយ័ត្ន​ប្រយែង ដើរ​លើ​ទឹក​កក ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ដួល ខណៈអ្នក​ខ្លះ​ចេះ​ដើរ​តិច​ៗ ​ហើយកំពុង​​នៅ​ហ្វឹក​ហាត់​បន្ត។

ដោយ​ឡែក នៅ​ចំកណ្តាល​ទីលាន​លេង​ស្គី​នេះ បុរស​ម្នាក់​មាន​មាឌស្តើង កម្ពស់​ខ្ពស់ កំពុងតែជិះ​ស្គី បង្វិល​ខ្លួន រាំតាម​ចង្វាក់​ភ្លេងយ៉ាង​ពិន​ប្រសប់។ បុរស​ម្នាក់​នេះ គឺជា​កីឡា​ករ​ជម្រើស​ជាតិផ្នែក ជិះ​ស្គី​លើ​ទឹកកក ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ ឬ ហៅ​ខ្លី​ថា ស៊ីហ្គេម​ លើក​ទី២៩ ខាង​មុខ​នេះ។

​ឆ្នាំ​នេះ កីឡា​ស៊ី​ហ្គេម នឹង​ប្រព្រឹត្តិ​ទៅ​ចំនួន១១ថ្ងៃ គឺពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី៣០សីហាឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លើក​​នេះ ​កម្ពុជា​សម្រេច​ដាក់​កីឡា​ចំនួន២៤ប្រភេទ ចូលធ្វើ​​ការ​ប្រកួត ក្នុង​ចំណោម​នោះ កីឡាថ្មី២ប្រភេទ ទើប​មាន​ឱកាស ចូល​​​ប្រកួតស៊ីហ្គេម​លើក​ដំបូងគឺ​ កីឡាជិះ​ទូក​ក្តោង និង កីឡាជិះ​ស្គី​លើ​ទឹកកក

បើ​តាម​វចនានុក្រម ពាក្យថា កីឡាជិះទូក​ក្តោង គឺជា​កីឡា​មួយ​ប្រភេទ​ដែល​អ្នក​លេង ​ជិះទូកដែល​មាន​ក្តោង ហើយ អ្នក​លេង​ប្រើ​ក្តោង​នេះ សម្រាប់​ឲ្យ​ទូក​មាន​ល្បឿន និងសម្រាប់​កាច់​ចង្កូត​ផង។​ ចំណែក កីឡាជិះ​ស្គី​ទឹក​កក គឺជា​កីឡា​មួយ​ប្រភេទ ​ដែល​អ្នក​លេង មានពាក់​ស្បែក​ជើង​ដែក​ស្តើង​ដែលប្រើ​សម្រាប់​ពាក់​​ដើរ​លើ​ទឹក​កក ប្រកួត​ដើរ​ និង ធ្វើ​ចលនាឲ្យ​បាន​លឿន ឬ រាំលោត ​នៅ​លើ​ទឹក​កក ទៅតាម​វិញ្ញាសាផ្សេងៗ។​

ជា​គ្រូ​បង្ហាត់កីឡាជិះ​ស្គីទឹកកកផង​និងជា​កីឡា​ករជំរើស​ជាតិ​ផង លោក សេន ប៉ុនធឿន ព្រម​នឹង​មិត្តភក្តិគឺ​ លោក ខៀវ បញ្ញា ឲ្យដឹងថា ​ពួកគាត់​ទាំង​ពីរ​មាន​ភាព​មមាញឹក ក្នុង​រយៈពេល​ថ្មីៗនេះ ព្រោះត្រូវ​បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ល្អ ពិសេស​ពេល​វេលាហ្វឹក​ហាត់​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​។

ស្ថិត​ក្នុង​វ័យ២៧ឆ្នាំ មាន​មាឌ​ស្តើង ខ្ពស់ លោក ប៉ុនធឿន ថា​ខ្លួន​ចូល​ចិត្ត​កីឡា​នេះ ​តាំង​តែ​ពី​ពេល​គេ​បើក​លេង​ដំបូងនៅប្រទេស​ខ្មែរ​​ម្ល៉េះ ហើយ​លោក​ខំ​ប្រឹង​ស្វែង​រក​គ្រប់​មធ្យោបាយ​ ដើម្បី​បាន​ហាត់​កីឡានេះ។ លោក​ថា ពេល​ហាត់​កីឡាជិះ​ស្គី​ទឹក​កក​​​លើក​ដំ​បូង លោក​មាន​ការ​លំបាក ដោយ​ថា លោក​ត្រូវ​ឈរ​នៅ​លើ​ទឹក​កក​រាប់​ម៉ោងពេល​លេង​កីឡា​ ស្រពេលចាញ់​អាកាសធាតុផង។ លោក​ប្រាប់​ថា ​អ្នក​លេងត្រូវ​ការមាន​សមត្ថភាព​រក្សា​លំនឹង​ខ្លួន​ឲ្យ​បាន​ល្អ​ ហើយ​​ត្រូវ​ប្រយ័ត្ន​ខ្លាំង​បំផុត​ព្រោះ​ខ្លាច​ដួល មាន​គ្រោះថ្នាក់​។ លោក​បន្ត​ថា ការ​ហ្វឹក​ហាត់​នៅ​ប្រទេស​យើង​នៅ​មិន​ទាន់​ល្អ​ប៉ុន្មាន ព្រោះខ្វះកន្លែង​ហាត់ ហើយឧបករណ៍​ហាត់​ដូចជា​ស្បែក​ជើង​ស្គី ឬ ខ្សែរសម្រាប់​តោង​ហាត់ក៏​មាន​មិន​គ្រប់​គ្រាន់​ផង​។ ​

មិន​ខុសគ្នាប៉ុន្មាន​​ពី​លោក ប៉ុនធឿន លោក ខឿវ​ បញ្ញា ជា​កីឡា​ករ​ម្នាក់ទៀត ​ដែល​នឹង​រួម​ដំណើរ​ទៅ​ប្រកួត​ស៊ីហ្គេម ក៏​មាន​បទពិសោធប្រហាក់​ប្រហែល​ទៅ​នឹង​មិត្ត​ភក្តិ​របស់​ខ្លួន​ដែរពេល​លេង​ស្គី​ដំបូង។ លោក​ថា ទម្រាំតែ​បាន​មក​ឈរ​នៅ​តំណាក់​កាល​នេះ មិន​មែន​ជា​រឿងងាយ​ស្រួល​ទេ ព្រោះ​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​ជាប់​មក​រហូត។ ដើម្បី​ត្រៀម​ខ្លួន​ទៅ​លេង​ស៊ី​ហ្គេម​នេះ លោកថា ពួក​គាត់ត្រូវថែរ​ខ្លួន​ឲ្យ​បាន​ល្អ ជៀសវាងគ្រោះ​ថ្នាក់ ដៃជើង មិន​ឲ្យ​គ្រេចថ្លស់​ជាដើម។

ទាំង​លោក ប៉ុនធឿន និង លោក បញ្ញា បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ដោយ​សារ​តែ​កីឡា​នេះ គឺជា​កីឡា​ថ្មី និងទើប​តែ​ដាក់​ចូល​ជា​កីឡាអូឡាំពិក​ជំរើស​ជាតិផង ពួក​លោក​មិន​សូវ​មាន​ទំនុក​ចិត្ត​ប៉ុន្មាន​ក្នុងការ​ដណ្តើម​យក​មេដាយទេ តែ​ពួក​លោក​ថា ​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​មួយ​នេះ។

លោក​ ប៉ុនធឿន ​ថា៖ «ស្គីទឹក​កក យើងទើប​តែ​មាន​ប៉ុន្មាន​ឆ្នាំ ហើយ​ប្រទេស​ផ្សេង​ គេ​មាន​យូរ​ហើយ គេចូល​អូឡាំពិក​តាំង​តែ​ពី​ខ្ញុំ​ចាប់​ផ្តើម​លេង​ស្គី ហើយ​យើង​ទើប​នឹង​ចូល បើ​សង្ឃឹម​ គឺ​យើង​មិន​សង្ឃឹម​ប៉ុន្មានទេ តែ​យើង​នឹង​ខំ​ប្រឹង​ឲ្យ​អស់​លទ្ធភាព»។

ដោយ​ឡែក កីឡា​ថ្មីមួយ​ប្រភេទទៀតគឺ កីឡាទូក​ក្តោង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែសីហាឆ្នាំ២០១៥ ជា​កីឡា​អូឡាំពិក ​ដែលកម្ពុជា​មិន​ធ្លាប់​ទៅ​ប្រកួតនៅ​ក្រៅប្រទេស​ពីមុន​មក​ទេ។ បើតាម​គេហទំព័រ​ផ្លូវការ​របស់ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា កីឡា​ករទូក​ក្តោង​ ដែល​នឹង​ទៅប្រកួត​ស៊ីហ្គេមមាន​ចំនួន៣នាក់ ដែល​សព្វថ្ងៃកំពុង​តែ​ទទួល​ការ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន និង ប្រទេស​ថៃ។ កីឡាករទាំង៣នាក់មាន កីឡាករ សូត្រ មេសា កីឡាករ ហៀង សុខហេង អាយុ១៥ឆ្នាំ ជាកីឡាករ​ប្រកួត​ក្នុង​វិញ្ញាសាជិះក្តាលើ​រលក (Windsurfing) និង កីឡាករ ឌុច ប៊ុនធឿន ដែលជានាវិកប្រចាំមូលដ្ឋានកងទ័ពជើងទឹករាមមានអាយុ៣៣ឆ្នាំ ប្រកួត​កីឡា ជិះទូក​ក្តោង​ (Laser Radial)។

ស្ថិតក្នុង​វ័យ១៥ឆ្នាំ លោក សូត្រ មេសា ​ប្រាប់វីអូឌី​​ថា លោក​នឹង​ចូល​រួម​ប្រកួតកីឡា ជិះក្តា​លើរលក (Windsurfing) ក្នុង​ស៊ីហ្គេម​ខាង​មុខ ហើយ​ថា ការ​ហាត់​មាន​ភាព​លំបាក ​និង​ត្រូវ​ការភាព​អត់ធ្មត់​ច្រើន។ លោក​ថា ពេល​ហាត់​នៅ​ប្រទេស​ចិន​នេះ លោក​ត្រូវ​ការ​សម្រប​ខ្លួន​ខ្ពស់​ជា​មួយ​អាកាសធាតុ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​រលក និង​ចលនា​របស់​ទឹក​សមុទ្រ ដោយថា វាអាច​មាន​គ្រោះថ្នាក់ ឬខកខាន​មិន​អាចហាត់​បាន ​បើ​ស្ថានភាព​រលក​មិន​ល្អ ឬ មាន​ព្យុះពេល​ខ្លះ។ ​

មិន​ខុសពីកីឡាករស្គីទឹកកក លោក សូត្រ​ មេសា មានប្រសាសន៍ថា​ ខ្លួន​មាន​សង្ឃឹម​តិច​តួច​ក្នុង​ការទទួល​បាន​មេដាយ តែ​លោកថា លោក​មាន​ភាព​ជឿជាក់​ថា​ នឹង​អាច​ធ្វើ​បានយ៉ាង​ហោច​ណាស់ក៏​បាន​កម្រិត​មធ្យម​ដែរ។

ចំពោះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា​អ្នក​ដឹក​នាំ​ក្រុម​កីឡាករទាំងអស់​របស់​កម្ពុជាទៅ​ប្រកួត​ស៊ីហ្គេម​ លោក រ៉ាត់ ចំរើន បាន​មាន​ប្រសាសន៍ថា កីឡាស្គីទឹកកក និង កីឡាទូក​ក្តោង​នេះ គឺជា​ប្រភេទ​កីឡា ដែល​កំពុង​មាន​ការ​រីក​ចម្រើន និងមានសកម្មភាព​មួយ​ចំនួន​មក​ហើយ តែ​លោក​ថា កីឡាទាំង​នេះ ​មិនទាន់មាន​លទ្ធភាពអាច​​ទៅ​យក​មេដាយ​​ក្នុង​ការ​ប្រកួត​បាន​ទេ។

លោក​ថា៖ «កីឡា​មាន​បី​ប្រភេទ គឺ កីឡាមាន​សក្តានុពល កីឡាដែល​អាច​ឈាន​ទៅ​យក​មេដាយ​បាន ទីពីរ គឺ​កីឡា​មាន​ប្រជាប្រិយភាព មិន​អាច​ឈានទៅ​យក​មេដាយបាន តែ​វា​មាន​ប្រជាប្រិយភាព មាន​ភាពទាក់ទាញ ហើយ ទីបី គឺកីឡាដែល​កំពុង​តែ​មាន​ការរីក​ចម្រើន ដែល​យើង​មិន​បាន​សង្ឃឹម​ថា​ នឹង​យក​មេដាយ​បាន​ទេ។ កីឡាទាំង​ពីរទទួល​បាន​ ការ​បំប៉ន​យ៉ាងជាប់​លាប់ ឯកីឡាស្កេតនេះ គឺជា​កីឡា​កម្រនៅ​ប្រទេស​ក្តៅ ដែល​គេ​ចាត់​ទុក​ថា​ ពិសេស​ដោយ​ឡែក ដែល​គេ​ត្រូវ​គាំទ្រ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ហ្វឹក​ហាត់​បន្ថែម»។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់បន្តថា ប្រភេទកីឡាដែលកម្ពុជារំពឹងថា នឹងនាំទៅរកមេដាយបាន មានដូចជា សី​ប៉ាក់តាក្រ​ សីឈិនឡូន តេក្វាន់ដូ វូស៊ូ ប៉េតង់ ប្រដាល់សាកល និង ប្រភេទប្រដាល់គុនខ្មែរ។

កីឡា ស៊ីហ្គេមនេះ ត្រូវ​បានធ្វើ​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ១៩៥៩ ទៅ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ ​ដែល​ធ្វើ​ការ​ប្រកួតក្នុង​រយៈពេល​២​ឆ្នាំម្តង ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ានទាំង​អស់ លើ​វិញ្ញាសារ​កីឡា​ច្រើន​យ៉ាង ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្រុមកីឡាករកម្ពុជា ដែលអាចឈាន​ដល់​ឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នឹងទទួលបានប្រាក់​ឧបត្ថម្ភ ១ម៉ឺនដុល្លារ មេដាយប្រាក់នឹងទទួលប្រាក់​ឧបត្ថម្ភ ៧ពាន់៥រយដុល្លារ និងមេដាយសំរឹទ្ធិទទួល​បាន ៤ពាន់ដុល្លារអាមេរិក៕

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required