លោក ​ហ៊ុន សែន ជំរុញឲ្យអន្តរជាតិ​ពន្លឿនការដាក់ទណ្ឌកម្ម ដោយថាមិនប៉ះរូប​លោកទេ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យសហគមន៍អន្តរជាតិ​ពន្លឿនដាក់ទណ្ឌកម្មឲ្យបានឆាប់ ទាំងផ្នែកបិទទិដ្ឋការ និងបង្កកទ្រព្យសម្បត្តិ​ដោយថា មិនប៉ះពាល់រូបលោកទេ ហើយលោកក៏ចង់ដឹងដែរថា មន្ត្រីប៉ុន្មាននាក់ដែលមានទ្រព្យសម្បត្តិរក្សានៅក្រៅប្រទេស។​

លោកមានប្រសាសន៍បែបនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រកាសកាលពីថ្ងៃទី៦ខែធ្នូថា   អាមេរិកនឹងរឹតបន្តឹងលើ​ការ​ជាន់​ទឹក​ដី​អាមេរិកសម្រាប់​បុគ្គល និងក្រុមគ្រួសារ​ទាំង​ឡាយដែល​អាមេរិក​គិត​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ទន្ទឹមនឹងការដាក់សម្ពាធពីអាមេរិកនេះ សហគមន៍អឺរ៉ុបក៏ដាក់សម្ពាធបន្តបន្ទាប់ដែរ។​

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនខ្វល់ចំពោះការដាក់ទណ្ឌកម្មនេះទេ ហើយថា ការដាក់ទណ្ឌកម្មនោះមិនប៉ះពាល់ដល់រូបលោកនោះទេ។

លោក ហ៊ុន សែន បានជំរុញបន្ថែមឲ្យអាមេរិកពន្លឿនធ្វើការលើរឿងនេះ ដោយថា ដើម្បីដឹងថា មន្រ្តីកម្ពុជាណាខ្លះមានទ្រព្យសម្បត្តិនៅក្រៅប្រទេស។

លោកបន្ថែមថា «អ្នកខ្លះសង្ឃឹមទៅលើការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកម្ពុជានៅក្រៅប្រទេស សូមអញ្ចើញធ្វើទៅ ខ្ញុំរុញឲ្យអ្នកឯងធ្វើទៅដើម្បីរកឲ្យឃើញថាមេដឹកនាំកម្ពុជាណាខ្លះមានលុយនៅក្រៅប្រទេស រឹបទៅ វាមិនបានប៉ះក្បាលហ៊ុន​ សែន ទេកុំឆ្ងល់ លើកលែងតែអ្នកឯងលើកកងទ័ពមកវាយទន្រ្ទានប្រទេសរបស់ខ្ញុំទាំងមូល ប៉ុន្តែអ្នកឯងហ៊ានចូលក៏ អ្នកហ៊ានចោលខ្មោចនៅស្រុកខ្មែរដែរ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន នេះហាក់ បង្ហាញពីភាពមិនទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជា ដោយថា ប្រសិនបើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មផ្នែកណាមួយមកលើកម្ពុជានោះ  នឹងធ្វើប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ជាពិសេសគឺក្រុមកម្មករ។

លោកបន្ថែមថា «បើសិនសហគមន៍អឺរ៉ុបគេអនុវត្តនូវសេចក្តីសម្រេចរបស់គេដែលសម្រេច កាលពីថ្ងៃម្សិលម៉ិញវានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋយើង ឧបមាថា គេលែងឲ្យយើងរួមពន្ធទៅទំនិញដែលយើងនាំចូលទៅហ្នឹង វានឹងប៉ះពាល់ទៅដល់អ្នកផលិត  ប្រជាជនធម្មតា ជាពិសេសកម្មករ កម្មការនីខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហ្នឹងរាប់ លាននាក់ និងប៉ះពាល់ដល់អ្នកដែលទទួលបានផលប្រយោជន៍ដោយប្រយោលហ្នឹងរាបលាននាក់ដែរ»។

រដ្ឋាភិបាល​អាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំ​ង​ដ៏​ធំ​នៅ​កម្ពុជាត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សហគមន៍​អឺរ៉ុបបាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្មដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន ដោយថា ការទណ្ឌកម្មនេះគឺ ចង់ឲ្យរដ្ឋាភិបាលកម្ពុជាស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ