លោកគៀត ច័ន្ធថារិទ្ធិ៖ អ្នកចូលរួមបុណ្យអុំទូកមានចំនួន​តិចដោយសារសង្គមជាតិរីកចម្រើន​

 

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិពន្យល់ថា ចំនួនអ្នកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានចំនួនថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ ដោយសារតែសង្គមជាតិមានការរីកចម្រើនទាំងជីវភាពពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា អ្នកចូលរួមពិធីបុណ្យអុំទូកនៅថ្ងៃទី១ក្នុងឆ្នាំនេះ មានប្រមាណ៧០ម៉ឺននាក់ ដែលចំនួននេះ តិចបើប្រៀបធៀបឆ្នាំមុនៗគឺថ្ងៃទី១មានប្រមាណជាង១លាននាក់។

ក្នុងវេទិកាភ្ញៀវប្រចាំសប្តាហ៍របស់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី១៤ខែវិច្ឆិកា លោក គៀត ច័ន្ទថារិទ្ធិ បានបកស្រាយថា ចំនួនពលរដ្ឋចូលរួមមានចំនួនតិចនេះ អាចដោយសារតែនោះជាថ្ងៃចាប់ផ្តើម ហើយម្យ៉ាងលោកថា ដោយសារការរីកចម្រើនសង្គមជាតិ។ ការរីកចម្រើនសង្គមជាតិលោកពន្យល់ថា គឺពលរដ្ឋមានជីវភាពធូរធាអាចទិញទូរទស្សន៍មើលពិធីបុណ្យអុំទូកនៅផ្ទះបាន និង មូលហេតុមួយទៀតគឺហេដ្ឋារចនាសម្ព័ន្ធល្អ ដែលធ្វើឲ្យពលរដ្ឋងាយធ្វើដំណើរនាំឲ្យពលរដ្ឋភាគច្រើនស្គាល់ភ្នំពេញ ទើបពេលបុណ្យអុំទូកពលរដ្ឋមិនសូវចង់មកចូលរួមផ្ទាល់ដូចកាលមុន។

ចំណែកអ្នកធ្វើការផ្នែកអភិវឌ្ឍន៍សង្គម លើកឡើងថា ពលរដ្ឋចូលរួមបុណ្យអុំទូកតិចដោយសារតែ ពលរដ្ឋនៅភ័យខ្លាចហេតុហេតុការណ៍ជាន់គ្នានៅស្ពានកោះពេលបុណ្យអុំទូកកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ស្លាប់អស់៣៥៣នាក់ និង របួសជាង៤០០នាក់។ អ្នកខ្លះទៀតថា ដោយសារពលរដ្ឋមានជីវភាពលំបាកមិនសូវមានលុយចាយ ម្យ៉ាងបារម្ភបញ្ហាអសន្តិសុខ ចោរកម្ម និង បញ្ហាចរាចរណ៍ផង។

ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធិ ច្រានចោលការលើកឡើងទាំងនោះលោកបញ្ជាក់ថា បញ្ហាសន្តិសុខត្រូវរក្សាល្អ ហើយពលរដ្ឋបច្ចុប្បន្នមិនមានការភ័យខ្លាចអ្វីនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ