​ចំណាយ​ពេល​មួយខែពេញ កីឡាករវ័យក្មេង សៅ វណ្ណា ទម្លាក់គូប្រកួត​បានសម្រេច​​

មានការ​ភ្ញាក់ផ្អើលគួរ​សម​បន្ទាប់ពី​កីឡាករ​ជើងខ្លាំង ណាម ម៉ូរិន ដែលត្រូវគេ​ដឹងថា​​​​​​​​​ជាកីឡាករ​ទើប​ឡើងកូដ​​​​​ខ្លាំងនៅក្នុងពិភព​ប្រដាល់​​ផង​​​​​​​​ ​បែរជាធ្លាក់ការប្រកួត​​ក្នុងជុំដំបូង នៅក្នុងព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​ឯក​​​​របស់ប៉ុស្ដិ៍លេខ​​៥​កាលពីថ្ងៃទី​​​១៤  ខែ​តុលា  មុននេះ។ កីឡាករ សៅ វណ្ណា ដែលអះអាងថាបានចំណាយពេលហ្វឹកប៊ុក​ពេញមួយខែមុនឡើងរេញ បាន​បង្ហាញអារម្មណ៍​រីករាយ​យ៉ាងខ្លាំង​​ដែលអាចទម្លាក់គូប្រកួត​អោយធ្លាក់ហាលអាវ ហើយបានឡើង​​វគ្គ​​១៦នាក់​ដោយឡើងអង្គុយកៅអី​ទី១៤​ក្នុងសប្ដាហ៍ទី៧។

​កីឡាករ សៅ វណ្ណា ដែល​​ឈរក្នុង​​​​​បង្គោលក្រហម​​បានអះអាងថា លោកប្រឹង​ហ្វឹកហាត់រហូត​​ដល់ជាង​​១ខែ ដោយ​​​​​​​​គ្រាន់តែ​បានទទួលការ​​​​​ចុះ​បញ្ជី​អោយប្រកួត​​នៅ​​ប៉ុស្ដិ៍លេខ​​​៥​​​ពីក្រុមគណកម្មការគឺលោក​​អត់​​​ទទួលការប្រកួត​ណាៗទាំងអស់ ដើម្បី​សន្សំ​កម្លាំង​​​​ឆ្លងវគ្គ​ជម្រុះ​ដែលតម្រូវ​អោយ​លោក​ឡើងប្រកួត​ក្នុង​សប្ដាហ៍ទី​​៧​​​បន្ទាប់ពីព្រឹត្តិការណ៍​​នេះ​​​បើក​ឆាក​​​​ប្រកួតប្រជែង​នៅ​​សង្វៀន​ប៉ុស្ដិ៍លេខ​​​៥​​​​​​ព្រែកកំពិសហើយជម្រើស​​បាន​អ្នកឡើងអង្គុយ​កៅអី​បាន​​១៤នាក់រួច​ហើយ​​។ ​លោកថា​ការប្រកួតមួយនេះ គឺ​​​ខាង​គណកម្មការ​​ជ្រើស​​​​​រើស​​កីឡាករសុទ្ធតែខ្លាំងៗក្នុងប្រភេទទម្ងន់​​​៦៥​​គីឡូក្រាម​​​​​​​មកពីក្លិប​ផ្សេង​​គ្នា ​ដោយ​​មានទាំង​លោក​ម្នាក់​​ផង ហើយ​​កំណត់អោយ​ធ្វើការប្រកួត​​គ្នា​ចាញ់​ធ្លាក់ៗ​​​​​ដោយ​គ្មានការ​សន្សំពិន្ទុ។ ​​

នេះជាលើកទី១ ដែលលោកចូលប្រកួតនៅក្នុងព្រឹត្តិការណ៍​ដណ្ដើមជើងឯកបែបនេះ ​ក្នុងពេលដែលលោក​​​​​ធ្លាប់តែឡើងប្រកួត​​​​ដណ្ដើម​ជើងឯក​​​តាមរូបមន្ត​​​​ចាប់ពូល ហើយប្រកួត​សន្សំ​​ពិន្ទុ​​ដើម្បីស្វែងរក​​អ្នកមាន​ពិន្ទុ​ខ្ពស់ក្នុងពូលទៅ​​​ប្រកួត​​​វគ្គ​​​​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ អ៊ីចឹង​ហើយទើប​លោក​ប្រឹងប្រែងហ្វឹកហាត់​យ៉ាង​លំបាក​​​​​​បន្ទាប់ពី​បាន​ដឹងថា​​លោក​​ត្រូវគណកម្មការ​​ប៉ុស្ដិ៍​លេខ​​៥ និងមន្ត្រី​សហព័ន្ធ​​ជ្រើសអោយ​​​ចូលប្រកួត​​​ក្នុងចំណោម​​​៣២​រូប​​​​​ដើម្បី​​​​​​​ប្រកួត​ប្រជែង​យក​​​​ពាន​ជើងឯក។

លោក​​ថាការប្រកួតមួយ​នេះ គឺតម្រូវ​អោយ​​​​កីឡាករ​ដែលមានឈ្មោះទាំំង​អស់​​ប្រកួត​គ្នា​​​ចាញ់ធ្លាក់​​ៗ ដោយលោកត្រូវ​ប្រកួតជាមួយកីឡាករ​ ណាម ម៉ូរិន ដែលលោក​បញ្ជាក់ថា​​​គេក៏ជាជើងខ្លាំងក្នុងពិភពប្រដាល់សម្រាប់ប្រភេទទម្ងន់ដែលត្រូវជ្រើស​​នោះដែរ។ ​លោកបង្ហាញអារម្មណ៍សប្បាយ​រីករាយយ៉ាងខ្លាំង​ដែលអាចយក​​​​ឈ្នះលើគូប្រកួត ដោយ​បានទាំងចាត់ទុកថាជ័យជម្នះលើ​បង្គោលក្រហម ​ ណាម ម៉ូរិន គឺជាដែលជួយអោយលោក​កាន់តែមានកម្លាំងចិត្តសម្រាប់​ការហ្វឹកហាត់ បើទោះជាការប្រកួតក្នុងវគ្គ​បន្ត មិនទាន់ដឹង​ថាទៅរួចជាមួយ​កីឡាករជើងខ្លាំង​ៗដែលបានឡើងទៅអង្គុយក្នុង​​វគ្គ​​១៦នាក់​នោះយ៉ាង​ណាក៏ដោយ។

​​​កីឡាករ ​​​​​សៅ វណ្ណា បានរៀប​រាប់​ថា​​​​​ឱកាសបានឡើង​បានជួយ​អោយលោកអស់ចិត្ត ប៉ុន្តែមិនមានន័យថា​​​ជារឿងស្កប់ចិត្តដែលលោកត្រូវធ្លាក់​​​​ក៏អស់ចិត្ត​​ក្នុងពេល​ប្រកួត​ជម្រុះ​​​១៦នាក់យក​​៨នាក់ក្នុងជុំទី២នោះទេ គឺលោកនៅតែបន្តការ​​ចង់ឈ្នះ​សម្រាប់​វគ្គបន្ត​បន្ទាប់ទៀត ដោយសារតែ​​ការប្រកួត​ដណ្ដើមជើង TV5 Boxing Knock out Series By K-Cement  គឺលោក​​​យល់ថា​ជាព្រឹត្តិការណ៍​មួយដ៏សំខាន់ដោយសារតែ​កីឡាករ​រហូត​ដល់​​៣២នាក់​អោយប្រកួតជម្រុះគ្នា។ ​យ៉ាងណាមិញ លោកក៏​​​​បាន​កោតសរសើរថា​គូ​ប្រកួតរបស់ខ្លួន​មានសមត្ថភាពល្អមិនធម្មតា និងល្អ​​លើសអ្វីដែលលោកប៉ាន់ស្មាន​នោះ​ផង ​​​ថ្វីដ្បិតតែ​លោកបានឈ្នះ​ការប្រកួត​ក្រោយពីបាន​បង្ហាញ​ភាពស្វិតស្វាញ​ពេញ​​​៣​ទឹក​។ ​​

លោក​ថាបើ​ការប្រកួតមួយនោះមិនបាន​​តស៊ូ ហើយ​ប្រឹង​ប្រកួតប្ដូរទេ ក៏មិនអាច​យកឈ្នះលើកីឡាករ​ណាម ម៉ូរិន ដែលជាជើងខ្លាំងប្រចាំក្លិប​​​​​​​ពន្លឺ​សាមគ្គីខេត្តបាត់ដំបង​បានឡើយ។ ក្នុងនោះ​លោកក៏​មិនហ៊ានប្រាកដចិត្ត​បើជួបជាមួយកីឡាកររូប​នេះ​​​​ជាថ្មីម្ដងទៀត ក៏មិនប្រាកដថា​ឈ្នះដូចកាលពីល្ងាចថ្ងៃទី១៤ តុលា។

កីឡាករ ​​​​​​ណាម ម៉ូរិន ​ដែលបានធ្លាក់ចេញពី​ការប្រកួត​ទាំងមិនអស់ចិត្ត​​បានអះអាងថា លោកបរាជ័យការប្រកួត​គឺពិបាកទប់ខ្លាំង​​ក្នុងទឹកទី​២ និងទី​​៣ ​ទើប​ធ្វើអោយលោក​មិនអាចទៅរួច​ទើបធ្វើអោយ​​​​លោកត្រូវធ្លាក់ហាលអាវនៅក្នុងថ្ងៃនោះ។

លោកនិយាយថា​​៖ «​​​មុនពេលឡើងរេញ ខ្ញុំអត់គិតថា​ត្រូវចាញ់គាត់ចឹងទេ ​​​​នេះជា​បទពិសោធន៍​​មួយដែលខ្ញុំគិត​ថា​​​​​​ ការប្រកួតគឺពិតជាមិនអាច​មើលស្រាល ​តែខ្ញុំទទួលស្គាល់​​ថាគាត់ប្រកួត​ពេលហ្នឹងល្អមែន គឺមិនមែនឈ្នះខ្ញុំដោយចៃដន្យទេ!»។

លោក​​​សម្ដែងការសោកស្ដាយដែលការប្រកួត​​​ជម្រុះ​​​​​​សម្រាប់ការ​ដណ្ដើម​ជើងឯកមួយ​នេះ លោក​​​​ទៅ​មិន​រួច​​ក្នុងជុំដំបូង ​​ក្នុងពេលដែលលោកស្រម៉ៃថា​​ខ្លួនបើអាច​បានឡើងទៅវគ្គ​​១៦នាក់ គឺពិតជាសង្ឃឹមម្ដងទៀតក្នុង​វគ្គ​​​៨​នាក់។ ​​ក្នុងចំណោម​សមាសភាព​​៣២រូបដែលត្រូវប្រកួតគ្នា​​​ លោកសារភាពថាបេក្ខជន សៅ វណ្ណា មិនគួរជា​បេក្ខភាពដែលលោកត្រូវខ្លាចនោះទេ ប៉ុន្តែចុងក្រោយលោក​បានទទួលស្គាល់​ការបាត់បង់ឱកាសហើយ​ក្រោយពីការប្រកួត​​គ្នាពេញ​៣ទឹក​។ លោកបានទទួលស្គាល់​​ថាលទ្ធផលចាញ់ពិន្ទុ​​បង្គោលក្រហម​​ សៅ វណ្ណា មិនមែនកើតឡើងដោយសារតែគណកម្មការ​​ផ្ដល់​ពិន្ទុ​​​មិនសុគ្រិត ឬអាជ្ញាកណ្ដាល​លម្អៀងនោះទេ ប៉ុន្តែកើតឡើងពី​​ថ្វីដៃ​​​​របស់គូប្រកួត​ ដែលលោកក៏មិនស្មានដល់ថាការ​ប៉ះជាមួយ​​​​​​​គ្នានៅលើសង្វៀន​នោះ​គឺមិនអាចអោយ​​លោក​​​​​វាយ​មិន​បែក​​​​​​​​​បែបហ្នឹងសោះ។ ​លោកសន្យាពង្រឹងសមត្ថភាព​បន្ថែម​ទៀត បន្ទាប់ពីមានឈ្មោះបោះសំឡេងនៅលើសង្វៀន​​​​​​​​​​រាប់​មិនអស់មក​ហើយ ប៉ុន្តែបែរជា​​ឆ្លងមិនផុតវគ្គ​​​​ដំបូង​​៣២​​នាក់​​​យក​​​១៦​នាក់ នៅប៉ុស្ដិ៍លេខ​​៥។

លោក​​​​ ​​​​សេង កដិកា អ្នករៀបចំការប្រកួត​បានអះអាងថា​ការប្រកួត​ដណ្ដើម​​ជើងឯក​​មួយ​​នេះ លោកបានជ្រើស​​រើស​កីឡាករ​​​​​ក្នុងប្រភេទ​​​​៦៥គីឡូក្រាម​ចំនួន​​៣២រូប​មកពីក្លឹប​ផ្សេង​គ្នានៅទូទាំងប្រទេស ​​​ដោយក្នុងចំណោម​នោះគឺមាន​​សុទ្ធសឹងតែជាកីឡាករ​​​​​​​​ដែលមានឈ្មោះបោះសំឡេងតែម្ដង​ដូចជាកីឡាករ ធា នុរាជ ​​កីឡាករ​ម៉ន ចាន់​​ដារ៉ា កីឡាករ ផាន់គ្រាន់ កីឡាករ​រឿម វណ្ណៈ កីឡាករ មាស ច័ន្ទមាន​ និង កីឡាក ណាម ម៉ូរិន  ជាដើម ប៉ុន្តែ​ពេលនេះ​ជើងខ្លាំង​ ណាម ម៉ូរិន បានធ្លាក់​មួយហើយ ​បន្ទាប់ពីចាញ់ការ​ប្រកួត​ក្នុងជុំដំបូង​​​កាលពីថ្ងៃសៅរ៍ទី​​១៤ តុលា ​ខណៈដែលកីឡាករ​​​​​​​​​ជាច្រើនរូបទៀត​​នឹង​ឡើងប្រកួតជម្រុះ​គ្នា​​បែបនេះ​បន្តទៀត នៅរាល់ល្ងាចថ្ងៃសៅរ៍ រហូតទាល់តែរកឃើញអ្នក​មិនដែល​​​ចាញ់​​សោះ​​​​អោយធ្វើម្ចាស់ពានជើងឯក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ