រដ្ឋឯកោកូរ៉េខាងជើង​រងសម្ពាធកាន់តែខ្លាំងក្រោយទស្សនកិច្ចលោកត្រាំនៅអាស៊ី​

ប្រទេសកូរ៉េខាងជើង​ជាប្រទេសដឹកនាំដោយគ្រួសារត្រកូលគីម៣ជំនាន់អស់រយៈពេល៧ទសវត្សមកនេះ។ បច្ចុប្បន្នរដ្ឋកូរ៉េខាងជើង​កំពុងតែដឹកនាំដោយលោក​គីម ជុងអ៊ុន ជាមនុស្សជំនាន់ទី៣នៃត្រកូលគីម ហើយមានការប្រឈមមុខដាក់គ្នាខ្លាំងជាមួយអាមេរិក និង សម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិករួមទាំងកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម។

ជាញឹកញាប់មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើងតែងប្រើពាក្យសម្តីវាយប្រហារអាមេរិកនិង កូរ៉េខាងត្បូង ហើយព្រមានប្រើអាវុធនុយក្លេអ៊ែរបស់ខ្លួនបាញ់កម្ចេចប្រទេសទាំងនេះទៀតផង។​

រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៧នេះ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែចំនួន​៦ដងហើយគឺនៅឆ្នាំ២០០៦ មួយលើក ២០០៩ មួយលើក ២០១៣មួយលើក ២០១៦ពីរលើក និង ចុងក្រោយបាញ់​ធ្វើឡើងនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧។

រាល់ការបាញ់សាកល្បងអាវុធដែលមានគ្រោះថ្នាក់ខ្លាំងដល់ពិភពលោក ហើយត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិនេះ កូរ៉េខាងជើងតែងទទួលរងការថ្កោលទោស និង ការដាក់ទណ្ឌកម្មពីអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ​ផងដែរ។​

ចាប់ពីប្រធានាធិបតីអាមេរិក​លោក ដូណាល ត្រាំឡើងកាន់តំណែងកាលពីដើមឆ្នាំ២០១៧មក ជម្លោះរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើង​កាន់តែឡើងកម្តៅឈានដល់កូរ៉េខាងជើងព្រមានបាញ់អាវុធនុយក្លេអ៊ែកម្ចេចរដ្ឋធានីវ៉ាស៊ីនតោន ចំណែកសហរដ្ឋអាមេរិក​បានបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះ​របស់ខ្លួនមកជិតកូរ៉េខាងជើងហាក់ត្រៀមវាយប្រហារ ជាមួយគ្នានេះ​អូស្ត្រាលីប្រកាសថា បើសង្គ្រាមនោះផ្ទុះឡើងខ្លួនត្រៀមខ្លួនជាស្រេចក្នុងការជួយសហរដ្ឋអាមេរិក។​

រហូតដល់ពេលនេះ បើទោះជាសង្គ្រាមផ្ទុះអាវុធមិនបានកើតឡើងរវាងប្រទេសទាំងពីរក៏ដោយប៉ុន្តែសង្គ្រាមពាក្យសម្តីមិនបានថយចុះនោះទេ។

កាលពីខែកញ្ញាឆ្នាំនេះ ក្រោយការសាកល្បងអាវុធនុយក្លេអ៊ែលើកទី៦របស់លោក គីម ជុងអ៊ុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចដាក់ទណ្ឌបន្ថែមទៀតក្នុងគោលបំណងរឹតបន្តឹងឲ្យកាន់តែខ្លាំងលើហិរញ្ញវត្ថុរបស់កូរ៉េខាងជើង។ ចំណែកលោកត្រាំ ប្រកាសថា ប្រទេសណា ដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ អាមេរិកនិង បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ។​​

ប្រទេសណាខ្លះកំពុងធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ?​

ចិនគឺជាប្រទេសដែលស្និទ្ធជាមួយកូរ៉េខាងជើងជាងគេ ហើយក៏មានការធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះច្រើនជាងគេដែរ។​ទំហំការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើង​នាំចេញ​៨៥% ហើយនាំចូលពីចិនវិញ​៨៣%។​ ទំនិញភាគច្រើនគឺធ្យូងថ្មដែលកូរ៉េខាងជើងនាំទៅចិនប្រមាណ​៤០%នៃទំហំពាណិជ្ជកម្ម​។

លេខរៀងបន្តបន្ទាប់ទៀតនៃប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង​រូមមានប្រទេសឥណ្ឌា ប៉ាគីស្ថាន ថៃ ហ្វីលីពីន និង ប្រទេសរុស្ស៊ីជាដើម។​

ក្នុងដំណើរទស្សនកិច្ចរបស់លោក ដូណាល ត្រាំ នៅអាស៊ីរយៈពេល១០ថ្ងៃមានបេសកកម្មសំខាន់ពីរគឺទី១ ពង្រឹងសេដ្ឋកិច្ច និងទី២បង្កើនកិច្ចសហប្រតិបត្តិការការពារប្រឆាំងកូរ៉េខាងជើង។​

រាល់ការជួបជាមួយមេដឹកនាំនៅអាស៊ីក្នុងដំណើរទស្សនកិច្ចនេះ លោកត្រាំតែងលើកឡើងពីការដាក់សម្ពាធលើកូរ៉េខាងជើង។​

ជាលទ្ធផលកូរ៉េខាងត្បូង និង ជប៉ុន បង្កើនសព្វាវុធក្រោមការសហការជាមួយអាមេរិក​ត្រៀមទប់ទល់ជាមួយរបបព្យុងយ៉ាង។ ចំណែកចិន​ក្រោយពេលមានការជំរុញពីអង្គការសហប្រជាជាតិ និង ការដាក់សម្ពាធពីអាមេរិក ចិនក៏បានសម្រេចលុបចោលកិច្ចសន្យាលើគម្រោងមួយចំនួនជាមួយកូរ៉េខាងជើង។​

នៅថ្ងៃសុក្រសប្តាហ៍នេះ ចិននឹងបញ្ជូនបេសកកជនម្នាក់ទៅកាន់កូរ៉េខាងជើង។ បេសកកជនរបស់ចិននេះ នឹងអាចមានការជជែកពីការជំរុញឲ្យកូរ៉េខាងជើងងាកមករកតុចរចាដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែ។​

ចំណែកប្រទេសថៃ​ក៏បានព្រមព្រៀងជាមួយអាមេរិក​ថា នឹងលុបកិច្ចសន្យាក្រុមហ៊ុនរបស់កូរ៉េខាងជើងមួយចំនួនដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសថៃ។​

មេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក៏បានបង្ហាញជំហរស្និទ្ធស្នាលជាមួយ មេដឹកនាំអាមេរិកលោក​ដូណាលត្រាំ ក្នុងឱកាសនៃកិច្ចប្រជុំ​អាស៊ាន។

ជាថ្នូរទៅនឹងការដែលមេដឹកនាំអាមេរិកមិនលើកឡើងពីបញ្ហានៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីនដែលបានសម្លាប់មនុស្សប្រមាណ៤០០០នាក់ក្រៅប្រព័ន្ធច្បាប់ក្នុងករណីគ្រឿងញៀននោះ គេដឹងថា មេដឹកនាំហ្វីលីពីននឹង មានការគាំទ្រខ្លាំងលើសកម្មភាពរបស់អាមេរិក​ប្រឆាំងរបបព្យុងយ៉ាង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ