អឺរ៉ុបរំឭកកម្ពុជាពីផលប៉ះពាល់នៃការព្យួរកិច្ចសហការ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:53 PM | សេដ្ឋកិច្ច | 0 | 8712

សភាសហភាពអឺរ៉ុប​ដែលមានប្រទេសចំនួន​២៧ជាសមាជិកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការពិភាក្សាដោះស្រាយស្ថាននយោបាយ​ដែលកំពុងកើតមានឡើងដោយការចរចា ហើយក៏បានលើកឡើងពីការប៉ះពាល់កើតមានឡើង​បើសិនជាមានការព្យួរកិច្ចសហការ។​

សភាអឺរ៉ុប​បានបើកការប្រជុំនៅក្នុងទីក្រុង Strasbourg នៃប្រទេសបារាំងកាលពីម្សិលមិញ បានធ្វើសេចក្តីសម្រេចមួយស្តីពីស្ថានភាពនយោបាយនៅកម្ពុជា។ នៅក្នុងសេចក្តីសម្រេចនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា​ពិភាក្សាជាមួយអ្នកពាក់ព័ន្ធ​ក្នុងការដោះស្រាយបញ្ហាកំពុងកើតមាន ដូចជាការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ការបិទកាសែត ខេមបូឌា ដេលី ការបិទវិទ្យុ ការឃុំខ្លួនបុគ្គលសំខាន់ក្នុង​បក្សប្រឆាំង និង ការឃុំខ្លួន​សកម្មជនធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលជាដើម។​

សភាអឺរ៉ុបលើកឡើង​ទៀតថា ស្ថានភាពគ្រោះថ្នាក់នៃនយោបាយ​កើនឡើង ធ្វើឲ្យលំហូប្រជាធិបតេយ្យកាន់តែរួមតូច រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កម្រិតសិទ្ធិអង្គការសង្គមស៊ីវិល នឹងធ្វើឲ្យប៉ះពាល់ដំណើរការបោះឆ្នោតនៅឆ្នាំក្រោយ។​

សេចក្តីសម្រេចរបស់សភាអឺរ៉ុបក៏បានលើកឡើង​ពីផលប៉ះពាល់​ បើសិនជាការមានការព្យួរការសហការដែលធ្លាប់មានច្រើនឆ្នាំមកនេះ។​ សេចក្តីសម្រេចលើកឡើងថា៖«រាល់ការពិចារណាលើការព្យួរកិច្ចសហប្រតិបត្តិការណាមួយដែលអាចធ្វើទៅបាននោះ គឺមានការវាយតម្លៃយ៉ាងប្រុងប្រយ័ត្នបំផុតពីផលប៉ះពាល់​លើប្រជាជនក្រីក្រ និងងាយរងគ្រោះ ជីវភាពរស់នៅរបស់ប្រជាជន និងភាពប្រសើរឡើង​ដែលកុមារអាចទទួលបានការអប់រំ គឺថា ជំចំណុចអាទិភាពយើងជួយប្រជាជនកម្ពុជា»។

អឺរ៉ុបបានផ្តល់លុយចំនួន​១០លានអឺរ៉ូដល់ការធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងក្នុងដំណើការចុះបោះឆ្នោតនិងដំណើរការបោះឆ្នោត។​ អឺរ៉ុបបច្ចុប្បន្នក៏ជាទីផ្សារធំរបស់កម្ពុជាសម្រាប់ការនាំចេញសម្លៀកបំពាក់និងស្បែកជើង៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required