UN បញ្ជាក់ថានឹងបង្កើនការតាមដានស្ថានភាពនយោបាយនៅកម្ពុជា

​លោកស្រី រ៉ូណា ស្មីត ជួបពិភាក្សាជាមួយលោក កឹម សុខា (FB: លោក កឹម សុខា)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសន្យាថានឹងជួយតាមដានស្ថានភាពនយោបាយនៅកម្ពុជាឲ្យបានដិតដល់ជាងពេលកន្លងមក ខណៈមេដឹកនាំគណបក្សប្រឆាំងបានបង្ហាញការព្រួយបារម្ភពីស្ថានភាពនយោបាយកាន់តែតានតឹងមុនការបោះឆ្នោត​ឆ្នាំក្រោយ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាកាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ។

នៅក្នុងជំនួបប្រជុំនោះ លោក កឹម សុខា​ បានសម្តែងការព្រួយបារម្ភអំពីបរិយាកាសនយោបាយមុនពេលបោះឆ្នោត ដោយលោកថា មានការព្រមានពីគណបក្សកាន់អំណាចជាញឹកញាប់ និងភាពលំអៀងក្នុងការអនុវត្តច្បាប់ ជាពិសេសនៅលើប្រព័ន្ធតុលាការ។ លោកបានស្នើសុំឲ្យអង្គការសហប្រជាជាតិជួយដោះស្រាយបញ្ហានេះ។

អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានលើកឡើងថា ខាងអង្គការសហប្រជាជាតិ​សន្យាថា នឹងជួយយកចិត្តទុកដាក់បន្ថែម​ទៀត​លើបញ្ហានេះ។ លោកថា តំណាងអង្គការសហប្រជាជាតិរូបនេះ សន្យាយកក្តីបារម្ភរបស់បក្សប្រឆាំង ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត​ និងរាយការណ៍បញ្ហានេះទៅមហាសន្និបាតអង្គការសហប្រជាជាតិ​ ដើម្បីឲ្យជួយដោះស្រាយ។​

​លោកមានប្រសាសន៍ថា៖ «គាត់ថានឹងតាមដានស្ថានការណ៍នយោបាយហ្នឹងឲ្យបានដិតដល់ជាងពេលណាណាទាំងអស់ ហើយទីពីរ គឺគាត់ជួបភាគីពាក់ព័ន្ធតំណាងក្រសួងមហាផ្ទៃ តំណាង គ.ជ.ប. ដើម្បីលើកឡើងអំពីការព្រួយបារម្ភរបស់គណបក្សសង្គ្រោះជាតិ ហើយទីបី គាត់នឹងរាយការណ៍ទៅតំណាងអង្គការសហប្រជាជាតិនៅទីក្រុង ស៊ឺណែវ ក៏ដូចជាជម្រាបជូននូវមហាសន្និបាតរាយការណ៍ជូនទៅគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍ថា ការលើកឡើងរបស់គណបក្សប្រឆាំង ជារឿង​ខុសការពិត​ ដែលចូលចិត្តបង្កឲ្យមានតែបញ្ហាជាបន្តបន្ទាប់ ហើយលោកថា បច្ចុប្បន្ននេះ ពុំមានករណីគាបសង្កត់សិទ្ធិមនុស្ស ឬលំអៀងក្នុងប្រព័ន្ធតុលាការឡើយ។

លោកមានប្រសាសន៍ថា៖​ «ការនិយាយរបស់ លោក កឹម សុខា គ្រាន់តែជាសតិអារម្មណ៍នៅជាប់ក្នុងខួរក្បាល។ រឿងអីក៏ដោយធ្វើមិនចេះត្រូវ រឿងអត់មាន គាត់បង្កើតឲ្យមាន រឿងមានតូច បង្កើតឲ្យធំ ឥឡូវយើងមើទាំងអស់គ្នា ថាមានការត្បិតត្បៀត កៀបសង្កត់ចឹងមែនឬអត់ គឺអត់ទេ ហើយក៏គ្មានការយាយីអីចំពោះគណបក្សប្រកួតប្រជែងក្នុងការបោះឆ្នោតដែរ។ មិនគួរគាត់មានការព្រួយបារម្ភដូច្នោះទេ»។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ នៅខែកក្កដាឆ្នាំ ២០១៨ គឺនៅសល់មិនដល់មួយឆ្នាំទៀតទេ។ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ បក្សប្រឆាំងនិងអ្នកឃ្លាំមើល​មួយចំនួនលើកឡើងថា ស្ថានភាពនយោបាយ​ហាក់កាន់តែមានភាពតានតឹងដោយសារមន្ត្រីបក្សប្រឆាំងនិង​បក្សផ្សេងៗទៀត​ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ​ ក្រោមបទចោទផ្សេងៗគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ