HRW ស្នើតុលាការកំពូលថា កុំរំលាយសង្គ្រោះជាតិតាមបញ្ជារបស់បក្សកាន់អំណាច

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ អំពាវនាវឲ្យតុលាការកំពូល បង្ហាញឯករាជ្យភាព និងអំណាចរបស់ខ្លួន ដោយស្នើកុំឲ្យរំលាយបក្សប្រឆាំង​ តាមចង់បានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ការអំពាវនាវនេះ ធ្វើឡើងស្របពេលតុលាការកំពូលនឹងបើកសវនការ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍ទី១៦វិច្ឆិកាស្អែកនេះ ក្រោមការចោទប្រកាន់ថា រៀបចំធ្វើបដិវត្តន៍ពណ៌ និងឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch ហៅការចោទប្រកាន់ មកលើគណបក្សសង្គ្រោះជាតិទាំងនោះថា គ្មានមូលដ្ឋាន និងថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងភ័យខ្លាចនឹងការចាញ់ឆ្នោតនៅឆ្នាំក្រោយ។

អង្គការអន្ដរជាតិ Human Rights Watch យល់ថា បើគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស នឹងត្រូវគេរំលាយមែននោះ នឹងធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា ប្រឈមនឹងសេចក្ដីស្លាប់ ហើយថា ការបោះឆ្នោត ដែលគ្មានបក្សប្រឆាំងមួយចូលរួមនោះ នឹងមិនអាចទទួលយកបានឡើយ។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះ ស្នើឲ្យតុលាការកំពូល កុំសម្រេចរំលាយបក្សប្រឆាំង តាមការចង់បានរបស់គណបក្សអំណាច ដោយថា ដើម្បីបង្ហាញពីឯករាជ្យភាព និងអំណាច របស់ស្ថាប័នកំពូលមួយនេះ។

បើតាមសេចក្ដីថ្លែងការណ៍ នាយកប្រតិបត្តិអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Brad Adams មានប្រសាសន៍ថា «លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហាក់ភ័យខ្លាចថា គាត់នឹងចាញ់ការបោះឆ្នោត ដែលនឹងរៀបចំនៅឆ្នាំ២០១៨។ ដូច្នេះ គាត់កំពុងប្រើប្រាស់ជម្រើសអំណាច ដើម្បីកម្ចាត់បក្សប្រឆាំង។ ទោះបីជាតុលាការកំពូលជាអង្គការដ៏មានប្រសិទ្ធិភាពរបស់បក្សកាន់អំណាចក៏ដោយ ប៉ុន្ដែស្ថាប័នមួយនេះ មានឱកាស អាចបង្ហាញពីឯករាជ្យភាព និងពង្រឹងការអនុវត្តច្បាប់»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ​ ឥសាន ច្រានចោលការចោទប្រកាន់នេះ ដោយថា សេចក្ដីសម្រេចយ៉ាងណានោះ ទុកឲ្យតុលាការកំពូលសម្រេចនៅថ្ងៃស្អែក។

លោកថា៖ «កាត់ត្រូវចិត្តបានថា ល្អ កាត់មិនត្រូវចិត្តខ្លួនឯង ថាមិនល្អ អាហ្នឹង មិនអាចយកជាការបានទេ ពីព្រោះបញ្ហាសំខាន់ គួរទុកឲ្យ រក្សាឯករាជ្យភាព និងឆន្ទានុសិទ្ធិ របស់តុលាការ ដែលសម្រេចទៅតាមនីតិវិធី នៃច្បាប់ និងទៅតាមពិរុទ្ធភាព នៃគណបក្សសាមី អាហ្នឹងបានត្រឹមត្រូវ មិនត្រូវមានបុរេវិនិច្ឆ័យជាមុនទេ បើកាត់មិនត្រូវចិត្ត ថាជាតុលាការអាយ៉ង របស់រាជរដ្ឋាភិបាល បើកាត់ត្រូវចិត្តខ្លួនឯង អាហ្នឹងគិតថា ម៉េចដែរ»។

តាមការគ្រោងទុក នៅថ្ងៃទី១៦ខែវិច្ឆិកាស្អែកនេះ តុលាការកំពូលនឹងបើកសវនការ លើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ករណីនេះ គណបក្សសង្គ្រោះជាតិ ថា ​ខ្លួនមិនដាក់ឯកសារ​តតាំង​​ក្តីនៅ​តុលាការនោះទេ ដោយយល់ថា នេះជារឿងនយោបាយ។

ស្របពេលតុលាការនឹងបើកសវនការ នៅថ្ងៃស្អែកនេះ តាមរយៈលិខិតចុះថ្ងៃទី៨វិច្ឆិកាកន្លងទៅ ក្រសួងមហាផ្ទៃ បានប្រកាសបន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែវិច្ឆិកា។ ក្រសួង ថែមទាំងបញ្ជាឲ្យកងកម្លាំង ត្រៀមឯកសណ្ឋានប្រយុទ្ធ និងបង្ក្រាបបាតុកម្ម បើសិនមានអ្នកប្រមូលផ្ដុំគ្នា តវ៉ានឹងការសម្រេចរបស់តុលាការកំពូល។

សហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សមួយនេះ ដោយពួកគេព្រមានពីហានិភ័យនានា នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញាប់ ហៅសកម្មភាពទាំងនោះ ថាជាការអនុវត្តច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ