ពលរដ្ឋចូលរួមក្នុងពិធីបុណ្យអុំទូកត្អូញត្អែរតម្លៃផ្ញើម៉ូតូថ្លៃ

ពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ត្អូញត្អែរពីតម្លៃផ្ញើម៉ូតូថា យកថ្លៃហួសហេតុ ដោយម៉ូតូមួយគ្រឿងតម្លៃ ៥ពាន់ ទៅ ១ម៉ឺន រៀល  ខណៈដែលតម្លៃផ្ញើរធម្មតា ពី ៥០០ ទៅ ១ពាន់រៀលតែប៉ុណ្ណោះ។

លោក ថន ថេរ ប្រាប់អ្នកសាព័ត៌មានវីអូឌីនៅថ្ងៃអង្គារនេះ ថា  ចាប់ពីថ្ងៃបុណ្យកន្លែងផ្ញើម៉ូតូបានតម្លើងថ្លៃខ្លាំង ដោយម៉ូតូមួយគ្រឿងគឺមានតម្លៃ ៥ពាន់ ទៅ១ម៉ឺន រៀល លោកថា ការយកតម្លៃច្រើនទ្វេដងនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋដែលសូវមានជីវភាពធូធារ។

លោកថា៖” តាមទូទៅថាឲ្យនេះ យ៉ាងច្រើន ១៥០០រៀលគឺច្រើនពេក ហ្នឹងហើយសូមឲ្យអាជ្ញាធរជួយគិតគួរ ដល់ប្រជាពលរដ្ឋផង កុំឲ្យគាត់ពិបាករឿងថ្លៃផ្ញើម៉ូតូ”។

អ្នកស្រី នូវ សុខហេង  ហាក់បង្ហាញការងឿងឆ្ងល់ថា អាជ្ញាធរ មិនមានវិធានការអ្វី ចំពោះការតម្លើងថ្លៃផ្ញើម៉ូតូ ខណៈដែលតម្លៃតាមធម្មតាតែ ៥០០ ទៅ ១០០០ រៀល។ អ្នកស្រីថា អាជ្ញាធរគួរតែពិនិត្យមើលបញ្ហានេះឡើងវិញ  កុំឲ្យឆ្នាំក្រោយៗមានការតម្លើងផ្ញើម៉ូតូដូចឆ្នាំនេះ ។

អ្នកស្រីថា៖”ច្រើនដែលតែគ្រាន់តែថា បើឆ្នាំក្រោយៗ គេសម្រួលទៅហ្នឹងស្រួលចឹង ស្រួលដូចថាធ្វើដំណើរ ពេលផ្ញើដូចថាតម្លៃថ្លៃចឹងកន្លែងខ្លះដូចថា ១៥០០០ កន្លែងខ្លះ ៥០០០ រៀល“។

និសិ្សតម្នាក់មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កញ្ញា ឡាំ សុវណ្ណី បង្ហាញថាការខកចិត្តចំពោះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដោយមិនបានដាក់ចិត្តទុកដាក់ ហើយបណ្ដោយឲ្យអ្នកម៉ៅការកន្លែងផ្ញើរម៉ូតតម្លើងថ្លៃខ្លាំងនៅថ្ងៃបុណ្យទានដូចនេះ ។ កញ្ញាថា  បើតាមតម្លៃធម្មតាដែលកញ្ញាផ្ញើរម៉ូតូមួយគ្រឿង គឺយ៉ាងច្រើនតម្លៃត្រឹមតែ ១០០០ រៀលតែប៉ុណ្ណោះ  ។

 

កញ្ញា ស្នើទៅរដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ធដែលរៀបចំពិធីបុណ្យជាតិ ត្រូវតែចាត់វិធាន កុំឲ្យមានការតម្លើងថ្លៃម៉ូតូដូចឆ្នាំនេះទៀត ព្រោះប្រជាពលរដ្ឋខ្លះឡើងមកពីខេត្តដើម្បីលេងបុណ្យដោយពួកគាត់ចំណាយថវិកាច្រើនក្នុងការចាយវាយ  ហើយត្រូវចំណាយថ្លៃផ្ញើម៉ូតូមានថ្លៃខ្លាំងទៀត ។

កញ្ញា៖”អាជ្ញាធរគួរតែជម្រាបប្រាប់ជូនដល់អ្នកដែលទទួលផ្ញើម៉ូតូឲ្យបានជ្រាបជាមុន  នៅមុនថ្ងៃបុណ្យអុំទូក ថាតើយើងមិនគួរមានការតម្លៃថ្លៃម៉ូតូនោះទេ  ព្រោះអីថ្ងៃពិធីបុណ្យអុំទូក គួរតែជាថ្ងៃមួយដែលត្រូវគាប់ចិត្តដល់ប្រជាពលរដ្ឋខែ្មរធ្វើយ៉ាងណាឲ្យគាត់មានភាពងាយស្រួយ ។  មិនគួរណាតម្លៃថ្លៃម៉ូតូទេ  ព្រោះអីអាការតម្លៃថ្លៃម៉ូតូហ្នឹង យើងអត់មានច្បាប់ណាថា ថ្ងៃនេះអ្នកឯងតម្លៃ ៥០០ ថ្ងៃនេះអ្នកឯងតម្លើង ៥០០០ រៀល យើងអត់មានច្បាប់ណាដែលថា ពេលថ្ងៃបុណ្យអ្នកឯងត្រូវតែឡើងថ្លៃទេ ។ ចឹងសូណូមពរឲ្យទាំងអាជ្ញាធរ ទាំងអ្នកជួញដូចធ្វើអាជីវកម្ម ផ្នែកផ្ញើម៉ូតូហ្នឹងសូមជួយសហការគ្នាធ្វើយ៉ាងណាឲ្យតម្លៃផ្ញើរម៉ូតូមានភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចថា ៥០០ ទៅ ១០០រៀលក៏បានដែរ ព្រោះអីកន្លែងមិនមានអីឡើងថ្លៃទេ”។

អ្នកផ្ញើម៉ូតូ អះអាង ដូចគ្នាថា  ពួកគាត់ផ្ញើម៉ូតូនៅជិតវត្តលង្កា តម្លៃ១០០០រៀល ហើយជិតមាត់ទន្លេរវិញ គឺតម្លៃ ៥០០០ រៀល ។

ទាក់ទងការតម្លៃផ្ញើរម៉ូតូថ្លៃនេះ  អ្នកទទួលផ្ញើម៉ូតូម្នាក់សុំមិនបញចេញឈ្មោះ និងសំឡេងអះអាងថា បានជាពួកគាត់យកតម្លៃថ្លៃ ដោយសារតែពួកគាត់ត្រូវចំណាយច្រើនទៅឲ្យអាជ្ញាធរ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចាត់ទុកការដែលឲ្យអ្នកទទួលផ្ញើម៉ូតូតម្លើងថ្លៃនេះថា ជាការខ្លះចន្លោះរបស់គណៈកម្មាធិការរៀបចំបុណ្យដែលមិនបានពិនិត្យមើលបញ្ហានេះ។ លោកសង្ស័យថា ចំពោះការឡើងតម្លៃម៉ូតូ ក្នុងថ្ងៃបុណ្យជាតិនេះ ជាប់ពាក់ព័ន្ធអំពើពុករលួយ។  លោកថា គណៈកម្មាធិការរៀបចំបុណ្យជាតិ គួរបង្កើតគណៈកម្មការមួយត្រួតពិនិត្យមើលបញ្ហានេះ និងត្រូវមានវិធានការទៅលើមន្ត្រីខិលខូចទាំងនោះ ដើម្បីកុំឲ្យបញ្ហានេះកើតមានឡើងបន្តទៀត។

លោកថា៖”អំពាវនាវទៅដល់អាជ្ញាធររដ្ឋាភិបាល ជាពិសេសប្រមុខរដ្ឋាភិបាលពិនិត្យឡើងវិញ និងបង្កើតគណៈកម្មការជាបន្ទាន់មួយ បន្ទាប់ពីវិធីបុណ្យអុំទូកចប់ ដើម្បីស្រាវជ្រាវទៅលើបញ្ហាភាពមិនប្រក្រតីនៃការផ្ញើរម៉ូតូ របស់ឈ្មួញូនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ជាបន្ទាន់ដើម្បីកុំឲ្យជំងឺ នៃអំពើពុករលួយ ជំងឺនៃការយកលុយកប់ក្ដោងពីសំណាក់ឈ្មួញទាំងនោះមកលើប្រជាពលរដ្ឋតទៅទៀត ។ ព្រោះប្រសិនបើបណ្ដោយឲ្យរឿងដដែលៗ ឃើញថាអំពើពុករលួយ មិនអាចកាត់ផ្ដាច់បានទេ ដើម្បីធានានូវការរស់នៅ ធានានៅការទុកចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីធានាឲ្យប្រជាពលរដ្ឋចូលរួមបានច្រើន រដ្ឋាភិបាលត្រូវតែទប់ស្កាត់ហ្នឹង និងបង្កើតគណៈកម្មការជាបន្ទាន់ដើម្បីស៊ើបអង្កេតករណីដែលផ្ញើរម៉ូតូយកតម្លៃកប់ក្ដោងរហូតដល់រាប់ម៉ឺនលុយខ្មែរមែននេះ យើងឃើញថាត្រូវតែមានវិធានការជាក់មួយដើម្បីជាសេចក្ដីទុកចិត្តមួយសម្រាប់ប្រជាពលរដ្ឋផងដែរ”។

ក្រសួងសេដ្ឋកិច្ចបានកំណត់ថា តម្លៃផ្ញើម៉ូតូ គឺត្រូវយកតែ៥០០រៀលប៉ុណ្ណោះប៉ុន្តែនៅថ្ងៃធម្មតាអ្នកទទួលផ្ញើបានយកដល់១០០០រៀល តែអ្នកផ្ញើម៉ូតូមិនសូវមានប្រតិកម្មប៉ុន្មានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ