មន្ត្រីសង្គមស៊ីវិលថាសកម្មភាពរបស់ពួកគេរួមតួចចាប់តាំងពីរំលាយបក្សប្រឆាំង

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​សេរីភាព និង​សកម្ម​ភា​ព​របស់​ខ្លួនកាន់​តែ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​ត្បិត​បន្ទាប់​​បក្សប្រ​ឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជាត្រូវ​បាន​តុលាការ​កំពូល​រំ​លាយ  ហើយថា អង្គការមួយចំនួនកំពុងប្រឈមបិទទ្វារឈប់ដំណើរការ។​

នាយក​ប្រតិ​បត្តិ​គណៈកម្មាធិការ​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​កម្ពុជាលោក សឿង សារឿន បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពី​ការ​លើក​កំពស់អភិបាល​កិច្ច​ល្អ និង​និរន្តរភាព​របស់​អង្គការ​សង្គម​ស៊ីវិលនៅ​ថ្ងៃ​សុក្រ​នេះ ថាស្ថាន​ការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​កំពុងតែ​បង្ក​ការ​លំ​បាក​ដល់​សេរីភាព​ និង​សកម្ម​ភាព​របស់​អង្គការ​​សង្គម​ស៊ីវិល​កាន់​តែ​ខ្លាំង ។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វី​អូ​ឌី​ថា៖​ «មួយ​រយៈកាល​កន្លង​មកគឺ​មាន​ការ​ចោទ​ប្រកាន់​ថា ប្រទេស​ដែល​ផ្តល់​ជំនួយ​មក​ដូច​ជា​​សហ​រដ្ឋ​អាមេរិក ឬ​មួយ​ក៏​សហ​ភាព​អឺរ៉ុប ដែល​ថា​បាន​គាំ​ទ្រ​ឲ្យ​មាន​ដំណើរ​ការ​បដិវត្តន៍​ព័ណ៌ ហើយ​ដែល​សង្គម​ស៊ីវិល​យើង​គិត​ថា​មិន​មាន​បដិវត្តន៍ព័ណ៌​នៅ​ស្រុក​ខ្មែរ​ហ្នឹង​អញ្ចឹង យើង​ឃើញ​ថា​ម្ចាស់​ជំនួយ​មួយ​ចំនួន​គឺ​គាត់​ពិបាក​ក្នុង​ការ​ផ្តល់​លុយ​មក​សង្គម​ស៊ីវិល ហើយ​សង្គម​ស៊ីវិល​ក៏​ពិបាក​ទទួល​ជំនួយ​។ … នៅពេល​ដែល​យើងចុះធ្វើ​សកម្មភាព​ផ្ទាល់ជាមួយ​ប្រជា​ពល​រដ្ឋ​ ហើយ​យើង​ក៏ពិបាក​ក្នុង​ការ​ប្រមែ​ប្រមូល​ប្រជា​ពល​រដ្ឋ​ដែរ ដោយ​សារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនធំ​ហ្នឹង ត្រូវ​បាន​ឃ្លាំមើល​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ជា​ពិសេស​ពេល​ដែល​យើង​មាន​ពិធី​ធំ​ៗ​ហ្នឹង​គឺ​មានបញ្ហា​ប្រឈម»។

ប្រធាន​គ្រប់គ្រង​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជាលោក កៅ ឌីណា មាន​ប្រសាសន៍​ថា អង្គការ​សង្គម​​ស៊ីវិល​មួយ​ចំនួនប្រឈម​ទៅ​នឹង​ការ​​​បិទ​ទ្វារ លែង​ទទូល​បាន​ជំនួយ​ ឬ​​ម្ចាស់​ជំនួយ​ពន្យា​រពេល​ ​ដោយ​សារ​ភាព​រកាំ​រកូស​ផ្នែក​ការទូតរវាង​កម្ពុជា ​ជា​មួយ​ប្រទេសម្ចាស់​ជំនួយទាំង​នោះ​ លើស​ពី​នេះ​ទៀត​ការ​​​រឹត​បន្តឹង​ផ្នែក​ច្បាប់​ពី​សំណាក់រដ្ឋាភិបាល​ និង​ការ​បង់​ពន្ធ​ក៏​ជា​ការ​ធ្វើ​ឲ្យ​អង្គការ​ទាំងនោះ​កាន់​តែ​លំបាក​ក្នុង​ការ​អនុ​វ​ត្តន៍​​ការងាររបស់​ខ្លួន​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង ​មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ចន្លោះ​នៃ​វិបត្តិ​ស្ថាន​ការណ៍ និង​ការ​លើ​កកម្ពស់​សេរីភាព និង​ការ​ចូល​រួម​របស់​ប្រជា​ជន​ជន។

លោក​ថា៖ «ហេតុ​អី​បាន​ខ្ញុំ​ហ៊ាន​ថា​អញ្ចឹង​! ព្រោះ​ថា​អ្នក​ដែល​ចង់​ទៅ​មុន​ក៏​មិន​ហ៊ាន ដក​ថយ​ក្រោយ​ក៏​មិនហ៊ានគឺ​នៅ​ត្រឹង​តែ​នៅ​ហ្នឹង​។ រឿង​ដែល​សំខាន់​មួយ​ទៀត​ដែល​ខ្ញុំ​ឃើញ​សូម្បី​តែ​គេលាបព័ណ៌​សង្គម​ស៊ីវិលថា​ពួក​បដិវត្តន៍​ព័ណ៌ពួក​អី​អញ្ចឹង​ទៅ សូម្បី​តែ​បក​ស្រាយ​ និយាយ​អី​ឲ្យ​នេះ​ទេ​ សូម្បី​តែ​បកស្រាយ​ដើម្បី​ការពា​រ​ខ្លួន​ឯង​ហ្នឹង​ណា ពេល​ខ្លះ​អ្នក​ខ្លះ​ក៏​មិន​ហ៊ាន​បកស្រាយ​ទៅ​ទៀត ព្រោះ​បារម្ភ​ណាស់។ អញ្ចឹង​បាន​ន័យ​ថា​យើង​មាន​ការបារម្ភច្រើនណាស់​ដែរ​ ហ្នឹង​ជា​ទូ​ទៅទាំង​អស់​គ្នា​ហ្នឹង​មាន​ការ​បារម្ភ​ច្រើន​ដែរ»។

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍​ថា​លោក​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើងរបស់​អង្កការ​សង្គម​ស៊ីវិល​ទាំង​​នេះ និង​ថាការ​លើក​ឡើង​នេះ​ជា​ការលើក​ឡើង​ដដែលៗ ដោយ​មើល​មិន​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។

លោក​ថា៖ «ពូ​មិន​ដែល​ឮថ្ងៃ​ណា​គាត់​ថា​រីក​ចម្រើន​ផង ជាការ​គួរ​ឲ្យ​ស្តាយ​គ្រាន់​តែ​ថា​ឥឡូវ​បើ​យើង​អត់​មាន​ពាក់​ព័ន្ធ​អី ធ្វើ​ធម្មតា​ទៅ​មាន​អ្នក​ណា​ទៅ​ធ្វើ​អីបដិវត្តន៍ព័ណ៌​អី​ឯណា យើង​កុំ​តែ​ទៅ​ធ្វើ​ទៅ​។ ដូន​តា​យើង​បង្រៀនប្រាប់​មេឃុំ​ម៉ា​ម៉ាត់​ទៅ ថា​ពូ​អើយខ្ញុំ​ធ្វើ​អានេះ​មួយខ្ញុំ​អង្គការមាន​ច្បាប់​ហើយ​មក​ប្រជុំ​ប្រជាជន​មួយ​រឿង​នេះ ប្រាប់​គេ​មួយ​ម៉ាត់​ទៅ​គេ​កាប់​ដូង​ឲ្យ​ផឹក​ទៀត​នោះ វ៉ៃ​មាន់​ឲ្យ​ស៊ី​ទៀត។ បើយើង​ទៅ​អង្គការ​មក​ប្រជុំ​ប្រជា​ជន​ក៏​អញ​ដល់​ធ្វើ​អញ្ចឹង​ដូច​មិន​កើត​ទេ​»។

ទំនាក់ទំនងកម្ពុជា និងលោក​សេរី​ ហាក់កាន់តែតានតឹងឡើង​ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បាន​ចាប់​ឃុំ​ប្រធាន​អតីត​បក្សសង្គ្រោះ​ជាតិ​ និង​បាន​រំលាយ​បក្ស​នេះ​កាល​ពី​ពាក់​កណ្តាល​ខែមុន ដោយ ​ថា​មាន​បំណង​ចង់​ធ្វើ​បដិវត្តន៍ព័ណ៌​ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ