អ្នកទិញដីឡូតិ៍មានការថយចុះប្រហែល៥០ភាគរយ​ ខណៈស្ថានការណ៍នយោបាយឡើងកម្តៅ

ដីឡូតិ៍

ម្ចាស់ពុះដីឡូតិ៍ និងឈ្នួញ បានលើកឡើងថា អតិថិជនដែលទិញដីក្នុងជាយរាជធានីភ្នំពេញនិង​បណ្តា​ខេត្ត នៅប៉ុន្មានខែចុងក្រោយនេះ មាន​ការ​ថយ​ចុះប្រហែល​៥០ភាគរយ​​ ដោយថាមកពីស្ថាន​ការណ៍​នយោ​បាយនៅកម្ពុជាឡើងកម្តៅ ក្រោយពី​រំលាយ​​បក្ស​​ប្រឆំាង​។

គណបក្សសង្គ្រោះជាតិត្រូវ​បានតុលាការសម្រេច​រំលាយចោល កាល​ពីថ្ងៃទី១៦ខែវិច្ឆិកា ក្រោយពីរំលាយ សហគមន៍​​អន្តរ​​ជាតិ ជាពិសេសប្រទេសលោកសេរី បានថ្កោលទោសជាបន្តបន្ទាប់ ខណៈកាល​ពីថ្ងៃទី​១២​ខែធ្នូ ​ឆ្នាំ២០១៧នេះ សហគមន៍អឺរ៉ុប សម្រេច​ផ្តាច់ជំនួយដល់កម្ពុជាជាដើម។

ម្ចាស់លក់ដីឡូ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អ្នកយក​ព័ត៌​មានថា ក្រោយពីបោះឆ្នោតឆ្នាំ២០១៣មក ក្រុមហ៊ុនរបស់លោកលក់ដាច់ច្រើនជាបន្តបន្ទាប់​។ ប៉ុន្តែលោកថា នៅប្រហែល ៦ ខែចុងក្រោយនេះ ហាក់មិនសូវមានអ្នកមកទិញច្រើនដូចសព្វដង​នោះទេ ដោយថា​ទំនង​ជា​ស្ថា​ន ការណ៍ នយោបាយឡើងកម្តៅ ខណៈការបោះឆ្នោតឆ្នាំ២០១៨ជិតមក​ដល់​។

លោកនិយាយថា «ទាក់ទងរឿងនយោបាយដែរ បើសិនជា ប្រទេសជាតិយើងវាមានបញ្ហា​ អ្នកទិញគេ​ចេះ​តែ​ខ្លាច​ ឥឡូវ​អត់សូវមានអ្នកចុះទិញទេ​ដី កាលពីមុនចុះ​ទិញមក​សួរឡាន​ ម៉ូតូ ឲ្យតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ​​ចុះមក​តែម្តង។​ ស្ងាត់ជ្រាបហ្មងឥឡូវ​»។

លោក ឈឹម ស៊ីនឿន​ ដែលអះអាងថា ជា​ឈ្មួញដើរនាំភ្ញៀវទិញដីនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជ​ធានី​ភ្នំពេញ បានលើកឡើង​ប្រហាក់ប្រហែលម្ចាស់ដីឡូតិ៍ដែរ ដោយលោកថា អ្នកដែលមក​ទិញដី​ឡូតិ៍ ទទឹង៥ និង​បណ្តោយ២០ម៉ែត្រ តម្លៃ២៥០០ដុល្លារ ទៅ៣៥​០០ដុល្លារ​ ភាគច្រើនជា​កម្មករ និ​ងអ្ន​ក​រក​ស៊ី​ឯក​​ជន។

លោក ស៊ីនឿន បានបញ្ជាក់ថា បច្ចុប្បន្ននេះថៅកែរបស់លោកបានត្អូញត្អែរថា លក់មិនសូវដាច់​ ខណៈអតិ​ថិ​ជន​​មិនសូវ​ទិញច្រើនដូចសព្វដង។

លោកមានប្រសាសន៍ថា «ឲ្យតែថាតំបន់មានរោងចក្រជុំវិញ មានផ្សារ [លក់] អស់ អត់យូរទេ​ ថ្ងៃអាទិត្យ ថ្ងៃសៅរ៍ ឡើងកក​ ម្នាក់ៗយកពីរឡូតិ៍ អ្នកមានគេយកកែងៗទៅ អ្នកខ្លះគេយកជិតផ្សារ​…ឥឡូវទៅមើល ថ្ងៃ​មុន ថ្ងៃអាទិត្យ​អត់ដែរ មានតែ៣ ឬ៤នាក់​ ឬ៥នាក់ ដូចថា ខ្ញុំដើរនាំគេទិញ ឥឡូវអត់សូវមានដែរ សូម្បី​តែថៅ​កែដែលពុះឡូតិ៍ជាមួយខ្ញុំ គាត់ថាពិបាកណាស់​»។

អ្នកសិក្សាគម្រោង​ទិញ-លក់ដី នៅតំបន់អរិយក្សត្រ​ ស្រុកល្វាឯម ខេត្តកណ្តាល លោក គង់ ប៊ុណ្ណា បានលើកឡើងថា គាត់និងអ្នក ទិញ-លក់ដី ភាគច្រើន​ជួបបញ្ហាប្រឈមក្នុង​ជីវភាពគ្រួសារ​ ខណៈ​ស្ថានការ​នយោបាយឡើងកម្តៅ ធ្វើឲ្យអន្តរជាតិដាក់សម្ពាធផ្នែក​សេដ្ឋកិច្ចមក​លើកម្ពុជា។ ករណីលោក​ថា​ ការ​ចាយ​​វាយត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកពន្យល់ដូចនេះ​ថា «ឧប្បមាថា អ្នកដែល​គាត់មានលទ្ធភាពច្រើន​១ខែ គាត់ចាយ១ម៉ឺនដុល្លារ ពីមុន ដល់ពេលសេដ្ឋកិច្ចនយោបាយ​បែបហ្នឹង​ គាត់​ប្រហែលជា​កាត់បន្ថយការ​ចំណាយរបស់គាត់ នៅសល់​ប្រហែល​ជា​ ៥ពាន់ដុល្លារ ហើយអ្នកដែលមានលទ្ធភាពចាយ១ពាន់ដុល្លារ​ គាត់ប្រហែលជាចាយត្រឹមតែ​៥រយ​ដុល្លារទេ​​ ទីមួយចំណូលគាត់ធ្លាក់ចុះ​ ហើយទីពីរគាត់ត្រូវ​ប្រឹតព្រៀង​ មានន័យថា ការចាយវាយ ត្រូវ​សន្សំ​​សំចៃ បើគាត់អត់មាន​ផែនការចឹងទេ​ គឺនឹងជួបបញ្ហា ទំាងខ្ញុំទំាងគេដូច​គ្នា»។

លោក គង់ ប៉ោ​ ដែលមកមើលដីឡូតិ៍ របស់លោក​នៅខណ្ឌព្រែកព្នៅ បានប្រាប់អ្នកយក​ព័ត៌មាន​នៅកន្លែង​ទិញ-លក់ដី​ថា គាត់​និងមិត្តភ័ក្តិចង់​ទិញម្នាក់​​១ឡូ​ថែម​ទៀតដែរ ប៉ុន្តែលោកថា ចំាឲ្យ​ស្ថានការណ៍​នយោ​បាយ​​នៅ​កម្ពុជាថ​យក​ម្តៅវិញសិន។

ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ ផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឲ្យគ្រួសារ​ជួបហានិភ័យ លើការចំណាយ​ថវិកាទិញ-លក់ដី លោកថា អ្នក​ទិញដី ត្រូវ​ពិនិត្យចំណូល​ និង​ចំណាយប្រចំាខែឲ្យបានច្បាស់លាស់​ ទើបទទួលបានផលវិជ្ជមាន។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ បានអះអាងប្រាប់VODថា ការពុះ​ដីឡូតិ៍​លក់ លោកមិនមានរបាយការណ៍ទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់​ក្រសួងពាណិជ្ជកម្មនោះទេ​។ ករណីនេះ លោកបង្វែរសំនួរឲ្យ​ទៅសួរ​ក្រសួង​ដែនដីនគរូបនីយកម្មវិញ ប៉ុន្តែ VOD មិនព្យាយាមទាក់ទងទៅ​អ្នកនាំពា​ក្យ​ក្រសួង​ដែនដី លោក ឡោ ដាវុធ និងលោក ឡៅ ទិព្វសីហា ដែរ តែមិនមានអ្នកទទួល។​

ស្ទើររាល់អាណត្តិនៃការបោះឆ្នោតគឺបញ្ហាតម្លៃអចលនទ្រព្យតែជួបបញ្ហាជាប់គាំង ដោយសារពលរដ្ឋមានព្រួយបារម្ភខ្លាចអ្នកនយោបាយទាស់គ្នាហើយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ ជាក់ស្តែងការបោះឆ្នោតកាលពីឆ្នាំ២០១៣ គឺលុយនៅតាមធនាគារត្រូវពលរដ្ឋដកយ៉ាងច្រើន ហើយទំនិញមួយចំនួន​ដូចជា មី ស្រីងៀតជាដើមឡើងថ្លៃខ្ពស់ខុសធម្មតាច្រើនដង ចំណែកទីផ្សារអចលនទ្រព្យលក់មិនដាច់ទេ ក្នុងឡុងជាប់គាំនយោបាយជាង១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ