អ្នកឃ្លាំមើល៖ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថយ​ចុះ​ ដោយ​សារកំដៅ​​នយោបាយ​

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

មន្ត្រី​ជាន់​ខ្ពស់​ នៃ​អង្គការ​ឃ្លាំង​មើល​ការ​បោះឆ្នោត ​នៅ​កម្ពុជាមើល​ឃើញថា ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពល​រដ្ឋ​មក​ដល់​ថ្ងៃ​នេះ ថយ​ចុះ​ខុស ពី​ការ​រំពឹង​ទុក ដោយ​បញ្ហា​នយោបាយ ខណៈ គ.ជ.ប ​សង្ឃឹម​ថាការ​ចុះ​ឈ្មោះ​នេះ នឹង​កើ​នឡើង​នៅអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ។​

បើតាមប្រតិទិន គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី​ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ គឺ​ចាប់ផ្ដើមពី​ថ្ងៃ​​​​ទី០១ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បី​ទទួល​ចុះ​ឈ្មោះ ​ឲ្យ​ប្រជាពលរដ្ឋ​​ជាង១,៤​លាន​នាក់ ដែលទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះកាលពីឆ្នាំ​២០១៦។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ​ហង្ស ពុទ្ធា បាន​ថ្លែង​ក្នុង​សន្នីសីទ​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៥កញ្ញា​នេះថា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤កញ្ញា ​​គ.ជ.ប បាន​ទទួល​ចុះ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​បាន​ជាងប្រមាណ ៩៤ ២១១នាក់ ក្នុង​នោះ​ស្រីចំនួន ៤៦ ៦៣៥នាក់ ហើយ​មាន​៣៣២នាក់​ត្រូវលុប​ចេញ។

ថ្លែង​បន្ថែ​ម​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​សន្នីសីទ​នោះ​ថា លោក​សង្ឃឹម​ថា គ.ជ.ប ​អាច​បំពេញ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ពល​រដ្ឋ​បាន​គ្រប់​ចំនួន។

លោក​ថា៖ «គ.ជ.ប រំពឹង​ថា ​នៅ​មុ​ន​ភ្ជុំ​ នឹង​ក្រោយ​ភ្ជុំ​គឺ ​តួលេខ​នឹង​កើន​ឡើង ហើយ​នៅ​កៀក​ថ្ងៃ​បញ្ចប់ ​គឺ​ថា​តួលេខ​នឹង​កើន​ឡើង​ផង​ដែរ​»។

មន្ត្រីផ្នែក​អង្កេត ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ ខុម​ហ្វ្រែល លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ចំនួន​ចុះឈ្មោះ​ ដែល​​បាន​ជាង៩ម៉ឺននាក់​នេះ​ គឺជា​ចំនួន​មួយ ​ដែល​នៅ​ទាប​នៅ​ឡើយ ដោយ​ថា ​បើ​តាម​លទ្ធភាព ​ដែល​អាច​ឲ្យដំណើ​រ​ការ​នៃ​ការ​ចុះ​ឈ្មោះ​នេះ​ អាច​បំពេញគ្រប់​ចំនួន​​បាន​នោះ​ទាល់​តែ​មួយ​ថ្ងៃ​ចំនួន ​អ្នក​ចុះ​ឈ្មោះត្រូវ​ជា​៣ម៉ឺន​នាក់​​។

លោក​ថា​ ការ​បិទវិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ (NDI) ​ការ​បិទ​មិន​ឲ្យ​ផ្សាយ​វិទ្យុ​មួយ​ចំនួន​ដោយ​​រដ្ឋាភិបាល​ បែប​បទរដ្ឋ​បាល​ និង​បញ្ហា​នយោបាយ​នៅ​កម្ពុជា ​ជា​មូលហេតុ ​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​មិ​ន​​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ។

លោក​ថា៖ «​ប្រជាពល​រដ្ឋ​ខ្លះ​ ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​ទាំង​អស់​ហ្នឹង ដល់​ពេល​មាន​បញ្ហា​ប៉ះ​ពាល់​អញ្ចឹង​ទៅ​ មាន​ន័យ​ថា​ការ​ចូល​រួម​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ពល​រដ្ឋ​ហ្នឹង​គឺ​អត់​ពេញ​លេញ។ គ.ជ.ប​ ក៏​បាន​ធ្វើ​ដែរ​តែ​ការ​ផ្សព្វផ្សាយ​របស់​ គ.ជ.ប មិន​ទាន់​ពេញ​លេញ​ទេ វា​នៅ​មាន​កម្រិ​ត​នៅ​ឡើយ​អញ្ចឹង​វា​ត្រូវ​ការ​ស្ថាប័ន​ផ្សព្វផ្សាយ​ផ្សេងៗ​ ចូល​រួម អញ្ចឹង​យើង​ឃើញ​ថា​បញ្ហា​នេះ វា​ធ្វើ​ឲ្យ​បញ្ហា​អប់​រំ​នេះ​វា​មិន​បាន​ទៅ​ដល់​»។

​លោកបាន​ឲ្យ​ជា​យោបល់​ថា​ រដ្ឋាភិបាល​គួរ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ដល់​ប្រជា​ពល​រដ្ឋ ជា​ពិសេស​គួរ​តែ​សម្រួល​ស្ថាន​ការ​ដែល​កំពុង​កើន​កម្តៅ​នេះ​ឲ្យ​ធូរស្រាល​ជាង​ពេល​បច្ចុប្បន្ន គួរ​តែ​​ពិចារណា​បើ​ក​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងសហការ​ជា​មួយ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជម្រុញ​ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ ដើម្បី​ឲ្យ​ពល​រដ្ឋ​ទុក​ចិត្តមក​ចុះឈ្មោះ​បោះឆ្នោត​វិញ។

ការ​បោះឆ្នោត​ថ្នាក់​ជាតិជ្រើស​តាំង​តំណាងរាស្ត្រ​​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៩ កក្កដា​ ឆ្នាំ​២០១៨ ត្រូវជា​ថ្ងៃ​អាទិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ