អាមេរិកបន្តជួយពង្រឹងវិស័យអប់រំនៅកម្ពុជា ទោះបីទំនាក់ទំនងមានភាពតានតឹង

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 3:03 PM | ការអប់រំអភិបាលកិច្ចល្អ | 0 | 3461 អ្នកស្ម័គ្រ​ចិត្តរបស់ទីភ្នាក់ងារ Peace Corps (ហួត វុទ្ធី)

ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកជិតមួយរយនាក់ នឹងធ្វើដំណើរទៅខេត្តគោលដៅរៀងខ្លួន បន្ទាប់ពីស្បថចូលបំពេញការងារ ជាអ្នកបង្រៀនភាសាអង់គ្លេស និងជាអ្នកអប់រំសុខភាពសហគមន៍ ទោះបីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ហាក់ស្ថិតក្នុងសភាពតានតឹង។

ក្នុងពិធីស្បថចូលបំពេញការងារ​សំរាប់​អ្នកស្ម័គ្រចិត្តថ្មីរបស់ទីភ្នាក់ងារ Peace Corps ក្រុមទី១១ ដែលរៀបចំដោយស្ថានទូតអាមេរិក នៅថ្ងៃទី១៥ខែកញ្ញា២០១៧​ កញ្ញា Christine Thinn អាយុ២៦ឆ្នាំ ដែលទើបតែមកស្នាក់នៅខេត្តកណ្តាលរយៈពេល៩សប្តាហ៍ ឲ្យដឹងថា នាងមិនមានបញ្ហាអ្វីទេ និងចូលចិត្តម្ហូបខ្មែរ។

កញ្ញា Christine នឹងទៅស្នាក់នៅជាមួយគ្រួសារខ្មែរ ក្នុងខេត្តកំពង់ចាមបន្តទៀត ហើយធ្វើជាអ្នកស្ម័គ្រចិត្តនៅមណ្ឌលសុខភាព និងបង្រៀនភាសាអង់គ្លេសនៅសាលារៀនរដ្ឋ។

បើតាមស្ថានទូតអាមេរិក អ្នកស្ម័គ្រ​ចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល២ឆ្នាំ។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នក​ស្ម័គ្រចិត្តសម្របខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌​ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសាខ្មែរ។

គិតតាំងពីឆ្នាំ២០០៦ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង៥០០នាក់ បានមកធ្វើការ​នៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និងបណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺ​កសាងសមត្ថភាព​របស់មនុស្សប្រុសស្រីនៅក្នុងប្រទេស ដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required