មន្រ្តីនគរបាលម្នាក់ត្រូវបានឃាត់ខ្លួនករណីឃាដកម្មដោយកាំភ្លើង

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 2:47 PM | សង្គម | 0 | 3299 រូបភាពពី ហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ

មន្ត្រី​នគរបាល​ម្នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​គ្រោង​បញ្ជូន​ទៅ​តុលាការ ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​ខណ្ឌ​មានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

សេចក្ដី​រាយការណ៍​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ សាន បូរី អាយុ ៣៨​ឆ្នាំ ដែល​ជា​មន្ត្រី​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​បាញ់​ប្រហារ​លើ​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១។

ការចុះផ្សាយដដែលបានឲ្យដឹងថា ករណីបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទី​ល្ងាច ដោយ​សារទំនាស់ពាក្យសម្ដី​គ្នាពេលកំពុងផឹកស៊ី បណ្ដាលឲ្យមានការប្រតាយប្រតប់គ្នា រួចជនសង្ស័យដកកាំងភ្លើងខ្លី​ម៉ាក​រ៉ូឡូ បាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់បណ្ដាលឲ្យស្លាប់ភ្លាម។

អគ្គស្នងការនគរបាលជាតិបន្តថា ជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន អាយុ ៥០ឆ្នាំ មានមុខរបរ ជាសន្តិសុខផ្សារ​ស្ទឹងមានជ័យ​​ ហើយរស់នៅ​ក្នុងផ្ទះ​ជួលមួយស្ថិតក្នុងភូមិទ្រា។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បាន​ចុះឃាត់ខ្លួនមន្រ្តីការិយាល័យនគរបាល​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​នោះទៅសាកសួរ និង​ឃុំខ្លួនដើម្បីកសាងសំណុំរឿងទៅតុលាការផងដែរ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required