អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជានៅព្រឹកនេះ បានទៅសួរសុខទុក្ខសកម្មជននយោបាយដែលកំពុងជាប់ពន្ធគារព្រៃស ខណៈដែលលោកស្រី រ៉ូណា ស្មីត បំពេញបេសកម្មនៅកម្ពុជារយៈពេល១០ថ្ងៃ។
ក្នុងពេលជួបសកម្មគណបក្សសង្រ្គោះជាតិនោះ លោកស្រី រ៉ូណា ស្មីត បានសំដែងទឹកមុខក្រៀមក្រំ នៅពេលដែលឃើញស្ថានភាពក្នុងពន្ធនាគារចង្អៀត ដោយផ្ទុកអ្នកទោស១៤នាក់ក្នុងមួយបន្ទប់។ នេះជាការឲ្យដឹងពីសកម្មជនគណបក្សប្រឆាំង។
នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ស្មីត ទៅជួបសួរសុក្ខសកម្មជននយោបាយដែលជាប់ពន្ធនាគារ គឺកាលពីលើកមុនៗ ក៏លោកស្រីបានទៅសម្ភាសន៍អ្នកជាប់ពន្ធនាគារទាំងនោះដែរ ដោយថាសម្រាប់ធ្វើរបាយការណ៍ដាក់ទៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
ស្ថានភាពនៅក្នុងពន្ធនាគារសម្រាប់ «អ្នកទោសនយោបាយ» គឺមានការរិតបន្តឹងជាងមុន តាំងពីច្បាប់គណបក្សនយោបាយដ៏ចម្រូងចម្រាស់ត្រូវបានលោក ហ៊ុន សែន ស្នើឲ្យកែប្រែជាលើកទី២ដោយហាមទណ្ឌិត មិនឲ្យទាក់ទងនឹងគណបក្សនយោបាយ។ នេះជាការអះអាងរបស់សកម្មជនគណបក្សសង្រ្គោះជាតិ៕