មេដឹកនាំចិនបញ្ជាក់ជំហរថា «ដាច់ខាតមិនអនុញ្ញាតឲ្យមានសង្គ្រាមនៅឧបទ្វីបកូរ៉េ»

មេដឹកនាំចិនលោក ស៊ី ជីនពីង ថ្លែងប្តេជ្ញាថា លោកមិនអនុញ្ញាតឲ្យមានសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះទេ ហើយលោកថា បញ្ហាទាំងនេះត្រូវតែដោះស្រាយដោយការជជែកគ្នាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះនេះ។​

មេដឹកនាំចិន​លោក ស៊ី ជីនពីង ថ្លែងបែបនេះនៅជំពោះមុខ មេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន។​ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពី​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក រិច ធារឺសិន​ថ្លែងថា អាមេរិកត្រៀមខ្លួនក្នុងការជជែកជាមួយកូរ៉េខាងជើងដោយមិនភ្ជាប់លក្ខខណ្ឌពីមុនោះទេ។​

ប៉ុន្តែមន្ត្រីខាងសេតវិមានបានថ្លែងកាលពីថ្ងៃពុធថា មិនអាចចរចាជាមួយកូរ៉េខាងជើងទៅរួចទេបើសិនជាកូរ៉េខាងជើងមិនផ្លាស់ប្តូរឥរិយាបថនោះ។​

បច្ចុប្បន្នស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េកាន់តែមានការប្រឈមមុខដាក់គ្នាខ្លាំង ខណៈកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងកាន់តែមានការរីកចម្រើន ចំណែកកូរ៉េខាងត្បូង និង ជប៉ុន​ហាក់ត្រៀមខ្លួនធ្វើសង្គ្រាម ឬ​ត្រៀមខ្លួនទប់ទល់ជាមួយកូរ៉េខាងជើង។​

នៅថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងប្តេជ្ញាថា នឹងផលិតអាវុធនុយក្លេអ៊ែឲ្យមានកម្លាំងខ្លាំងជាងគេនៅលើពិភពលោក​។​

នៅក្នុងជំនួបរវាងមេដឹកនាំចិន និងកូរ៉េខាងត្បូង គឺមេដឹកនាំទាំងពីរបានបញ្ជាក់ជំហររួមគ្នាថា ធ្វើយ៉ាងណាឲ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ និង បញ្ឈប់ការបាញ់សាកល្បងអាវុធអាវុធមីស៊ីកម្រិតវែងបន្តទៀត។​

លោកស៊ី ថ្លែងថា បញ្ហានៅឧបទ្វីបកូរ៉េត្រូវតែបញ្ចប់ដោយការពិភាក្សា ស្វែងរកហេតុផលផ្សេងៗដោយសន្តិវិធីដើម្បីឆ្ពោះទៅរកការឯកភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ