នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:36 AM | សន្ដិសុខ | 0 | 19998 កម្លាំងសមត្ថកិច្ចដាក់របាំងបិទ

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃពុធទី១៥វិច្ឆិកានេះថា សមត្ថកិច្ច នឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូល ដោយថា ដើម្បីការពារករណី មានការតវ៉ាណាមួយ ដែលធ្វើឲ្យរំខាន ដល់ដំណើរការបើកសវនាការ។

នៅវីអូឌីពេលសួរថា​ តើនៅថ្ងៃស្អែកនេះ នគរបាលជាតិ នឹងត្រៀមដាក់កម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ដែរ? លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា លោកនៅមិនទាន់ដឹងនោះទេ ដោយរងចាំមើលពីសភាពការណ៍ជាក់ស្ដែង។

លោកមានប្រសាសន៍ថា៖ «វិធានការរបស់នគរបាលជាតិមិនងាប់ក្រឡាទេ! សួរខ្ញុំថា ដាក់កម្លាំងប៉ុន្មាន ខ្ញុំលំបាកឆ្លើយ!…វិធានការបស់នគរបាលមិនចង់ធ្វើអីក្ឌុងក្ឌាំង! បើសិនសភាពការណ៍​មិនមានបញ្ហាអ្វីទេ គឺយើង​ធ្វើរបៀបការពារជុំវិញតុលាការកំពូលតិចតួចទេ។ ប៉ុន្តែបើសភាពការណ៍ មានការចាំបាច់… នឹងបន្ថែមកម្លាំងឆ្លើយតប។ យើងមិនអាចថា ត្រៀមមកគ្រាន់តែការពារតុលាការ យើងដាក់កម្លាំងរាប់ម៉ឺន វាដូចមិនដល់ថ្នាក់នឹងទេ»

កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា គឺចំពេលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើង​បន្ទាប់​ពី​នគរបាល​ជាតិបាន​រាយការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ចំ​ថ្ងៃ​ប្រកាស​សេចក្ដី​សម្រេច​អំពី​ជោគ​វាសនា​របស់​បក្ស​មួយ​នេះ។ ទោះជាយ៉ាង​ណា ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​បែប​នេះ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​នោះ​ឡើយ។

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកទី១៦វិច្ឆិកានេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។ ជាញឹកញ៉ាប់ សមត្ថកិច្ចរាប់សិបនាក់ ត្រូវគេមើលឃើញថា តែងតែដាក់ពង្រាយ ហើយ កំណាត់ផ្លូវមួយចំនួន ជុំវិញតុលាការ ដូចជា វិថីព្រះស៊ីសុវត្ថិ វិថីសម្តេចសុធារស ផ្លូវលេខ២៤០ ត្រូវផ្អាកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required