យោងតាមការបញ្ជាក់របស់ អ្នកនាង ប៉េងប៉ោង គឺអ្នកនាងនឹងដឹកលោក វីតាមីសេ ជាឪពុកតាមជើងយន្តហោះទៅកាន់ទីក្រុងបាងកកនៅក្នុងប្រទេសថៃ នាល្ងាចថ្ងៃទី១៥ វិច្ឆិកានេះ ហើយដោយអ្នកនាងបញ្ជាក់ថា មិនអាចបន្តទុកលោកត្រាំត្រែងស្រុកខ្មែរទៀតទេ បន្ទាប់ពីលោកកាន់តែធ្វើទុក្ខធ្ងន់ ហើយភាគីខាងពេទ្យជំនាញនៅកម្ពុជា បែរជាស្នើអោយលោកនៅសម្រាកព្យាបាលជំងឺដំបៅក្រពះសិន ទើបធ្វើការពិនិត្យរឿងដុំសាច់ក្នុងថ្លើមជាក្រោយ។ អ្នកនាងថាទាំងជើងហោះហើរ និងការត្រៀមទទួលលោក វីតាមីនសេ នៅក្នុងប្រទេសថៃ ត្រូវបានរៀបចំរួចហើយ ដោយកុំតែអ្នកនាងចរាចរណ៍រកលុយមិនទាន់ កុំអោយនឹងដឹកលោកចេញទៅប្រទេសថៃ អោយបានមុននេះផង។
អ្នកនាង ប៉េងប៉ោង និយាយថា លោកវីតាមីសេ ធ្វើទុក្ខក្នុងខ្លួនរាល់ថ្ងៃ ដោយលោកក្រៅពីមិនអាចសម្រាកបានក្នុងប៉ុន្មានថ្ងៃចុងក្រោយ ក៏មានសភាពក្អក ចុកណែនក្នុងខ្លួន និងចេញចំហាយក្ដៅដែលបណ្ដាលអោយលោកពិបាកក្នុងខ្លួនគួរអោយសង្វេគផងដែរ។ អ្នកនាងថាឪពុកជាមនុស្សអត់ទម្រន់ទេ អ៊ីចឹងហើយទើបអ្នកទប់ទឹកភ្នែកមិនជាប់នៅពេលដែលឃើញលោកស្រែកថ្ងូរ ហើយមិនអាចសម្រាកបាន ដែលអ្នកនាងដឹងថាគឺបណ្ដាលមកពីលោកស្ថិតក្នុងការទុក្ខក្នុងខ្លួនខ្លាំង។
អ្វីដែលអ្នកនាងទ្រាំមិនបាននោះទៅទៀត គឺនៅពេលលោកបានប្រាប់មិនអោយអ្នកនាងភ័យបារម្ភ ក្នុងពេលដែលលោកអ្នកនាងបានទទួលដំណឹងថាសភាពជំងឺរបស់លោកគឺនឹងមានសភាពធ្ងន់ បើមិនស្វែងរកដំណោះស្រាយជាមួយគ្រូពេទ្យជំនាញអោយបានឆាប់។
អ្នកនាងថាគ្រូពេទ្យនៅកម្ពុជាមិនមែនអ្នកនាងមិនមានទំនុកចិត្តនោះទេ ប៉ុន្តែបណ្ដាលមកពីជំងឺដុំសាច់ក្នុងថ្លើមរបស់ឪពុក ត្រូវបានគ្រូពេទ្យនៅក្នុងស្រុកមិនហ៊ានធ្វើការវះកាត់ព្រោះតែលោកមានជំងឹទឹកនោមផ្អែមផង និងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរផង ទើបអ្នកនាងត្រូវតែជម្រើសយកលោកចាកចេញទៅកាន់ប្រទេសថៃ បន្ទាប់ពីបានទាក់ទងទៅកាន់ប្រទេសថៃ ហើយត្រូវបានភាគីខាងពេទ្យថៃអះអាងថាអាចវះកាត់យកដុំសាច់នោះបាន ដើម្បីបញ្ចៀសការរីករាលដាលដល់សរីរាង្គផ្សេងៗ។
អ្នកនាងនិយាយថាមុនសម្រេចចិត្តបញ្ជូនលោកវីតាមីនសេទៅកាន់ប្រទេសថៃនៅល្ងាចថ្ងៃទី១៥ វិច្ឆិកានេះ គឺដោយសារតែអ្នកនាង និងក្រមគ្រួសារបានទាក់ទងទៅកាន់ពេទ្យថៃរួចហើយ ដោយការបញ្ជូនលោកទៅកាន់ពេទ្យជំនាញលើកនេះ គឺអ្នកនាងសម្រេចចិត្តចេញបញ្ជូនទៅអោយដល់ពេទ្យជំនាញមុន ទើបដំណើរការដាក់បញ្ចាំងផ្ទះ ឬលក់ឡានផ្ដាច់តែម្ដង ប្រសិនបើការព្យាបាលតម្រូវអោយអ្នកនាងដោះស្រាយអត់បាន។
អ្នកនាងថាខ្លួនសម្រេចចិត្តដាក់បញ្ចាំផ្ទះអត់អោយលោកវីតាមីនសេ បានដឹងនោះទេ ដោយសារតែលោកបានប្រកាសដាច់ខាតថាមិនអោយអ្នកនាងលក់ផ្ទះ ឬបញ្ចាំផ្ទះនោះទេ ព្រោះតែខ្លាចអ្នកនាង និងប្អូនៗអត់មានផ្ទះនៅព្រោះតែត្រូវមើលថែជំងឺរបស់លោក។ យ៉ាងណាមិញ អ្នកនាងថាមិនអាចបណ្ដោយអោយឪពុកត្រូវប្រឈមនឹងជំងឺដ៏រន្ធត់នេះទេ គឺអ្នកនាងត្រូវប្រើអោយអស់ពីលទ្ធភាពដើម្បីអោយលោកអាចពន្យារអាយុជីវិតកុំអោយប្រឈមទៅតាមប្រភេទជំងឺ។
អ្នកនាងនិយាយថា «ជំងឺប៉ាធ្ងន់ធ្ងរបំផុតគឺដុះដុំសាច់ក្នុងថ្លើមហ្នឹង ហើយបើបន្តទុកគឺមេរោគដុំសាច់នឹងរីករាលដាល អញ្ចឹងទោះជាត្រូវអស់ឡាន និងបញ្ចាំផ្ទះ ក៏ខ្ញុំអត់អាចទុកអោយប៉ាខ្ញុំស្ថិតក្នុងការប្រឈមដែរ!»។
អ្នកនាងបញ្ជាក់ថាលោកវីតាមីសេ នឹងត្រូវដឹកចេញតាមជើងហោះហើរនៅវេលាម៉ោង៨យប់ថ្ងៃទី១៥ វិច្ឆិកានេះ ដោយលោកត្រូវបានបញ្ជូនទៅកាន់ពេទ្យជំនាញផ្នែកជំងឺមហារីក និងដុំសាច់តែម្ដង តែអ្នកនាងមិទាន់ដឹងថានឹងត្រូវចំណាយថវិកាក្នុងការវះកាត់អស់ប៉ុន្មាននោះទេ គឺគ្រាន់តែដឹងត្រឹមថានឹងត្រូវបញ្ជូនទៅសិន ហើយបានគិតគូររឿងដាក់បញ្ចាំផ្ទះនៅភ្នំពេញថ្មី ដើម្បីបន្តលទ្ធភាពនៅក្នុងពេទ្យថៃប៉ុណ្ណោះ។
អ្នកនាងប៉េងប៉ោង បន្តថា អ្នកនាងមិនប្រកែកនោះទេថាអ្នកនាងពិតជាមានចម្ការកៅស៊ូមួយកន្លែងជារបស់ខ្លួនមែន ប៉ុន្តែជាប្រភេទដីតូចដែលអ្នកនាងបានទិញនៅភ្ជាប់នឹងដីចម្ការកៅស៊ូទ្រង់ទ្រាយធំរបស់បងថ្លៃ ដែលបងបង្កើតរបស់ស្វាមីប៉ុណ្ណោះ គឺមិនមែនអ្នកនាងមានចម្ការកៅស៊ូដល់រាប់រយហិកតាដូចអ្វីដែលបុគ្គលមួយចំនួនបានបំភ្លើសនោះទេ។
អ្នកនាងបានសួរបញ្ច្រាសមកវិញថា បើគ្រួសារអ្នកនាងជាអ្នកមានបានតើអាច ឬទេ ដែលអ្នកនាងត្រូវបង្ខំដាក់បញ្ចាំឡាន ដោយការបញ្ជូនលោកវីតាមីនសេចេញទៅប្រទេសថៃលើកនេះ គឺដោយសារតែអ្នកនាងបានលុយពីការដាក់បញ្ចាំងឡានប៉ុណ្ណោះ ដោយសារតែឡាននោះលក់មិនទាន់ ហើយភាគីខាងធានាគារអេស៊ីលីដា នៅសិក្សាគម្រោងកម្ចីរបស់អ្នកនាងដោយមិនទាន់យល់ព្រមទម្លាក់កម្ចីអោយនៅឡើយ ដោយសារតែគេមើលឃើញថាអ្នកនាងដែលជាមេគ្រួសារមិនអាចរកចំណូលអ្វីបាន ដោយសារតែត្រូវរត់ចុះរត់ឡើងព្រោះតែត្រូវទៅមើលថែលោកវីតាមីនសេ។
អ្នកនាងនិយាយថាលោកវីតាមីនសេ មានជំងឺធ្វើទុក្ខតាំងពីឆ្នាំ២០០៧ ដោយការព្យាបាលលោកក្នុងរយៈពេលកន្លងមកនេះ គឺអ្នកនាងបញ្ជាក់ថាលុះត្រាតែអ្នកមានអ្នកឈឺប្រចាំកាយនៅក្នុងផ្ទះ ទើបដឹងថាតើអ្នកនាងលំបាកយ៉ាងណា? អ្នកនាងនិយាយថាមានមនុស្សសំខាន់ឈឺនៅក្នុងផ្ទះគឺជារឿងបន្ទុកណាស់ តែអ្នកនាងមិនដែលថ្ងូរអោយមហាជនណាម្នាក់បានឃើញនោះទេ ហើយសម្រាប់ការព្យាបាលដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យក៏កើតមានឡើងតែពេលដែលលោកវីតាមីសេឈឺធ្ងន់នោះដែរ ទើបអ្នកនាងមានការតូចចិត្តយ៉ាងខ្លាំង ដែលអ្នកនាងមិនទាន់ប្រកូកប្រកាសស្នើសុំអោយមានការបរិច្ចាគនៅឡើយផង ក៏មានការបំផ្លើសមិនពិតពីអ្នកនាង និងគ្រួសារអ្នកនាងពីសំណាក់បុគ្គលខ្លះ។
អ្នកនាងនិយាយថាអ្នកនាងត្រូវការទឹកប្រាក់យ៉ាងហោច១ម៉ឺនដុល្លារ ទើបអ្នកនាងបង្ខំចិត្តយករថយន្តទៅបញ្ចាំផង និងគម្រោងដាក់សំណើរខ្ចីធនាគារតាមក្រោយអោយបានទឹកប្រាក់ជាង១ម៉ឺនដុល្លារ ដើម្បីអោយអ្នកនាងព្យាបាលឪពុក។ ក្នុងនោះអ្នកនាងក៏រំពឹងថានឹងមានសង្ឃឹមលើការព្យាបាលជំងឺលោកវីតាមីនសេផងដែរ ជាថ្នូរនឹងការដែលអ្នកនាងសម្រេចចិត្តយករថយន្តទៅបញ្ចាំងបានប៉ុន្មានពានដុល្លារ និងគម្រោងបញ្ចាំផ្ទះមួយទៀត ដើម្បីទទួលបានថវិកាក្នុងការព្យាបាលលោកវីតាមីនសេនោះ៕