លិខិតមិត្តអ្នកអាន៖ តើរាស្ត្រខ្មែរ គួរតែជាពលរដ្ឋបែបណា?

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:37 AM | លិខិតមិត្តអ្នកអាន | 0 | 4501 ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ជាថ្មីម្តងទៀត ខ្ញុំបានឃើញកូនខ្មែរកំពុងដើរជាន់ដានចាស់ដ៏មហាខុសឆ្គង ដែលប្រវត្តិសាស្រ្តទើបបានកត់ត្រាទុកក្នុងពេលថ្មីនៅឡើយ។

នៅដើមទស្សវត្សទី៧០ ដោយមិនអាចនិយាយភាសាខ្មែរស្តាប់គ្នាបានតទៅទៀត ក្រុមមេដឹកនាំខ្មែរម្ខាងដែលមាននិន្នាការស្តាប់បទចម្រៀងរបស់លោកសេរី បាននាំគ្នាធ្វើរដ្ឋប្រហារដណ្តើមអំណាច ក្នុងថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយមេដឹកនាំខ្មែរក្រុមម្ខាងទៀត ដែលតែងមានរសនិយមបទចម្រៀងកុម្មុយនីស្ត ក៏បានកែនកូនខ្មែរឱ្យចូលព្រៃម៉ាគី ច្បាំងតតាំងកាប់សម្លាប់គ្នាយ៉ាងឃៅរឃៅហួសពីការស្មាន។ ម្ខាង គឺដើម្បីដណ្តើមយកអំណាចដែលបានបាត់បង់ទៅត្រឡប់មកក្នុងដៃវិញ រីឯម្ខាងទៀត គឺដើម្បីរក្សារដ្ឋអំណាចដែលខ្លួនទើបដណ្តើមបាននៅក្នុងដៃ។

ចំណែកឯប្រជាជនខ្មែរវិញ! ក្រោយថ្ងៃរដ្ឋប្រហារភ្លាម កសិករខ្មែររាប់ពាន់នាក់ពពាក់ពពូននាំគ្នីគ្នាលីផ្គាក់ លីពូថៅចាកចេញពីជនបទសំដៅមកទីក្រុងភ្នំពេញ ក្នុងបំណងកាប់សម្លាប់រាល់ខ្មែរណាដែលរារាំងដំណើររបស់ខ្លួន ដែលសំអាងថា ទៅដណ្តើអំណាចជូនម្ចាស់ជីវិតខ្លួនវិញ ហើយក៏ត្រូវខ្មែរម្ខាងទៀតនៅឯទីក្រុងភ្នំពេញបានប្រើប្រាស់ចុងកាណុងបាញ់សម្លាប់ដូចគេហាលងៀត។ ការឈឺចាប់ពូនជាគំនុំ បូករួមផ្សំនិងការញុះញង់ពីសំណាក់មេដឹកនាំ ដោយសារតែការចង់ចាញ់ចង់ឈ្នះរបស់ខ្លួន បានរុញច្រានឲ្យរាស្ត្រខ្មែរនាំគ្នាធ្វើសង្រ្គាមបង្ហូរឈាមគ្នាយ៉ាងវក់វីអស់រយៈពេលជាងប្រាំឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលបានធ្វើឲ្យខ្មែរស្លាប់វាល់សែននាក់ និងខ្ទេចខ្ទាំប្រទេសជាតិស្ទើរគ្មានសល់អ្វី។ នៅទីបំផុត អ្នកឈ្នះបានឡើងកាន់អំណាច ក៏យកកំហឹងបុគ្គលដែលជាចរិតខ្មែរ បូករួមនឹងមនោគមវិជ្ជាដែលខ្លួនទទួលបានទាំងងងិតងងល់ ទៅធ្វើការសងសឹកយ៉ាងកំរោល កាប់សម្លាប់ខ្មែរគ្នាឯងអស់វាល់លានយ៉ាងព្រៃផ្សៃជាងសត្វតិរិច្ឆាន និងបំផ្លិចបំផ្លាញប្រទេសជាតិដល់កម្រិតសូន្យនៅក្នុងរយៈពេលមិនទាំងដល់៤ឆ្នាំផង។

ក្រោយការដួលរលំរបបខ្មែរសម្លាប់ខ្មែរជាងតិរិច្ឋាន នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ខ្មែរម្ខាងត្រូវត្រួតត្រាដោយបរទេសជិតខាង និងគាំទ្រដោយមហាយក្សកុម្មុយនីស្ត គឺអតីតសហភាពសូវៀត និងប្រទេសប្លុកកុម្មុយនីស្តឱ្យច្បាំងជាមួយខ្មែរម្ខាងទៀត ដែលមានមហាយក្សសេរី និងសម្ព័ន្ធមិត្តមហាអំណាចលោកខាងលិចជាអ្នកគាំទ្រ។ ក្រៅពីនេះ មហាយក្សចិន ដែលជាមហាអំណាចកុម្មុយនីស្តនៅអាស៊ី ដោយសារតែមានទំនាស់យ៉ាងស្រួចស្រាល់ជាមួយអតីតសហភាពសូវៀត និងដោយមានចំណងទាក់ទងជំពាក់វាក់វិនជាខ្លាំងជាមួយរបបខ្មែរក្រហម ក៏បានចូលរួមគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមនៅក្នុងចលនា តស៊ូរបស់រដ្ឋាភិបាលនិរទេសត្រីភាគី ជាមួយលោកសេរីផងដែរ ដែលធ្វើឲ្យភាគីខ្មែរទាំងសងខាងត្រូវច្បាំងកាប់សម្លាប់គ្នាស្ទើរដាច់ពូជ រហូតទាល់តែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។

សួរថា ទម្រាំមានកិច្ចព្រមព្រៀងទីក្រុងប៉ារី ថ្ងៃ២៣ តុលា ១៩៩១ តើខ្មែរត្រូវទទួលរងការឈឺចាប់យ៉ាងណា? តើខ្មែរមាននៅសែសសល់អ្វីដែលគួរសង្ឃឹម? រឿងរ៉ាវទាំងអស់ខាងលើដែលបានកើតឡើង តើវាជាកំហុសអ្នកណា? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវ? ក្រៅពីឌុច ដែលត្រឹមតែជាមេគុកសន្តិសុខមួយរូប សួរថា រាប់ចាប់តាំងពីក្នុងរបបរាជានិយមនៃព្រះរាជាណាចក្រទី១ រហូតមដល់បច្ចុប្បន្ន តើមានមេដឹកនាំខ្មែរណាម្នាក់ក្លាហានហ៊ានទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ដែលបានរួមចំណែកនាំប្រទេសជាតិទៅធ្លាក់ក្នុងរណ្តៅនរកក្នុងពេលកន្លងមកទេ? ទាំងអ្នកដែលបានស្លាប់ចាកលោកនេះទៅហើយ ទាំងអ្នកដែលកំពុងមានជីវិតរស់នៅនូវឡើយ ក្រៅតែពីខំនាំគ្នាកែកាឡៃប្រវត្តិសាស្ត្រ បិទបាំងរឿងរ៉ាវពិត បង្វែងដានថាខ្លួនស្អាតស្អំ ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ហើយទម្លាក់កំហុសដាក់អ្នកដ៏ទៃ តើមានមេដឹកនាំណាម្នាក់មានសេចក្តីក្លាហានហ៊ាន សូម្បីត្រឹមតែនិយាយការពិតឲ្យសក្តិសមទទួលបានការគោរពថាជា «រដ្ឋបុរស» ដែរឬទេ!

ពលរដ្ឋខ្មែរគួរតែរៀនសូត្រពីអតីតកាល ហើយឈប់ងប់ងល់! ការដែលយើងផ្តល់ការស្រឡាញ់ដោយងប់ងល់ដល់អ្នកដឹកនាំ ដល់អ្នកនយោបាយ ដល់អ្នកកាន់អំណាច គឺយើងខ្លួនឯងជាអ្នកយល់ព្រមទទួលយកទាសភាព និងយល់ព្រមលះបង់អ្វីៗ ដើម្បីពួកគេដោយស្ម័គ្រចិត្ត! តើឯណាទៅជាគុណតម្លៃរបស់យើងក្នុងនាមជាបុគ្គលម្នាក់ដែលយើងត្រូវមានសម្រាប់ខ្លួនឯង?

ឥឡូវនេះទៀតសោត ខ្មែរកំពុងតែប្រកាន់យកចរិតមាយាទច្រំដែល និងជាដដែលៗ! ខ្មែរកំពុងវក់វីភ្លេចខ្លួនប្រកាប់ប្រចាក់គ្នាដណ្តើមអំណាច មុខមាត់បុណ្យសក្តិ ទ្រព្យសម្បត្តិ ដោយមិនបានគិតពីការរលាយបាត់បង់ប្រទេសជាតិ ក្នុងខណៈពេលដែលបរទេសជិតខាងកំពុងសប្បាយអរ ទាញយកផលប្រយោជន៍មិនចេះចប់មិនចេះហើយ និងស្ទើររីងស្ងួតពីមាតុភូមិរបស់ខ្លួនឡើយ។ ទាំងអ្នកបានរៀនសូត្រចេះដឹង ជាបណ្ឌិត ជាបញ្ញាវ័ន្ត ទាំងអ្នកល្ងិតល្ងង់ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំង ពួកគេបាន នឹងកំពុងប្រជ្រៀតគ្នា  ដណ្តើមផលប្រយោជន៍ និងកេងចំណេញឥតអៀនខ្មាស់ពីកេរ្តិ៍មត៌ក ទ្រព្យសម្បត្តិជាតិមកដាក់ក្នុងហោប៉ៅខ្លួន ក្រុមក្រួសារ និងបក្សពួកខ្លួន ដោយគ្មានសោះមនសិកាជាពលរដ្ឋថ្លៃថ្នូសូម្បីបន្តិចសោះឡើយ។ ក្រុមអ្នកមានអំណាច មានទ្រព្យ គេហានធ្វើអ្វីៗ ទាំងអស់ឲ្យតែបានចំផលណេញ យ៉ាងអសីលធម៌ អគុណធម៌ និងយ៉ាងកំរោលពីខ្មែរដែលដែលក្រីក្រ តូចទាបជាងខ្លួន បីដូចជាមនុស្សដែលមិនមែនជាពូជសាសន៍ ឬមានឈាមជ័រពីដូនតាតែមួយជាមួយគ្នា។

ពួកអ្នកនយោបាយ ហ៊ានធ្វើអ្វីទាំងអស់ឲ្យតែអាចរក្សាអំណាច។ ពួកគេប្រើមធ្យាបាយទុច្ចរិត អសីលធម៌ និងពិសពុលដើម្បីផលប្រយោជន៍។ ពួកគេបំពានច្បាប់ រំលោភអំណាចរដ្ឋ និងដឹកនាំតាមរយៈការបង្ករការភ័យខ្លាច ការគៀបសង្កត់ បង្កើនភាពច្របូកច្របល់ និងបំពុលបរិយាកាសសង្គមតាមគ្រប់រូបភាព ដោយបណ្តោយឲ្យមានអំពើពុករលួយជាប្រព័ន្ធ និងនៅក្នុងគ្រប់សរសៃឈាមរបស់ជាតិ ភាពអយុត្តិធម៌សង្គម និទណ្ឌភាព ការបំពុល និងពង្វក់ឲ្យខ្មែរសប្បាយភ្លើតភ្លើន ភ្លេចកាត្វកិច្ចជាតិ តាមរយៈរូបភាពសម្ភារៈនិយម គ្រឿងញៀន គ្រឿងស្រវឹង។ល។ សូម្បីប្រព័ន្ធយុត្តិធម៌ ដែលជាសសរស្តមមួយ មិនអាចខ្វះបានសម្រាប់ដឹកនាំគ្រប់គ្រងរដ្ឋ ក៏ត្រូវបានប្រើប្រាស់ចាកគោលដៅ និងដើម្បីប្រយោជន៍នយោបាយដែរ។ សម្រាប់ភាគីមានអំណាច អ្វីក៏ហ៊ានធ្វើ និងអ្វីក៏អាចធ្វើបាន! រីឯម្ខាងទៀត ទោះចង់ក្តី ឬមិនចង់ ត្រូវខាំមាត់សង្កត់ចិត្ត ជ្រើសយកភាពអហិង្សា ដែលការពិវាជាការពិបាកទ្រាំយ៉ាងក្រៃលែង។ ពេលខ្លះមនុស្សទ្រាំលែងបាន អស់ការអត់ធ្មត់ ក៏ផ្ទុះកំហឹងប្រើភាសាគ្រោធគ្រាត អសុរស ប្រមាថកាតទាន និងអំពើរហិង្សាទៅទៅវិញទៅមក ដែលទីបំផុតខាងគ្មានអំណាចត្រូវរងការចោទប្រកាន់ និងចាប់ដាក់ទោសទណ្ឌពីសណាក់អាជ្ញាធរ។

ចំពោះពលរដ្ឋខ្មែរវិញ ពួកគេនៅតែបង្ហាញភាពអន់ថយ មិនព្រមសែ្វងយល់ មិនព្រមប្រើប្រាស់ខួរក្បាលជាមធ្យោបាយ។ ពួកគេនៅតែជ្រួលច្រាល នៅតែស្រទៅស្រមកដូចហ្វូងសត្វ និងជឿលើរឿងក្អែក១ជាក្អែក១០។  បច្ចុប្បន្ននេះ ខ្ញុំមិនបានឃើញពលរដ្ឋខ្មែរកំពុងធ្វើនយោបាយ ឬប្រើប្រាស់នយោបាយជាប្រយោជន៍អ្វីទេ តែខ្ញុំឃើញពួកគេកំពុងបម្រើនយោបាយយ៉ាងចម្លែកមួយទៅវិញ! ហើយការបំរើនេះទៀតសោត គឺប្រកបដោយភាពងប់ងល់ ប្រើការស្រឡាញ់ និងស្អប់យកមធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្ត ហើយនាំគ្នាប្រព្រឹត្តចរិតនយោបាយឃោរឃៅ ហឹង្សា និងពាលាអាវាសែ! ពួកគេប្រើភាសាអសុរស តិះដៀល ប្រមាថមាក់ងាយគ្នា បង្កើតព័ត៌មានមិនពិត វិនិច្ឆ័យរឿងរ៉ាវនានាតែជាមួយអារម្មណ៍ និងពលេខ្លះ គម្រាមអំពើហិង្សាហាក់ដូចពួកគេកំពុងប្រយុទ្ធគ្នាលើសមរភូមិយកស្លាប់រស់អ្វីមួយ។ គេកំពុងនាំគ្នាធ្វើឱ្យខ្មែរឈឺចាប់ កាន់តែបែកបាក់ និងសាងបានជាគំនុំថ្មីបន្ថែមលើមុខរបួសពីអតីតកាលក្នុងប្រវត្តិសាស្រ្ត ហើយបង្ករការគុំគួន ដែលនឹងនាំទៅរកការសងសឹកគ្នាជាបន្តនៅថ្ងៃខាងមុខម្តងទៀត។ តើនេះឬដែលជាទំលាប់នៃរបៀបធ្វើនយោបាយរបស់ពលរដ្ឋខ្មែរ និងអ្នកនយោបាយខ្មែរ?​ តើថ្ងៃណាទើបខ្មែរស្គាល់នយោបាយប្រជាធិតេយ្យពិតប្រាកដ?

ទាំងអ្នកដឹកនាំ ទាំងអ្នកត្រូវគេដឹកនាំ ភាគច្រើនបាន កំពុងធ្វើដំណើរឃ្លាតចាកពីគ្នាកាន់តែឆ្ឋាយទៅៗ។ ពួកគេបណ្តោយឲ្យកំហឹងបាចហាចហួសពីគោលដៅនយោបាយ ហួសពីរង្វង់អ្នកគាំទ្ររហូតដល់ពលរដ្ឋទូទៅនៅក្នុងសង្គម។ ពេលខ្លះការបញ្ចេញកំហឹង ត្រូវបានធ្វើឡើងនៅតាមដងផ្លូវសាធារណៈ ដូជាការព្រួតគ្នាវាយដំមនុស្សរហូតដល់ស្លាប់ ដោយសារតែមូលហេតុតូចតាច ដូចជាគ្រោះថ្នាក់ចរាចរ ឬការលួចឆក់បន្តិចបន្តួច ឬពេលខ្លះសឹងរកមូលហេតុឲ្យពិតប្រាកដណាមួយមិនឃើញផងក៏សឹងមាន។ តើនេះមិនមែនជាសញ្ញាអាសន្ននៃគ្រោះថ្នាក់សង្គម និងប្រទេសជាតិទេឬ? មូលហេតុមួយចំនួន ក្នុងចំណោមមូលហេតុនានា ដែលជំរុញឲ្យកើតមានរឿងរ៉ាវខាងលើ ត្រូវបានទទួលស្គាល់ថា ដោយសារមកពីគំរូរបស់អ្នកដឹកនាំ ដោយសារការអស់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់រដ្ឋ និងដោយសារការរងសម្ពាធផ្លូវចិត្តយ៉ាងក្រាស់ក្រែលពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ល។

តើសព្វថ្ងៃយើងកំពុងរស់នៅក្នុងសង្គមបែបណា? ខ្ញុំពិតជាមិនមានសម្ថភាពអាចវាយតម្លៃបានទេ ប៉ុន្តែវាមាន   ទស្សនៈ២ ដែលខ្ញុំចង់ឲ្យពលរដ្ឋខ្មែរពិនិត្យពិចារណា។ គេថានៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋបែបណាគឺមេដឹកនាំបែបនោះ។ រីឯនៅក្នុងសង្គមផ្តាច់ការ បើមេដឹកនាំបែបណាគឺពលរដ្ឋបែបនោះ។

នៅក្នុងសង្គមប្រជាធិបតេយ្យ យើងជាពលរដ្ឋ គឺជាអ្នកជ្រើសរើសអ្នកដឹកនាំ។ បើយើងជាអ្នកជ្រើសរើសអ្នកដឹកនាំ នោះគឺអ្នកដឹកនាំទាំងនោះត្រូវតែជាអវតារបស់យើង ពោលគឺជារូបតាង ឬជាតំណាងរបស់យើង។ ដូច្នេះ យើងត្រូវទទួលស្គាល់ថា បើយើងជាពលរដ្ឋដែលមានការយល់ដឹង មានការត្រិះរិះ មានភាពស៊ីវីល័យ នោះយើងប្រាកដជាដឹងថា តើមេដឹកនាំបែបណា ដែលគួរត្រូវជ្រើសរើសឲ្យបានសក្តិសម។ ផ្ទុយទៅវិញ បើយើងជាពលរដ្ឋអន់ថយ នោះយើងប្រាកដជា នឹងអាចមើលឃើញត្រឹមពពួកមនុស្សអន់ថយដូចគ្នា និងមិនអាចរើសបានមេដឹកនាំល្អបានឡើយ! វាមានន័យថា មេដឹកនាំល្អ ឬអាក្រក់វាអាស្រ័យលើពលរដ្ឋ គឺពលរដ្ឋជាអ្នកកំណត់មេដឹកនាំ។ ត្រង់នេះសរបញ្ជាក់ឲ្យឃើញថា «ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋបែបណា គឺមេដឹកនាំបែបនោះ»!

ផ្ទុយមកវិញ នៅក្នុងសង្គមផ្តាប់ការ គឺមេដឹកនាំជាអ្នកកំណត់ពលរដ្ឋ។ មេដឹកនាំជាអ្នកសម្រេចថា តើពលរដ្ឋបែបណាគួរត្រូវរក្សាទុកនៅជាមួយខ្លួន ដើម្បីបម្រើផលប្រយោជន៍ខ្លួន ហើយតើពលរដ្ឋបែបណាគួរត្រូវបោសសំអាត ឬគួរត្រូវកំទេច ដោយមធ្យាបាយសាមញ្ញៗ ដូចជាចុងកាណុង គល់ឫស្សី ឬត្បូងចបជាដើម! មេដឹកនាំទាំងនោះ នឹងរក្សាទុកតែពលរដ្ឋដែលមានលក្ខណៈដូចក្រុមខ្លួន ឬត្រូវតែស្របតាមពួកខ្លួនជានិច្ចប៉ុណ្ណោះ។ ហេតុនេះ ហើយទើបមានទស្សនៈបែបទី២នេះ ដែលលើកឡើងថា «នៅក្នុងសង្គមផ្តាច់ការ ដឹកនាំបែបណាគឺពលរដ្ឋបែបនោះ»!

សម្រាប់បរិបទប្រទេសជាតិយើងក្នុងពេលបច្ចុប្បន្ន គឺយើងពលរដ្ឋគឺជាអ្នកជ្រើសរើសអ្នកដឹកនាំ! ឬមួយក៏យើងចង់បណ្តោយខ្លួនឲ្យក្លាយជាពលរដ្ឋដែលត្រូវជ្រើសរើសដោយអ្នកដឹកនាំ? ទាន់នៅមានពេលនៅឡើយ សូមពលរដ្ឋខ្មែរគិត និងពិចារណាឲ្យអស់ពីស្មារតី។ យើងត្រូវយល់ដឹងថា ពួកមេដឹកនាំទាំងឡាយ បើទោះជាយើងជ្រើសរើសដោយផ្ទាល់ក្តី ដោយប្រយោលក្តី ជាមេដឹកនាំដែលយើងយល់ថាជ្រើសរើសបានយ៉ាងត្រឹមត្រូវក្តី ឬដោយសារគ្មានជម្រើសក្តី ពួកគទាំងនោះក៏អាចជាបុគ្គលល្អ នឹងជាអ្នកដឹកនាំល្អបានដែរ។ ប៉ុន្តែសូមកុំភ្លេចថា ពួកគេក៏ជាមនុស្ស ហើយមនុស្សទូទៅ នៅគ្រប់វិនាទីពួកគេអាចក្លាយជាបីសាចដែលចាំតែជញ្ជក់ឈាមយើងដោយងាយ នៅពេលដែលពួកគេបានស្គាល់រសជាតិឆ្ញាញ់ ស្គាល់ភាពស្រណុកសុខស្រួល និងស្គាល់អំណាច!

សូមចាំថា អ្នកដឹកនាំមិនមែនជាប្តី ឬប្រពន្ធ ជាកូន ឬចៅ ដើម្បីយើងផ្តល់ការស្រឡាញ់ឲ្យពួកគាត់ឡើយ។ ដាច់ខាតត្រូវតែមានការបែងចែករវាងមនោសញ្ចេតនាផ្ទាល់ខ្លួន និងបុព្វហេតុជាតិ។ យើងជ្រើសរើសអ្នកដឹកនាំឲ្យដឹកនាំយើង ដាច់ខាត គឺមិនមែនដោយសារតែយើងស្រឡាញ់ពួកគាត់ និងចាត់ទុកពួកគាត់ថាជាឪពុក ជាម្តាយ ជាបងប្អូ ឬកូនក្មួយណាម្នាក់របស់យើង ដោយសង្ឃឹមថាពួកគាត់នឹងស្រឡាញ់ ហើយតបស្នងមកយើងដូចអ្វីដែលយើងគិតចំពោះពួកគាត់នោះឡើយ។ ធាតុពិត គឹវាអាស្រ័យដោយតម្រូវការផលប្រយោជន៍ទៅវិញទៅមកនៅក្នុងសង្គម ហើយផលប្រយោជន៍ទាំនោះទៀត ត្រូវតែមានការបែងចែកឲ្យដាច់ពីគ្នារវាងផលប្រយោជន៍បុគ្គល ប្រយោជន៍ក្រុម និងបក្សពួក ជាមួយនិងផលប្រយោជន៍ប្រទេសជាតិ។ ជាតិជា​អ្នកនយោបាយ ក្រៅពីសម្លឹងផ្លូវឆ្ពោះទៅកាន់អំណាច និងការការពារអំណាចដើម្បីផលប្រយោជន៍ខ្លួន និងបក្សពួក ពួកគេកម្រនឹង ចាត់ទុកនរណាម្នាក់ថាជាប្តី ឬប្រពន្ធ ជាកូន ឬចៅដើម្បីតបក្តីស្រឡាញ់ ឬភាពស្មោះស្ម័គ្រឡើយ។ ភាគតិចណាស់ ដែលពួកអ្នកនយោបាយនៅរក្សាឧត្តមគតិរួម ក្រោយពីពេលទទួលបានអំណាច។ បើពួកគេ បាននិយាយថា គេស្រឡាញ់យើងដូចដែលបានពោលខាងលើ ឬប្តេចជ្ញាថា នៅតែបន្តការពាឧត្តមគតិរួមរបស់យើង នោះភាគច្រើនបំផុត វាគ្រាន់តែជាវោហាសាស្រ្តប្រជាភិថុតិ និងជាការលួងលោមកុហក់បោកប្រាស់ប៉ុណ្ណោះ លុះណាយើងបានតាមដាន និងវាយតម្លែទង្វើទាំងឡាយរបស់ពួកគាត់ថាពិតឬយ៉ាងណា!

ជាទូទៅពួកអ្នកនយោបាយគ្មានទេស្នេហាពិត ហើយបើដល់ផ្លូវទាល់ច្រក ពួកគេប្រាដកជាហ៊ានលះបង់មនុស្សទាំងឡាយ រួមទាំងមនុស្សដែលមាននាមថាជាប្តី ជាប្រពន្ធ ជាកូន ជាចៅ ឬជាញាតិមិត្តរបស់ពួកគេផង ឲ្យគេអាចសម្រេចមហិច្ឆតារបស់គេបាន។ ហេតុនេះ ការជ្រើសរើសអ្នកនយោបាយឲ្យធ្វើជាមេដឹកនាំ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត តាមរយៈការប្រើខួក្បាលយកមកជ្រើសរើស ដោយមិនគួរគប្បីប្រើតែបេះដូងមួយមុខដើម្បីសម្រេចនោះឡើយ!

ជាអកុសលណាស់ ជាច្រើនសតវត្សមកហើយដែលរាស្ត្រខ្មែរ អភ័ព្វមិនដែលមានវាសនាបានជួបព្រះមហាក្សត្រដែលជារដ្ឋបុរសដូចជាព្រះបាទជ័យវរ្ម៍នទី៧ នាសម័យអង្គរ។ ទោះជាមិនដល់កម្រិតព្រះបាទជ័យវរ្ម័នទី៧ក៏ដោយចុះ ត្រឹមរដ្ឋបុរសសម័យទំនើបមួយចំនួនដូចជាលោក ចច វ៉ាស៊ីនតោន លោកមហាត្មៈ គន្ធី ឬយ៉ាងហោចណាស់ត្រឹមលោក ហូ ជីមិញ ក៏អាចចាត់ថាមានសំណាងណាស់ទៅហើយ។ ប៉ុន្តែជាអកុសល យើងមិនមានរដ្ឋបុរសដូចក្នុងក្តីស្រមៃទាំងនោះ ដើម្បីជ្រើសរើសឡើយ គឺមានត្រឹមតែពួកអ្នកនយោបាយ ដែលកន្លងមកប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា ដើម្បីអំណាចប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅក្នុងសង្គមប្រជាធិបតេយ្យ យើងជាពលរដ្ឋនៅតែមានឱកាសជាអ្នកបង្កើតរដ្ឋបុរសដើម្បីប្រទេសជាតិយើង! ថ្វីបើយើងមិនអាចរកឃើញរដ្ឋបុរសដើម្បីជ្រើសរើស យើងក៏អាចព្យាយាមគិត ព្យាយាមស្វែងយល់ ព្យាយាមសម្រេចជ្រើសរើសអ្នកនយោបាយរូបណា ដែលមានប្រវត្តិប្រកបដោយក្រមសីលធម៌ មានគុណធម៌ សុប្បុរសធម៌ និងសច្ចធម៌មកធ្វើជាអ្នកដឹកនាំ។ ដោយមិនបញ្ចប់កាតព្វកិច្ចរបស់យើងតែត្រឹមនេះ យើងត្រូវបន្តតាមដានការងារ និងជួយតម្រង់ទិសរបស់អ្នកដឹកនាំតាមរយៈការចូលរួម។ ជឿថា ទោះតិច​ឬច្រើន យើងនឹងមានឱកាសជួយរុញច្រានពួកគាត់ឲ្យក្លាយជារដ្ឋបុរសក្នុកម្រិតណាមួយសម្រាប់ប្រទេសជាតិយើងជាក់ជាមិនខាន!

នៅចុងបញ្ចប់ សួរថា តើប្រជារាស្ត្រខ្មែរ គួរជាពលរដ្ឋបែបណា? តើត្រូវខិតខំបន្តរក្សាសង្គមដែលខ្លួនជាអ្នកជ្រើសរើសអ្នកដឹកនាំ ឬបណ្តែតបណ្តោយឲ្យប្រទេសជាតិវិលត្រឡប់ទៅរកអតីតកាលនៃសង្គមមួយ ដែលមេដឹកនាំជាអ្នកជ្រើសរើស និងកំណត់ជោគវាសនារបស់ពលរដ្ឋ?

សម្រាប់រឿងនយោបាយ អ្វីដែលគួរចងចាំ គឺថា «ការចាត់ទុកអ្នកនយោបាយ ឬអ្នកដឹកនាំ ថាជាឳពុក ជាម្តាយ ជាបង ឬប្អូនរបស់ខ្លួន គឺជាការទទួលយកសត្វចចកមុខស្រស់មកធ្វើជាអ្នកមានគុណ ឬជាសាច់ញាតិ

ដោយ មាស រស់, មន្ត្រីរាជការ នៅរាជធានីភ្នំពេញ

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required