លោក ហ៊ុន សែន៖ កឹម សុខា ទេដែលចោទអាមេរិកនោះ

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានច្រានចោលថា លោកមិនបានចោទសហរដ្ឋអាមេរិកថា ជា​អ្នក​នៅពីក្រោយបក្សប្រឆាំង ចង់ផ្តួលរំលំរបបដឹកនាំរបស់លោកនោះទេ ដោយថា លោក កឹម សុខា ទៅវិ​ញទេ ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកបែបនេះ។

ស្ថានទូតអាមេរិកកាលពីថ្ងៃទី១២ខែកញ្ញា បានច្រានចោលថា សហរដ្ឋអាមេរិក មិនបាន​នៅពីក្រោយគណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បីរៀងចំផែនការណ៍ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូចដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ អំឡុ​ងពេ​​ល​ចុះ​ឆ្ម​ក់​ចា​​ប់​ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា នោះទេ និងបានជំរុញឲ្យដោះ​លែងមេបក្សរូបនេះ ជាបន្ទា​ន់​ទៀ​តផង។

ប៉ុ​ន្តែ​ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល មិនបានចោ​ទប្រកា​​ន់អា​មេ​​ករិកទេ។ តែលោកថា លោក កឹម សុខា នៅតែមានទោសថា «ក្បត់ជាតិ» ដែលលោកថា មិនអាចអត់ឱនឲ្យបាន។

លោកថា៖ «យើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែ កឹម​ សុខា ទេ ជាអ្នកចោទអាមេរិក ដែ​លបា​ន​ណែនាំ​អំពីវិ​ធីផ្តួលរំលំ ផ្លាស់ប្តូរ តាមរបៀបនៅយូកូស្លាវី និងសែកប៊ី ហើយបញ្ជូនសាស្ត្រា​ចារ្យម​កអនុ​វត្តនៅ​កម្ពុជា​។ តើមែ​នឬ​មិ​​​នមែន​? តើ កឹម សុខា ចោទអាមេរិក ឬអាមេរិកចោទ កឹម សុខា»។

ប៉ុន្តែ លោក ហ៊ុន​ សែន កាលពីថ្ងៃទី៤ខែកញ្ញា ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់វិហាឥស្លាម នៅខេ​ត្តកំពង់​ចាម បានថ្លែងថា ប្រទេសដែលចេញសេចក្តីថ្លែងការថ្កោលទោស ចំណាត់ការចាប់ខ្លួនលោក កឹម សុខា ថា​​​​​ប្រ​ទេសទាំងនោះ គ្រាន់តែការពារអាយ៉ងរបស់ខ្លួន និងបា​នរំឭ​ក​ពីអា​មេរិកធ្លា​ប់ទម្លាក់​ក្រោមបែ​កនៅ​កម្ពុ​ជា​ អំឡុង​​ទសវត្ស៧០។

លោកថា៖ «តម្រូវការមុនគេ គឺការរក្សាសន្តិភាពឲ្យខានតែបាន ទោះដោយតម្លៃណាក៏ដោយ មិន​អាចឲ្យបរទេសមកប្រើ​ប្រាស់ជន​ជា​តិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតទេ»។

ក្រោយចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប អង់គ្លេស បារាំង អូស្ត្រាលី អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិកផងនោះ បានជំរុញឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង ដោយថា ចំណាត់​ការចាប់​ខ្លួន​នោះ​ បានរំលោភអភ័យឯកសិទ្ធិសភា និងថាជាការគំរាមកំហែងផ្នែកនយោបាយ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា សារនយោបាយ ដែ​លបង្កើន​កម្តៅជាមួ​យសហគ​មន៍​អន្ត​រជាតិ លោកថា មិនបានចំណេញដល់កម្ពុជាទេ។

លោកថា៖ «ភាគីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិហ្នឹងអង្គុយតុជាមួយគ្នា ចរចាគ្នានូវអ្វីដែល​យល់មិ​នដូច​គ្នា​។ អញ្ចឹងមធ្យោបាយតែមួយតាមការចរចាហ្នឹង គឺវាប្រសើជាងអ្វីទាំងអស់ ហើយបើ​សិនជាគ្រា​ន់តែសម្តែង​មតិប្រតិ​កម្មចុះប្រតិកម្មឡើង វាអត់មានស្អីចេញរួចទេ ច្រកនយោ​បាយកម្ពុ​ជា​នៅតែតានតឹង ហើយអ្វី​ដែល​អូសបន្លាយកាន់តែយូរ រឿងរា​វកើតឡើ​ងកាន់តែច្រើន កម្ពុជាជាអ្នកខាតបង់ មិនមែ​នស​ហគ​មន៍អន្តរជាតិទេ»។

យ៉ាងណាក៏ដោយលោក ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់រករឿងសហរដ្ឋអាមេរិកទេ តែលោកថា អាមេរិក ក៏មិនត្រូវលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ ប៉ុន្តែករណីនេះ អ្នកវិភាគថា សហរដ្ឋអាមេរិក និងប្រ​ទេសលោកសេរីមួយចំនួនទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពួកគេ មាន​កាតព្វ​កិច្ចជំរុញដំណើរការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ