ពលរដ្ឋបុរីកីឡាសុំឲ្យUNជំរុញទៅរដ្ឋាភិបាលពន្លឿនការដោះស្រាយដីធ្លី

ពលរដ្ឋនៅសហគមន៍​បុរីកីឡា (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

ពលរដ្ឋនៅសហគមន៍ដែលមិនទាន់ទទួលបានដំណោះស្រាយរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច សុំឲ្យអង្គការសហប្រជាជាតិជំរុញទៅរដ្ឋាភិបាលពន្លឿនការដោះស្រាយសំណង ជូនពួកគេ ខណៈមន្រ្តីរបស់អង្គការនេះចុះទៅសួរសុខទុក្ខអ្នកបុរីកីឡា នៅថ្ងៃនេះ។
ពលរដ្ឋសហគមន៍បុរីកីឡា អ្នកស្រី សោម សុម៉ាលី ប្រាប់វីអូឌីថា នៅព្រឹកថ្ងៃ១៥វិច្ឆិកាឆ្នាំ ២០១៦នេះ មន្រ្តីរបស់UNបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡាដែលមិនទាន់ ទទួលបានដំណោះស្រាយ។
អ្នកស្រីបន្តថា អំឡុងពេលកំពុងចុះសួរសុខទុក្ខនោះពលរដ្ឋបានរៀបរាប់ប្រាប់មន្រ្តីUNពីបញ្ហា ប្រឈមនានានៃការរស់នៅលើកំនរសម្រាម និងនៅលើអាគារចាស់ ហើយពួកគាត់បាន សុំឲ្យមន្រ្តីUNជួយជំរុញទៅរដ្ឋាបាលឲ្យពន្លឿនការដោះស្រាយបញ្ចប់ជូនពលរដ្ឋបុរីកីឡាដែល នៅសេសសល់។
អ្នកស្រីបន្ថែមថា៖« ពួកខ្ញុំបានសំណូមពរគាត់[មន្រ្តីUN]ឲ្យជួយជំរុញទៅរដ្ឋាភិបាលជួយដោះ ស្រាយពួកខ្ញុំដែលនៅសេសសល់ទាំងប៉ុន្មានហ្នឹងបានឆាប់ៗកុំឲ្យវាជាជំងឺរាំរ៉ៃអញ្ចឹង»។
អ្នកស្រី សោម សុម៉ាលី ឲ្យដឹងថា មន្រ្តីUNបានទទួលយកសំណើររបស់ពួកគាត់ ហើយបាន សន្យាយកសំណើរនេះទៅជជែកជារដ្ឋាភិបាល។
បើតាមតំណាងពលរដ្ឋសហគមន៍បុរីកីឡាអ្នកស្រី ស ស៊ន ឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋបុរីកីឡា ដែលនៅសេសសល់ទាំងនោះកំពុងជួបបញ្ហាប្រឈមជាច្រើនដូចជា ខ្វះខាតជីវភាព គ្មានជំរកនៅ សមរម្យ និងកើតជំងឺផ្សេងៗជាដើម។
អ្នកស្រីបន្ថែមថា៖«និយាយពីពិបាក ពិបាកគ្រប់យ៉ាងទាំងអស់ហ្នឹង តាំងពីជីវភាពរស់នៅ តាំងពីសុខភាព ហើយបាត់បង់តាំងការរៀនសូត្រកូនចៅ ហើយជំរកខែភ្លៀងអញ្ចឹងវាលិច»។
អ្នកស្រីបន្តថាពួកគាត់ទាមទារអភិវឌ្ឍន៍នៅនឹងកន្លែងដោយសុំឲ្យរដ្ឋាភិបាលជំរុញទៅក្រុមហ៊ុនឲ្យសង់គ្រប់១០អាគារតាមការសន្យា ដោយថាបើមិនធ្វើតាមការសន្យាទេពួកនៅតែបន្តតវ៉ា។
តែយ៉ាងណាកន្លងមកម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផានធ្លាប់ប្រាប់វីអូឌីថាអ្នក ស្រីបានដោះស្រាយបញ្ហាជម្លោះដីធ្លីនៅសហគមន៍បុរីកីនេះរួចរាល់ហើយ។
ចំណែកអ្នកនាំពាក្យសាលារាជភ្នំពេញលោកមាន ចាន់យ៉ាដា មានប្រសាសន៍ថា សាលារាជ ធានីភ្នំពេញបានដោះស្រាយជូនពលរដ្ឋបុរីកីឡាជិតអស់ហើយ គឺនៅចំនួនតិចតួចប៉ុណ្ណោះ។
លោកថា សាលារាជធានីភ្នំពេញនឹងបន្តដោះស្រាយអ្នកនៅសេសសល់ទាំងនោះឲ្យបានឆាប់ ប្រសិនបើពួកគេមានចេនាក្នុងការដោះស្រាយពិតប្រាកដ។
លោកបន្ថែមថា៖«ដោះអស់ហើយនៅសល់១០នាក់ហ្នឹងពួកគាត់ទាំងអស់ហ្នឹងគឺពិបាក ដោយ អ្នកខ្លះត្រូវបានគេប្រើប្រាស់ធ្វើរឿងនយោបាយ វាមិនមែនជាការតវ៉ាសម្រាប់ផ្ទះគាត់នៅទេ ពួកគាត់ដឹងខ្លួនឯងច្បាស់ហើយ»។
កាលពីឆ្នាំ២០០៨ក្រុមហ៊ុន ផាន អ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផានទទួលបានសិទ្ធិពីរដ្ឋាភិបាល ធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អាគារចំនួន១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បាន៨អាគារក៏ផ្អាកការសាងសង់ ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលបញ្ហានេះធ្វើឲ្យពលរដ្ឋនៅទីនោះផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។
ក្រោមគម្រោងអភិវឌ្ឍន៍នេះដែរ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរ និងក្រុមហ៊ុនធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំដែលរហូតមកដល់ពេលនេះនៅសល់ប្រជាពលរដ្ឋជាង១០គ្រួសារទៀត កំពុងបន្តរស់នៅលើអាគារចាស់និងលើគំនរសំរាមដើម្បីរងចាំដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ