មនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតបាត់ខ្លួន ខណៈលិចទូកទេសចរណ៍នៅខេត្តកំពត

សមត្ថកិច្ចឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតបាត់ខ្លួន ខណៈលិចទូកទេសចរណ៍នៅខេត្តកំពតកាលពីយប់មិញ ដោយសមត្ថកិច្ចសន្និដ្ឋានថាអាចមកពីផ្ទុកភ្ញៀវលើសចំណុះ។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់VODនៅថ្ងៃអង្គារនេះថា ព័ត៌មានបឋម ទូកទេសចរណ៍នៅខេត្តកំពតបានដឹកភ្ញៀវប្រមាណជា៧០ទៅ៨០នាក់ ដើម្បីធ្វើដំណើរទៅមើលធម្មជាតិនិងមើលអំពិលអំពែកពេលយប់ ប៉ុន្តែលោកថា ទូកនោះបានលិច នៅពេលបើកដល់ម្តុំស្ពានថ្មី កាលពីម៉ោងប្រមាណ៩.២០នាទីយប់ម្សិលមិញ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតបាត់ខ្លួន ខណៈមនុស្សជិត៨០នាក់ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។ លោកថា ការលិចទូកនោះ ទំនងជាដឹកភ្ញៀវលើសចំណុះ៖«ទូកនេះអាចដឹកលើចំណុះ ហើយគួបផ្សំនឹងទឹកវានាច វាអាចគឿងជាមួយខ្សាច់ពីក្រោម ប៉ះទង្គិចវាបែកបាត់ទុកពីក្រោម ឥឡូវនេះស្លាប់ពីរនាក់ បាត់ខ្លួនពីរនាក់ ហើយពីរនាក់យើងសន្និដ្ឋានថា ប្រហែលជាស្លាប់ដែរហើយ»

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃអង្គារនេះ សមត្ថកិច្ចបានឃាត់ខ្លួននិងសាកសួរម្ចាស់ទូកឈ្មោះ សុខ លីម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការច្បាប់។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូខេត្តកំពត លោក យន់ ផល្លី ដែលតាមដានករណីនេះ យល់ថា អាជ្ញាធរត្រូវចាត់វិធានការច្បាប់លើម្ចាស់ទូកដែលដឹកភ្ញៀវលើសចំណុះនោះ ដោយថាដើម្បីផ្តល់យុត្តិធម៌ឲ្យអ្នកស្លាប់។ លើសពីនេះទៀត លោកថា ដើម្បីការពារហានិភ័យបែបនេះ អាជ្ញាធរត្រូវអប់រំដល់ម្ចាស់ទូកទេសចរណ៍ទំាងអស់ឲ្យផ្ទុកភ្ញៀវកុំឲ្យលើសចំណុះ៖«អាជ្ញាធរលោកគួរតែមានវិធានការ ចំពោះម្ចាស់ទូក យើងត្រូវតែផ្សព្វផ្សាយធ្វើយ៉ាងម៉េចដាក់ឲ្យមានចំណុះត្រឹមត្រូវ បើសិនជាយើងដាក់សុទ្ធតែចង់បានផល ប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីគ្រោះថ្នាក់អ្នកដទៃគឺមិនបានទេ អាជ្ញាធរត្រូវមានវិធានការនឹងការទប់ស្កាត់ ផ្សព្វផ្សាយដល់ក្រុមថៅកែទំាងអស់ មានន័យថា ទូកត្រូវដាក់ចំណុះប៉ុន្មានជាសុវត្ថិភាពទៅដល់ភ្ញៀវ»

ឆ្លើយតបនឹងករណីនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ថា ក្រុមការងារបានជម្រាបទៅម្ចាស់ទូកទេសចរណ៍ផ្អាកដឹកភ្ញៀវបណ្តោះអាសន្នចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ដោយថាទុកឲ្យពួកគេបំពេញបែបបទស្នើមកអាជ្ញាធរឡើងវិញ ពីចំនួនភ្ញៀវដែលត្រូវដឹកឲ្យបានច្បាស់លាស់ និងដាក់អាវពោងការពារឲ្យគ្រប់ចំនួនភ្ញៀវដែលត្រូវជិះ ជៀសវៀងកុំឲ្យមានរឿងបែបនេះកើតឡើងទៀត។

សូមរំឮកផងដែរ មុនពិធីបុណ្យអ៊ុំទូកពីរថ្ងៃ កីឡាករប្រណាំងទូក ង ចំនួនពីរនាក់ បានបាត់ខ្លួនក្រោយពេលដែលសណ្តោងទូក ង មកត្រៀមប្រណាំង ខណៈមកដល់ចំណុចមុខវាំង បានបុកជាមួយទូកវៀតណាមដឹកភ្ញៀវទេសចរណ៍កំសាន្ត។ សពបុរសទាំងពីរនាក់ទើបអណ្តែតឡើងពីរថ្ងៃក្រោយហេតុការណ៍នោះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ