បក្សប្រឆាំងស្នើសហគមន៍អន្តរជាតិឃ្លាំមើលកម្ពុជា ខណៈរដ្ឋាភិបាលរៀបចំកម្លាំប្រឆាំង​​ «បដិវត្តន៍​ពណ៌»

អតីតតំណាង​រាស្ត្រគណ​បក្សប្រឆំាង​ កាលពីពេលកន្លងទៅ

គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអង្គការជាតិ និងសហគមន៍អន្តរជាតិ ជួយឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា   ខណៈ​រដ្ឋាភិបាល​​​ បង្កើន​យុទ្ធនាការ​ប្រឆាំង​ទៅ​នឹងអ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា «បដិវត្តន៍​ពណ៌» និង​ «ឧបាយ​កល»​ មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដែលរៀបចំកងកម្លាំងប្រដាប់អាវុធចម្រុះ ដើម្បីឃ្លាំមើលស្ថានការណ៍ នៅតាមគ្រប់ស្នាក់ការស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិ ខណៈគណបក្សប្រឆាំងដ៏មួយនេះ ប្រឈមនឹងការរំលាយដោយអំណាចតុលាការកំពូលនៅថ្ងៃទី១៦ខែវិចិ្ឆកា។

បើតាមសេចក្តីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិ ចាត់ទុកការរៀបចំកងកំលាំងរបស់រដ្ឋាភិបាលនេះ ថាជាចេតនាបំផិតបំភ័យ និងបំបាក់ស្មារតីមកលើប្រជាពលរដ្ឋ។

​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ខែវិច្ឆិកា បាន​បញ្ជា​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធានការ​នានា ដើម្បី​ទប់​ស្កាត់​នូវ​អ្វី​ដែល​លោក​ហៅ​ថា ឧបាយកល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អង្គការ Global Witness និងអង្គការ Human Rights Watch កាលពីដើមខែតុលាឆ្នាំ២០១៧ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ទាប់​ពី​មានការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ព្រម​ទាំង​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលរិះគន់​រដ្ឋាភិបាល។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​សហគមន៍អន្តរជាតិ​ឲ្យបញ្ឈប់ការ​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ គឺ​ជាការអនុវត្តន៍ច្បាប់ ដើម្បីកា​រ​ពារ​សន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ