គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាចម្បងមួយដែលកំពុងសម្លាប់ប្រជាពលរដ្ឋចន្លោះពី៥ទៅ៧នាក់ជារឿងរាល់ថ្ងៃ ហើយចំនួនអ្នកស្លាប់តែងតែកើនឡើងសម្រាប់ថ្ងៃបុណ្យសំខាន់ៗរបស់ជាតិដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកជាដើម។ តទៅនេះសូមស្តាប់ការសាកសួររវាងលោក ពៅ មេត្តា អ្នកយកព័ត៌មាននៃវិទ្យុVOD និង លោក អ៊ា ចរិយា ជាទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ស្តីពីមូលហេតុ និងវិធីសាស្ត្របង្ការនៃគ្រោះថ្នាក់ចរាចរណ៍។
VOD៖ តាមការសិក្សារបស់លោក តើកត្តាអ្វីខ្លះនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅសព្វថ្ងៃហ្នឹង?
លោក អ៊ា ចរិយា៖ យើងបែងចែកជាកត្តាបីសំខាន់គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ។ ប៉ុន្តែកត្តាមនុស្សបង្កគ្រោះថ្នាក់ច្រើនជាងគេគឺមានរហូតដល់ជាង៩០%នៃចំនួនគ្រោះថ្នាក់ ហើយកត្តាផ្លូវមាន២% និង កត្តាយានយន្តមានប្រមាណ៣%។ យើងផ្តោតលើកត្តាមនុស្សដោយសារមនុស្សស្លាប់ច្រើនជាងគេ គឺការបើកលើសល្បឿនកំណត់ និងការប្រើប្រាស់គ្រឿងស្រវឹង។ កត្តាមួយទៀតគឺកត្តាយានយន្តដោយសារយានយន្តនៅស្រុកយើងភាគច្រើនជាយានយន្តជជុះ តែត្រូវមានការត្រួតពិនិត្យឲ្យបានតឹងរ៉ឹង។ បើយានយន្តយើងចាស់ ហើយអត់បានត្រួតពិនិត្យលើគុណភាពសុវត្ថិភាព ហ្នឹងវាអាចបង្កគ្រោះថ្នាក់ច្រើនដែរដូចជាសំបកចាស់ ហ្វ្រាំងមិនស៊ី ឬអ្នកជិះមិនបានទៅឆៀក ឬពិនិត្យឲ្យបានទៀងទាត់ផង ពេលជិះអាចមានគ្រោះថ្នាក់។ កត្តាទី៣គឺកត្តាផ្លូវ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយផ្លូវមួយចំនួនមិនទាន់បំពាក់សម្ភារសុវត្ថិភាពដូចជា គំនូស ផ្លាកសញ្ញា របាំង ឬភ្លើងសញ្ញាអីឲ្យបានគ្រប់គ្រាន់នៅឡើយ។
VOD៖ពេលណា ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន?
លោក អ៊ា ចរិយា៖ គ្រោះថ្នាក់ភាគច្រើនកើតមាននៅពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំចិនក៏មានអ្នកធ្វើដំណើរច្រើនដែរគឺចេញពីទីក្រុង និងត្រឡប់មកទីក្រុងវិញ។
VOD៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងដូចប្រទេសគេដែរ ឬមានចំនួនច្រើនដែលត្រូវចាត់វិធានការ?
លោក អ៊ា ចរិយា៖ ចំនួនអ្នកស្លាប់ ឬចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងមានច្រើនជាង ប្រទេសឡាវ និងវៀតណាម ប៉ុន្តែនៅប្រទេសថៃមានអត្រាច្រើនជាងយើង ហើយកំណើននៃចំនួនអ្នកស្លាប់មានចំនួនច្រើនដែលគួរឲ្យព្រួបារម្ភខ្លាំង ដោយសារចំនួនអ្នកស្លាប់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជារៀងរាល់ឆ្នាំ។
VOD៖ បើលោកមានឱកាសប្រាប់ទៅភ្នាក់ងារប្រតិបត្តិផ្ទាល់ តើលោកប្រាប់ថា គួរចាត់វិធានការលើចំណុចណាមុន?
លោក អ៊ា ចរិយា៖ វិធានការបន្ទាន់ត្រូវអនុវត្តច្បាប់លើការបើកបរលើសល្បឿនកំណត់ ជាមូលហេតុទី១ដែលធ្វើឲ្យមានអ្នកស្លាប់ ហើយការអនុវត្តន៍លើការបើកបរដែលមានជាតិស្រវឹងជាមូលហេតុទី២ ដែលធ្វើឲ្យមានមនុស្សស្លាប់ ហើយវិធានការផ្សេងទៀតដែលទាមទារឲ្យមានវិធានការយូរអង្វែងគឺការអប់រំផ្នែកចរាចរណ៍ត្រូវតែមានចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់មហាវិទ្យាល័យ ដើម្បីឲ្យពលរដ្ឋមានទម្លាប់បើកបរប្រកបដោយសុវត្ថិភាព។
VOD៖ បើពិនិត្យលើខ្លឹមសារច្បាប់គ្រប់គ្រាន់ហើយឬនៅបាទ?
លោក អ៊ា ចរិយា៖ ខ្លឹមសារច្បាប់គ្រប់គ្រាន់ហើយ តែគ្រាន់ថាបញ្ហាប្រឈមនោះគឺការអនុវត្តច្បាប់នោះបានត្រឹមត្រូវកម្រិតជាក់ស្តែងយ៉ាងដូចម្តេច។
VOD៖ សម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវ តើពួកគាត់គួរធ្វើយ៉ាងម៉េច ដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ចរាចរណ៍នឹងកើតមាន?
លោក អ៊ា ចរិយា៖ ទី១ចៀសវាងបើកបរលើសល្បឿនកំណត់ ទី២ចៀសវាងបើកបរក្រោមជាតិស្រវឹង ត្រូវមានផែនការជាមុនបើសិនជាគាត់ចូលរួមកម្មវិធីដែលមានពិសារគ្រឿងស្រវឹង ហើយទី៣គាត់ត្រូវសិក្សាស្វែងយល់ពីច្បាប់ និងមានប័ណ្ណបើកបរត្រូវទៅរៀននិងប្រឡងយកប័ណ្ណបើកបរតាមប្រភេទយានហ្នឹង ទី៤ចៀសវាងការធ្វើដំណើរផ្ទុកចំណុះដូចជា ការជិះលើដំបូល ព្រោះពេលដែលមានគ្រោះអាចមានភាពធ្ងន់ធ្ងរដល់ពួកគាត់។
VOD៖ ចុះបើផ្លូវខ្លះអត់មានការដាក់សញ្ញាកំណត់ចម្ងាយ ត្រូវបើកប៉ុន្មានគីឡូក្នុងមួយម៉ោង តើពួកគាត់ត្រូវធ្វើយ៉ាងម៉េច?
លោក អ៊ា ចរិយា៖ នៅក្នុងច្បាប់ចែងថា នៅក្នុងផ្លូវដូចជា ផ្លូវជាតិដែលអត់មានផ្លាកសញ្ញា ឡានគាត់អាចបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ម៉ូតូតូចគាត់អាចបើកក្នុង៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅទីប្រជុំជន ទីរូមស្រុក រួមខេត្ត ឬទីក្រុងអីហ្នឹង ម៉ូតូអាចបើកក្នុងល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថយន្តគ្រប់ប្រភេទអាចបើកក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
VOD៖ សូមអរគុណ លោកចរិយា ដែលចំណាយពេលផ្តល់បទសម្ភាសន៍!
លោក អ៊ា ចរិយា៖ បាទអរគុណ!