របាយការណ៍ស៊ើបអង្កេត៖ អឿត អាង បានជួបជាមួយមន្ដ្រីយោធាជាន់ខ្ពស់ មុនកើតឃាតកម្មលើលោក កែម ឡី 

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧​ ម៉ោង 5:55 PM | របាយការណ៍ស៊ើបអង្កេត | 0 | 13477 អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្ដរជាតិមួយ ឲ្យដឹងថា មុនករណីឃាតកម្មលើលោក កែម ឡី ប៉ុន្មានថ្ងៃ បុរសឈ្មោះ «អឿត អាង» ហៅ «ជួប សម្លាប់» បានប្រាស្រ័យទាក់ទងជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាកម្ពុជា។

នៅក្នុងរបាយការណ៍ស៊ើបអង្កេតជាវីដេអូរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែមករា បង្ហាញថា ពួកគេបានសម្ភាសន៍ជាមួយប្រភព និងសាក្សីជាច្រើនក្នុងខេត្តសៀមរាប ដែលបាននិយាយថា បុរសឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់»​ ត្រូវបានកោះហៅដើម្បីទៅជួបប្រជុំជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គឺប្រហែលមួយសប្ដាហ៍ មុនកើតមានឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។

បើតាមរបាយការណ៍ស៊ើបអង្កេតនេះ សាក្សីមួយចំនួនដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា បន្ទាប់ពីមានការពិភាក្សានោះ បុរសឈ្មោះ អឿត អាង ត្រូវបានគេដាក់ចូលទៅក្នុងឡាន និងដឹកចេញពីតំបន់នោះ។ បន្ថែមលើសនេះ អ្នកបើកឡានតាក់ស៊ីម្នាក់ឈ្មោះ ឌឹក ឌៀន និយាយថា គាត់បានដឹកជនសង្ស័យទៅបេនឡាននៅជាយក្រុងសៀមរាបពីកន្លែងដែលគាត់បានចុះពីឡានឡិចស៊ីស។ លោក ឌឹក ឌៀន អះអាងថា បុរសឈ្មោះ អឿត អាង ហាក់ដូចកំពុងស្ថិតក្នុងភាពប្រញាប់ប្រញាល់ ដោយថាគាត់ថែមទាំងមិនបានបង់លុយថ្លៃតាក់ស៊ីរបស់គាត់ទៀតផង។

របាយការណ៍ជាវីដេអូដដែលនេះ ឲ្យដឹងទៀតថា នៅថ្ងៃដែលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់នោះ មានមន្ដ្រីយោធាម្នាក់បានជិះម៉ូតូតាមពីក្រោយបុរសឈ្មោះ ជួប សម្លាប់ និងថា មន្ដ្រីយោធានោះហាក់ដូចជាកំពុងប្រាប់ទៅជនសង្ស័យ «ឲ្យខំរត់ទៅមុខបន្ដទៀត» ជាជាងចាប់ខ្លួនភ្លាមៗ។

ទាំងសាក្សី ព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera លើកឡើងដូចគ្នាថា ពួកគេមិនជឿថាឈ្មោះ «ជួប សម្លាប់» ជាឃាតកពិតប្រាកដទេ ចំណែក អ្នកខ្លះទៀតថា ជនសង្ស័យអាចត្រូវបានគេជួលឲ្យចូលរួមក្នុងឃាតកម្មនេះ ដោយសារទទួលបានលុយកាក់ ឬលាភសក្ការៈណាមួយ។

VOD បានទាក់ទងទៅស្នងការនគរបាលខេត្តសៀមរាប លោក សត ណាឌី និងអធិការ​នគរបាល​ស្រុក​អង្គរជុំ លោក ម៉ាន់ សុថាត់ ប៉ុន្ដែពួកគេថា មិនបានដឹងរឿងនេះឡើយ៖ «អត់ទេបាន​ អត់ទេ អត់បានទទួលដឹងឭ អត់ដឹងទេ»

កន្លងហួសទៅ៦ខែហើយដែលលោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់» ដោយបានបន្ដឃុំខ្លួនរហូតដល់តុលាការសម្រេចបិទបញ្ចប់ការស៊ើបសួរ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required