សឿ សុធារ៉ា អំពាវនាវ​អោយគាំទ្រស្នាដៃ​ផលិតករជាអតីតពលករកូរ៉េ

​អ្នកនាង​ សឿ សុធារ៉ា (វង្ស សុម៉ាលីន)

ក្នុងពិធីសម្ពោធរឿង «កំពូលល្ងង់នៅអាស៊ី» កាលពីថ្ងៃទី១៤ ធ្នូ អ្នកនាង សឿ សុធារ៉ា ដែលបានបង្ហាញវត្តមានក្រោយគេ បានប្រកាសអំពាវនាវអោយតារាសិល្បៈនិងមហាជនជួយលើកស្ទួយស្នាដៃរបស់ផលិតករខ្មែរដែលជាអតីតពលករខ្មែរនៅក្នុងប្រទេសកូរ៉េ។

ទោះមិនបានទស្សនានៅឡើយ ប៉ុន្តែអ្នកនាងយល់ថាខ្សែរឿងមួយនេះមានគុណភាពល្អ ទើបអាចឆ្លងកាត់នាយកដ្ឋានភាពយន្ត ហើយទទួលបានការអនុញ្ញាតិអោយដាក់បញ្ចាំង។

អ្នកនាង សឿ សុធារ៉ា និយាយថាមានតែខ្មែរជួយគាំទ្រស្នាដៃខ្មែរប៉ុណ្ណោះ ទើបវិស័យភាពយន្តហ្នឹងអាចទៅមុខ។ ជាមួយនឹងការមិនទាន់បានទស្សនាសាច់រឿងនៅឡើយ អ្នកនាងប្រកាសថាខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» ប្លង់សំខាន់ៗមួយចំនួនទាក់ទាញ បើផ្អែកលើវីដេអូដែលបានបង្ហោះនៅលើ Youtube។ អ្នកនាងថាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy ដែលផលិតដោយអតីតពលកររោងចក្រនៅក្នុងប្រទេសកូរ៉េ គួរតែមានការលើកទឹកចិត្ត បើទោះជារឿងនេះថ្មីនិងជាស្នាដៃដំបូងដែលបងប្អូនខ្លះមិនសូវទុកចិត្ត។

អ្នកនាងនិយាយថា៖ «ខ្ញុំអត់បានមើលរឿងគាត់ទេ ប៉ុន្តែខ្ញុំឃើញគាត់ជ្រើសតួល្អ ហើយអ្នកដឹកនាំនិងអ្នកបច្ចេកទេសនៅក្នុងរឿងគាត់ គឺមនុស្សមានស្នាដៃច្រើន ចឹងរឿងហ្នឹងវាច្បាស់ណាស់ថាល្អមើល ដែលបងប្អូនយើងគួរតែជួយគាំទ្រ!»។

អ្នកនាងថា ខ្លួនចាប់អារម្មណ៍ជាងគេនៅពេលឮថា លោក ឡេង ណាវ៉ា់ត់ត្រា គ្រាន់តែជាអតីតអ្នកបម្រើការក្នុងរោងចក្រនៅប្រទេសកូរ៉េ ហើយបានសន្សំលុយមកមកទិញដីធ្លីនិងបានចំណេញតិចតួច ក៏យកដើមទុនមកផលិតភាពយន្តដោយសារតែការស្រលាញ់និងចង់លើកស្ទួយ។

អ្វីដែលអ្នកនាងពេញចិត្ត គឺលោកប្រកាសថាផ្ដល់សំបុត្ររហូតដល់២០០សំបុត្រដល់បងប្អូនជាកម្មករជាកម្មការិនីនៅថ្ងៃទី២១ធ្នូខាងមុខ ដោយគ្រាន់តែកម្មកររោងចក្រទាំងនោះបង្ហាញកាតរោងចក្រនៅតាមរោងភាពយន្ត។

អ្នកនាងថានេះជាការលើកឡើងពីប្រភពដើមរបស់ផលិតករ គឺមានន័យថាបើរឿងដំបូងរបស់លោក ឡេង ណាវ៉ាត់ត្រា ជាមនុស្សមានការតាំងចិត្ត ដូច្នេះនាងមិនចង់ទទួលបានដំណឹងថាខ្សែរឿងមួយនេះមានលទ្ធផលដូចគ្នានឹងរឿង «វិកលចរិត» កាលពីដំបូងៗនោះឡើយ។ អ្នកនាងគិតថាជាការបំបាក់ទឹកចិត្ត បើស្នាដៃល្អមួយមិនទទូលបានជោគជ័យ ព្រោះតែខ្វះការគាំទ្រពីបងប្អូនខ្មែរ ជាពិសេសគឺយុវវ័យ។

យ៉ាងណាមិញ អ្នកនាងថា ផ្អែកតាមតួអង្គនិងសាច់រឿងគឺរឿង «កំពូលល្ងង់នៅអាស៊ី» នឹងមិនជួបផលវិបាកណាមួយក្រោយការដាក់បញ្ចំងនោះទេ ខណៈដែលនាងឮថាថ្ងៃបើកឆាកលក់សំបុត្រនៅថ្ងៃទី១៥ធ្នូ ក៏មានមនុស្សមើលច្រើន។

អ្នកនាងធ្វើការរិះគន់ចំៗទៅលើយុវវ័យដែលគាំទ្រខ្សែរឿងបរទេសភ្លូកទឹកភ្លូកដី ហើយមើលរំលងនូវស្នាដៃរបស់ខ្មែរ។

អ្នកនាងនិយាយថា៖ «រាល់ថ្ងៃខ្ញុំនៅតែឃើញថា បងប្អូនយើងគាំទ្រស្នាដៃបរទេសច្រើនជាងរឿងខ្លួនឯង ហើយរឿងខ្មែរលូវមិនមែនមិនល្អទេ គឺល្អច្រើនណាស់ ប៉ុន្តែមកពីយើងចេះតែទើសឬខ្វះការគាំទ្រ ទើបរឿងខ្លះផលិតល្អគាត់ផលិតល្អ តែខាត!»។

នាងរំពឹងថាស្នាដៃរឿង «កំពូលល្ងង់នៅអាស៊ី» ដែលសម្ដែងដោយនាយពែកមី និងនាយគ្រឿន ហើយជាការបោះទុនដោយអតីតពលករនៅក្នុងប្រទេសកូរ៉េ នឹងទទួលជោគជ័យ ដោយមិនមានវាសនាដូចគ្នានឹងរឿង «វិកលចរិត» នាពេលមុននោះទេ។

អ្នកនាងទទូចអោយមានការគាំទ្រចំពោះរឿងនេះ ដោយក្រៅពីអំពាវនាវជាសាធារណៈនៅលើហ្វេសប៊ុក អ្នកនាងត្រូវគេឃើញបង្ហោះពាក្យបំផុស ដើម្បីអោយមានចលនាជួយដល់រឿងនេះ ខុសពីតារាមួយចំនួន។

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអះអាងថារឿង «កំពូលល្ងង់នៅអាស៊ី» ថ្វីដ្បិតតែជារឿងកំប្លែង ប៉ុន្តែបើសំដៅលើប៉ារ៉ូលគឺមានទម្រង់ជាប៉ារ៉ូលប្រភេទកុនស្ដង់ដារ។

លោកថារឿងមួយនេះ តារាសម្ដែងនិយាយតាមប៉ារ៉ូលភាគច្រើន ទើបលោកបានចាត់ទុកថារឿង «កំពូលល្ងង់នៅអាស៊ី» ជាស្នាដៃកំប្លែងទី១ដែលមានទម្រង់ភាពយន្តល្អជាងរឿងបែបកំប្លែងមួយចំនួន និងជាកុនបែបកំប្លែងទី១ដែលទទួលបានការចាប់អារម្មណ៍ជាងគេក្នុងចំណោមរឿងបែបកំប្លែងក្នុងឆ្នាំ២០១៦នេះ។

លោកទទូចអោយមានការគាំទ្រដូចគ្នាជាមួយស្នាដៃដំបូងនេះរបស់ផលិតករដែលជាអតីតពលករនៅក្នុងប្រទេសកូរ៉េ។

លោក ឡេង ណាវ៉ាត់ត្រា ផលិតករភាពយន្តនិងជាអតីតពលកររោងចក្រនៅក្នុងប្រទេសកូរ៉េបានអះអាងថា ការចូលរួមអំពាវនាវរបស់តារាសិល្បៈ គឺជាកម្លាំងចិត្តដ៏ធំដែលជួយអោយលោកនិងក្រុមអ្នកផលិតរំពឹងពីភាពជោគជ័យនិងមានកម្លាំងចិត្ត។

លោកថាស្នាដៃភាពយន្តមួយ មិនអាចជោគជ័យបានទេ បើគ្មានការចូលរួមពីតារាសិល្បៈនិងមហាជនជាអ្នកគាំទ្រ។ លោកបានប្រកាសថាការដាក់បញ្ចាំងថ្ងៃដំបូងនៅថ្ងៃទី១៥ ធ្នូ នៅមិនទាន់មើលដឹងពីលទ្ធផលនៅឡើយទេ ប៉ុន្តែលោកនៅតែភ័យប្រសិនបើការគាំទ្រនៅមានកម្រិតចំពោះរឿងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ