កម្ពុជា​ច្រានចោល​របាយការណ៍អន្តរជាតិ ករណីដាក់​ចំណាត់ថ្នាក់សាកលវិទ្យាល័យនៅខ្មែរ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដោយ សាយ ទ្បាលីស)

កម្ពុជាច្រានចោលរបាយការណ៍នៃភ្នាក់ងារស្រាវជ្រាវអំពីសាកលវិទ្យាល័យនៅលើពិភពលោក ជុំវិញការឲ្យចំណាត់ថ្នាក់សាកលវិទ្យាល័យនៅកម្ពុជាពីលេខ១ដល់លេខ៥០នៃចំនួនសាកលវិទ្យាល័យទាំងអស់។

កាលពីថ្ងៃទី១២ខែកញ្ញានេះ ភ្នាក់ងារស្រាវជ្រាវអំពីសកលវិទ្យាល័យនិងមហាវិទ្យាល័យនៅលើពិភពលោកឬហៅថា 4 International Colleges & Universities (4ICU) បានដាក់ចំណាត់ថ្នាក់សាកលវិទ្យាល័យនៅកម្ពុជា២០១៦ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាប់ចំណាត់ថ្នាក់លេខទី១ សាកលវិទ្យាល័យអន្តរជាតិ(IU)លេខ២  សាកលវិទ្យាល័យភូមិន្ទកសិកម្មលេខ៣ សាកលវិទ្យាល័យស្សាមេនលេខ៤ សាកវិទ្យាល័យបញ្ញាសាស្ត្រលេខ៥ និងសាកលវិទ្យាល័យផ្សេងទៀតជាបន្តបន្ទាប់ដល់លេខ៥០។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាកាលពីថ្ងៃទី១៣ខែកញ្ញានេះមានខ្លឹមសារថា ការចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យនៅកម្ពុជាតាមប្រព័ន្ធអ៊ីនធឺណេតនោះមិនពិតនោះទេ ដោយថាការផ្សព្វផ្សាយនេះធ្វើឲ្យសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការយល់ច្រឡំ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា កម្ពុជាមិនមានប្រព័ន្ធវាយតម្លៃចំណាត់ថ្នាក់តាមលេខរៀងសាកលវិទ្យាល័យបែបនេះឡើយ ដោយថាកម្ពុជាមានតែការអនុវត្តនូវប្រព័ន្ធគុណភាពអប់រំតាមបែបដាក់ពិន្ទុជាប់និងធ្លាក់តែប៉ុណ្ណោះ។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានិងជានាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យដែលក្នុងរបាយការណ៍នោះបានដាក់ចំណាត់ថ្នាក់លេខ៣២ក្នុងចំណោម៥០សាកលវិទ្យាល័យកម្ពុជាបានមានប្រសាសន៍ថា ការចាត់ចំណាត់ថ្នាក់នេះធ្វើឡើងមិនច្បាស់លាស់ ដោយលោកថា នៅលើពិភពលោកមិនមាន Ranking System នោះទេ ដោយលោកលើកឧទាហរណ៍ដូចនេះថា៖ “និយាយឲ្យចំក្នុងពិភពលោកអត់មានមាន Ranking System ហើយវាមានចេះតែមានកន្លងមក ចេះតែបង្កើតទៅទេ សម្រាប់សាលាមួយៗ វាបង្កើតមកដើម្បីបោកបញ្ឆោត បើថា Rankពីសាលាទៅសាលាយ៉ាប់ហើយ ដូចសាលាបច្ចុប្បន្ន ខ្ញុំលើកឧទាហរណ៍មួយទៀតសាលានៅ RULE ឃើញទេ គាត់ច្បាប់សេដ្ឋកិច្ច ហើយ Rank ជាមួយខ្ញុំ Accounting ឃើញភូតទេ“។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានិងស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយនិងសាកលវិទ្យាល័យនៅកម្ពុជាទំាងអស់ យករបាយការណ៍វាយតម្លៃនោះពិនិត្យនិងសិក្សាឡើងវិញ ដោយលោកថាដើម្បីធ្វើការកែលម្អនូវចំណុចខ្វះខាត ខណៈអន្តរជាតិទទួលស្គាល់សញ្ញាបត្រនៅកម្ពុជាតិចតួចនៅឡើយ។ លោកបន្តថា៖ “យល់ល្អ គួរតែយកមតិយោបល់របស់គេយកទៅពិចារណា ដើម្បីកែលម្អវាប្រសើរជាង បើសិនជានំាគ្នារឿងបដិសេធ ហើយយើងអត់ព្រមរកមធ្យោបាយដោះស្រាយ យើងបារម្ភពីគុណភាពនៃការអប់រំ ខណៈពេលដែលគុណភាពអប់រំឬក៏សញ្ញាប័ត្រនៅកម្ពុជានេះហាក់បីដូចជាមានការទទួលស្គាល់តិចតួចនៅឡើយលើឆាកអន្តរជាតិ“។

យ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានអំពាវនាវដល់សិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទំាងអស់ កុំជឿលើរបាយការណ៍របស់ភ្នាក់ងារស្រាវជ្រាវអំពីសាកលវិទ្យាល័យនិងមហាវិទ្យាល័យដ៏ល្បីនៅលើពិភពលោកតាមប្រព័ន្ធអ៊ីនធឺណែតនោះ ដោយថារបាយការណ៍នោះផ្សព្វផ្សាយភូតកុហកនិងធ្វើឲ្យមានការភាន់ច្រឡំ៕

យល់ល្អគួរតែយកមតិយោបល់របស់គេយកទៅពិចារណា ដើម្បីកែលម្អវាប្រសើរជាង បើសិនជានំាគ្នារឿងបដិសេធ ហើយយើងអត់ព្រមរកមធ្យោបាយដោះស្រាយ យើងបារម្ភពីគុណភាពនៃការអប់រំ ខណៈពេលដែលគុណភាពអប់រំឬក៏សញ្ញាប័ត្រនៅកម្ពុជានេះហាក់បីដូចជាមានការទទួលស្គាល់តិចតួចនៅឡើយ លើឆាកអន្តរជាតិ”។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ