បទ​វិភាគ៖ តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​លោក ដូណាល់ ត្រាំ ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក?

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន បានបង្ហាញថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាអនាគតប្រធានាធិបតីថ្មីរបស់អាមេរិក បន្ទាប់ពីអាណត្តិប្រធានាធិបតីសព្វថ្ងៃ លោក បារ៉ាក់ អូបាម៉ា គ្រោងនឹងផុតកំណត់នៅចុងឆ្នាំ២០១៦នេះ។

ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក នោះក៏ព្រោះតែ ការព្យាករ និងការស្ទាប់ស្ទង់មតិ បង្ហាញថា បេក្ខនារីប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន នឹងឈ្នះការបោះឆ្នោតនោះ។

ជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់លោក ត្រាំ នេះ បានបង្កឲ្យមានមន្ទិលសង្ស័យថា តើនឹងមានអ្វីកើតឡើងទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក បន្ទាប់ពីមហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មីរបស់អាមេរិក។

ជាដំបូងយើងពិនិត្យមើលអ្វីបាននិងកំពុងកើតឡើងនៅសហរដ្ឋអាមេរិក តាមរយៈការចុះផ្សាយជាហូរហែររបស់សារព័ត៌មានអន្តរជាតិធំៗ។

សារព័ត៌មាន CNN របស់អាមេរិក បានចុះផ្សាយថា ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ដែលខឹងសម្បារទៅនឹងជ័យជម្នះរបស់លោក ត្រាំ នោះ បានប្រមូលផ្ដុំគ្នានៅតាមបណ្ដារដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។

បើតាម CNN បាតុកម្មប្រឆាំង លោក ត្រាំ បានចាប់ផ្ដើមក្រោយពីលទ្ធផលឆ្នោតបង្ហាញថា លោក ត្រាំ ឈ្នះអ្នកស្រី ហ៊ីលឡារី គ្លីនតុន ហើយបាតុកម្មនោះ នៅតែបន្តកើតមានរហូតមកដល់ដើមសប្ដាហ៍នេះ។

បាតុកម្មប្រឆាំងលោក ត្រាំ បានផ្ទុះឡើងនៅតាមរដ្ឋ និងទីក្រុងសំខាន់ៗ ដូចជា នៅរដ្ឋធានីវ៉ាស៊ីងតោន ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងម៉ៃអាមី ទីក្រុងញូវយ៉ក ទីក្រុងឡូសអែនជឺឡែស និងរដ្ឋម៉ាសាឈូសេត ជាដើម។

បើតាមសារព័ត៌មានដដែលនេះ បាតុកម្មប្រឆាំងលោក ត្រាំ មិនមែនជាការតវ៉ាប្រឆាំងទៅនឹងជ័យជម្នះរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុននោះឡើយ ប៉ុន្តែ វាជាការតវ៉ាជំទាស់ទៅនឹងគោលនយោបាយជ្រុលនិយមរបស់លោក ត្រាំ ទៅលើបញ្ហាបរិស្ថាន សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ការរើសអើងជាតិសាសន៍ប្រឆាំងទៅនឹងពលរដ្ឋមូស្លីម ពលរដ្ឋអាមេរិកនិយាយភាសាអេស្ប៉ាញ់ និងបញ្ហាដទៃទៀត។

ការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ ក៏ព្រោះតែលោក ត្រាំ បានថ្លែងនៅអំឡុងពេលឃោសនាបោះឆ្នោតថា លោកនឹងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លោក ត្រាំ បានលើកឡើងថា លោកនឹងពិចារណាសាងសង់កំផែងនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍មកពីតំបន់អាមេរិកខាងត្បូង។ សម្ដីបែបនេះរបស់លោក ត្រាំ បានជំរុញឲ្យពលរដ្ឋអាមេរិកនៅទីក្រុងម៉ៃអាមី ក្នុងរដ្ឋផ្លរីដា ចេញតវ៉ាដោយលើកពាក្យស្លោកថា “កសាងស្ពាន មិនមែនកំផែងព្រំដែនទេ”។

នៅឯរដ្ឋអាយអូវ៉ា ស្ថិតនៅភាគកណ្ដាលសហរដ្ឋអាមេរិក ក្រុមអ្នកតវ៉ាបានប្រាប់ថា ពួកគេចង់ផ្ញើសារទៅអនាគតប្រធានាធិបតីថ្មីថា គោលនយោបាយជ្រុលនិយមដែលជំរុញឲ្យមានអំពើហិង្សា និងការរើសអើងពណ៌សម្បុរ ជាតិសាសន៍ និងភេទ ជាពិសេសក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានោះ ពលរដ្ឋមិនអាចទទួលយកបាននោះឡើយ។

ចំណែកនៅឯទីក្រុងញូវយ៉ក ក្រុមបាតុករអំពាវនាវទៅប្រធានាធិបតីជាប់ឆ្នោតថ្មីនេះ ឲ្យទទួលស្គាល់កំហុសខ្លួនឯង ដែលបានជំរុញឲ្យមានការបែកបាក់ក្នុងសង្គម ក៏ព្រោះតែអ្វីដែលលោកបានថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក ដោយខ្វះការទទួលខុសត្រូវ។

នៅឯទីក្រុងអាត្លង់តាក្នុងរដ្ឋហ្សកហ្ស៊ីឯណោះវិញ ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា សារដ៏សាមញ្ញរបស់ពួកគេគឺថា គេមិនគោរពប្រធានាធិបតី ក៏ដូចជាមេដឹកនាំអនាគតណា ដែលតែងតែបង្កភាពភ័យខ្លាច និងកុហកពលរដ្ឋខ្លួនឯងនោះឡើយ។ ពួកគេថា ធ្វើជាប្រធានាធិបតី មិនត្រូវគិតថា ពលរដ្ឋអាមេរិកស្បែកស ល្អជាងគេនោះទេ។

រឹតតែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺការអំពាវនាវបំបែកខ្លួនចេញពីសហរដ្ឋអាមេរិក ដែលកំពុងរីករាលដាលនៅរដ្ឋកាលីហ្វនីញ៉ា បន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Twitter ស្លោក កាលីហ្វីហ្ស៊ីត (Califexit) ត្រូវបានគេចែកចាយព្រោងព្រាត។ វាគឺជាពាក្យកាត់ពីឃ្លាពេញថា California Exit ឬមានន័យថា រដ្ឋកាលីហ្វនីញ៉ា ដើរចាកចេញ ដែលស្រដៀងគ្នាទៅនឹងដំណើរចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបកាលពីខែមិថុនាកន្លងមកផងដែរ។

តើហេតុអ្វីបានពលរដ្ឋអាមេរិកនៅរដ្ឋកាលីហ្វនីញ៉ាចង់ចាកចេញពីសហរដ្ឋអាមេរិក? គ្មានអ្វីដែលពិបាកយល់នោះឡើយ ព្រោះថា ពលរដ្ឋជាង ៦១ភាគរយនៅក្នុងរដ្ឋមួយនេះ បានបោះឆ្នោតឲ្យអ្នកស្រី ហ៊ីលឡារី គ្លីនតុន ដែលនេះគឺអត្រាខ្ពស់ជាងគេបំផុត បើធៀបទៅនឹងរដ្ឋដទៃទៀតរបស់អាមេរិក។ ក្រៅពីនេះ ពលរដ្ឋអាមេរិកដល់ទៅជាង ២៨ភាគរយ នៅក្នុងរដ្ឋស្តុកស្ដមមួយនេះ គឺជាអ្នកនិយាយភាសាអេស្ប៉ាញ់ ឬនិយាយម្យ៉ាងទៀតថា គឺជាពលរដ្ឋអាមេរិកមានដើមកំណើតមកពីតំបន់អាមេរិកឡាទីន។ ក្រុមពលរដ្ឋអាមេរិកនិយាយភាសាអេស្ប៉ាញ់ មិនចូលចិត្តលោក ត្រាំ នោះឡើយ នោះក៏ដោយសារតែលោក ត្រាំ បានរើសអើងពួកគេ ចាត់ទុកពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវនិរទេសចេញ។ លើសពីនេះ រដ្ឋមួយនេះស្ថិតនៅភាគខាងលិចអាមេរិក និងមានព្រំដែនគោកជាប់ជាមួយប្រទេសម៉ិកស៊ិក ដែលអាចស្ថិតនៅក្នុងគោលដៅនៃការកសាងកំផែងព្រំដែនរបស់លោក ត្រាំ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍។

ប្រសិនបើរដ្ឋកាលីហ្វនីញ៉ាបំបែកខ្លួនចេញមែននោះ អាមេរិកនឹងខាតបង់ដែនដីស្ដុកស្ដមបំផុតរបស់ខ្លួន។ រដ្ឋកាលីហ្វនីញ៉ា មានទំហំផ្ទៃដីជាង ៤០០ពាន់គីឡូម៉ែត្រ ឬធំជាងប្រទេសកម្ពុជាដល់ទៅជិត ៣ដងឯណោះ និងមានប្រជាពលរដ្ឋដល់ទៅជាង ៣៩លាននាក់ ពោលគឺជារដ្ឋមានប្រជាជនច្រើនបំផុតនៅសហរដ្ឋអាមេរិក។ បើនិយាយអំពីវិស័យសេដ្ឋកិច្ច កាលីហ្វនីញ៉ាមានផលិតផលក្នុងស្រុកសរុបធំជាងគេបំផុតនៅអាមេរិក ដោយមាន GDP ដល់ទៅ ២.៥ពាន់ពាន់លានដុល្លារ។ ទំហំសេដ្ឋកិច្ចមហាសាលបែបនេះ អាចឲ្យរដ្ឋមួយនេះ ឈរនៅលំដាប់ទី ៦ នៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗលើពិភពលោក។ រដ្ឋមួយនេះ ក៏ជាមជ្ឈមណ្ឌលនៃវិស័យហិរញ្ញវត្ថុ ឧស្សាហកម្មភាពយន្ត វប្បធម៌ចម្រុះសាសន៍ និងជាមូលដ្ឋាននៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗផងដែរ ដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុនផលិតកុំព្យូទ័រ HP ក្រុមហ៊ុន Yahoo ជាដើម។ ដូច្នេះ ការតវ៉ារបស់ពលរដ្ឋនៅរដ្ឋមួយនេះ បានជំរុញឲ្យលោក ត្រាំ ចេញមកថ្លែងបន្ទន់ជំហររបស់លោក ជុំវិញគោលនយោបាយអន្តោប្រវេសន៍ ដែលលោកថា អាចនឹងចាប់បញ្ជូនជនអន្តោរប្រវេសន៍ប្រហែល ៣លាននាក់ចេញពីអាមេរិក។

សម្រាប់ទីផ្សារហិរញ្ញវត្ថុឯណោះវិញ គ្រាន់តែដឹងថា លោក ត្រាំ បាននាំមុខលើអ្នកស្រី គ្លីនតុន នៅក្នុងការបោះឆ្នោតនោះ តម្លៃប្រាក់ដុល្លារបានដាំក្បាលចុះភ្លាម បើធៀបទៅនឹងរូបិយប័ណ្ណជប៉ុន និងប្រាក់អឺរ៉ូរបស់អឺរ៉ុប ហើយតម្លៃប្រាក់ប៉េសូរបស់ម៉ិកស៊ិក បានធ្លាក់ចុះខ្លាំងជាងគេ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះមកនៅត្រឹម ១ដុល្លារស្មើនឹង ១០១.៤៧យ៉េនប៉ុណ្ណោះ ដោយបានបាត់បង់អស់ ៣.៨ភាគរយ ហើយបាត់បង់អស់ ២ភាគរយ បើធៀបនឹងប្រាក់អឺរ៉ូ នៅឯទីផ្សារហិរញ្ញវត្ថុនៅទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានផ្សាយនៅដើមសប្ដាហ៍នេះថា បើទោះបីជាបានងើបឡើងវិញខ្លះក៏ដោយ ប្រាក់ដុល្លារអាមេរិកនៅស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះនៅឡើយ ចាប់តាំងពីលោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីសប្ដាហ៍មុន។ គិតត្រឹមចុងសប្ដាហ៍កន្លងមកនេះ ទីផ្សារមូលបត្រទូទាំងពិភពលោក បានខាតបង់អស់ជាង ១ពាន់ពាន់លានដុល្លារ ដែលជាការខាតបង់ធំបំផុតនៅក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ