វិភាគ៖ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​រំលាយ?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 6:13 PM | បទវិភាគ | 0 | 2746

ជោគ​វាសនា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នឹង​ត្រូវ​បាន​សម្រេច​ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃ​ស្អែក​នេះ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ដោយ​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​មួយ​នេះ ដែល​កាន់​កាប់​អាសនៈ​សភា​ដល់​ទៅ ៥៥ និង​កាន់​កាប់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ដល់​ទៅ​ជាង ៥​ពាន់។

ទោះបី​ជា​តុលាការ​កំពូល​មិន​ទាន់​បាន​សម្រេច​សេចក្ដី​ក៏​ដោយ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា គណបក្ស​មួយ​នេះ នឹង​ត្រូវ​រំលាយ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​លោក​ថែម​ទាំង​ហ៊ាន​ភ្នាល់​ ១ ទល់​នឹង ១០០​ទៀត​ផង។

បើ​ផ្អែក​ទៅ​លើ​សម្ដី​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ឥទ្ធិពល​ទៅ​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ អញ្ចឹង​គណបក្ស​សង្គ្រោះ​ជាតិ​ចៀស​មិន​ផុត​ពី​​ត្រូវ​បាន​រំលាយ​ចោល​នោះ​ទេ។

វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ពិត​ប្រាកដ​មែន​នោះ?

ដោយ​មើល​ទិដ្ឋភាព​​សង្វៀន​នយោបាយ​កម្ពុជា គ្មាន​ទៀត​ទេ​បក្ស​ប្រឆាំង​មួយ​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ។

មិន​ត្រឹម​តែ​គ្មាន​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​មួយ​ទេ ប៉ុន្តែ ប្រហែល​ជា​គ្មាន​ទេ​បេក្ខជន​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក ហ៊ុន សែន ព្រោះ​ថា មេដឹកនាំ និង​សមាជិក​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ក៏​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ដូច្នេះ វា​ច្បាស់​ណាស់​ថា លោក​ ហ៊ុន សែន និង​គណបក្ស​របស់​លោក អាច​បន្ត​កាន់​​អំណាច និង​គ្រប់​គ្រង​ប្រទេស​កម្ពុជា​មួយ​អាណត្តិ​ទៀត​ បើ​ទោះ​បី​ជា​គណបក្ស​ផ្សេង​​​ទៀត ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ក្ដី។

ទោះជាយ៉ាងណា បញ្ហា​ចម្រូង​ចម្រាស់​ប្រាកដ​ជា​កើត​ចេញ​ពី​លទ្ធផល​នៃ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ស្អែក​នេះ។

បញ្ហា​ចម្រូង​ចម្រាស់​ដំបូង​នោះ គឺ​ការ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​ក៏​នឹង​ប៉ះ​ពាល់​ផង​ដែរ​ដល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ។

អាមេរិក សហភាព​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត លើក​លែង​តែ​ចិន​កុម្មុយនីស្ត​ចេញ បាន​​ព្រមាន​រួច​ហើយ​ថា ពួកគេ​នឹង​មិន​ទទួល​ស្គាល់​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​នោះ​ទេ ប្រសិន​បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មែន​នោះ។

ប៉ុន្តែ ចំណុច​ត្រង់​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ថា មិន​ថា​នរណា​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​នោះ​ទេ លោក​មិន​ខ្វល់​នោះ​ឡើយ។

ប្រសិន​បើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពិត​ជា​មិន​ខ្វល់​ទៅ​នឹង​មតិ​អន្តរជាតិ​មែន នោះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា កម្ពុជា​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ស្រុង ហើយ​ទណ្ឌកម្ម​មិន​ថា​តិចឬ​ច្រើន​ទេ អាច​នឹង​ត្រូវ​បាន​អាមេរិក និង​សហភាព​អឺរ៉ុប​ដាក់​មក​លើ​ប្រទេស​កម្ពុជា។

ថ្មីៗ​នេះ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា ស្នើ​ឲ្យ​ដាក់​ចូល​ក្នុង​បញ្ជី​មួយ​ហៅ​កាត់​ថា SDN ជា​បញ្ជី​ឈ្មោះបុគ្គល​សំខាន់ៗ​​ដែល​ត្រូវ​បាន​អាមេរិក​ហាម​ឃាត់​មិន​ឲ្យ​ជាន់​ទឹក​ដី​របស់​គេ។ ដូច្នេះ វា​អាចនឹង​ប៉ះ​ពាល់​ដល់​បុគ្គល​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​មាន​ផល​ប្រយោជន៍​នៅ​លើ​ទឹក​ដី​អាមេរិក។

ក្រៅ​ពី​វិធានការ​ផ្នែក​ទិដ្ឋាការ ឬ​វីសា​នោះ ​អាមេរិក និង​សហភាព​អឺរ៉ុប​អាច​ពិចារណា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​​ប្រទេស​កម្ពុជា​ផងដែរ តាម​រយៈ​​ការ​លុប​ចោល​ការ​ផ្ដល់​ភាព​អនុ​គ្រោះ​​ពន្ធគយ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ ក្រោម​កម្មវិធី «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»។

ប្រសិន​បើ​វិធានការ​សេដ្ឋកិច្ច​​ណា​មួយ​ត្រូវ​បាន​ដាក់​មក​លើ​ប្រទេស​កម្ពុជា​មែន​នោះ បញ្ហា​ចោទ​នឹង​កើត​ឡើង​ទៅ​លើ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​កម្ពុជា ដែល​កំពុង​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​កម្មករ​កម្មការិនី​ជិត ១​លាន​នាក់ និង​ផ្ដល់​ផល​ប្រយោជន៍​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ផ្សេង​ទៀត។

វិធានការ​សេដ្ឋកិច្ច​ណា​មួយ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ប្រជាជន​ទេ វា​ថែម​ទាំង​ប៉ះ​ពាល់​ដល់​កំណើន​លូត​លាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផង​ដែរ ខណៈ​ដែល​ឧស្សាហកម្ម​កាត់​ដេរ គឺ​ជា​ឆ្អឹង​ខ្នង​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា ILO កាល​ពី​ថ្ងៃ​មករា​ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ថា​ វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង បាន​ចូល​រួម​ចំណែក​ដល់​ទៅ ១១​ភាគរយ ទៅ​ក្នុង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។  ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ទំនិញ​កម្ពុជា​ទាំង​មូល ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​​បរទេស។ ជាង​នេះ​ទៅ​ទៀត សហភាព​អឺរ៉ុបគឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជា ពោល​គឺ​ស្មើ​នឹង ៤៣​ភាគរយ​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ឈរ​នៅ​លំដាប់​ទី​២ ឬ​ស្មើ​នឹង ២៩​ភាគរយ នៃ​ទីផ្សារ​​ផលិត​ផល​កាត់​ដេរ​​របស់​កម្ពុជា​ទាំង​មូល។

ជា​រួម​មក សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ស្អែក​នេះ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ ទៅលើ​ប្រទេស និង​ប្រជាជន​កម្ពុជា៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required