ចិនព្រមានចាត់វិធានការក្ដៅលើអាមេរិក បើលោក ត្រាំ នៅតែលើករឿងកោះតៃវ៉ាន់

មហាអំណាចសេដ្ឋកិច្ចចិនបានបង្ហាញនូវការថ្នាំងថ្នាក់ចិត្តនិងព្រមានចាត់វិធានការតឹងរ៉ឹងតបនឹងលោក ដូណាល់ ត្រាំ ដែលមានចេតនាធ្វើឲ្យខូចគោលនយោបាយ «ចិនតែមួយ» និងឯករាជ្យភាពកោះតៃវ៉ាន់។

សារព័ត៌មាន Reuters បានដកស្រង់ខ្លឹមសារក្នុងសារព័ត៌មានរដ្ឋចិនមួយឈ្មោះ The Global Times ដែលបានព្រមានថា  ទីក្រុងប៉េកាំងនឹងចាត់វិធានក្ដៅ បើប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅតែបន្ដលើករឿងឯករាជ្យភាពកោះតៃវ៉ាន់ ក្រោយស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ មករា ខាងមុខ។

សារព័ត៌មានចិនមួយទៀត China Daily បន្ថែមថា ចិននឹងហ៊ានចំណាយអ្វីៗ គ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដឹងពីបញ្ហារសើបមួយនេះ និងផលវិបាកផ្សេងៗ នៃការលេងល្បែងរឿងកោះតៃវ៉ាន់។

ការចុះផ្សាយលើសារព័ត៌មានទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្ដល់បទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រ ទី១៣ មករា ដោយលោកថា គោលនយោបាយ «ចិនតែមួយ» អាចចរចាបាន។ ពាក់ព័ន្ធបញ្ហានេះ ក្រសួង​ការបរទេស​ចិន បានឆ្លើយបញ្ជាក់ កាល​ពី​ថ្ងៃអាទិត្យ ​ម្សិល​មិញ​ថា គោល​នយោបាយ “ចិន​តែ​មួយ”​  ​ជា​មូលដ្ឋាន​ដែល​មិន​អាច​ចរចា​បានសម្រាប់​ទំនាក់​ទំនង​ចិន-អាមេរិក ហើយ​ចិនបាន​ជំរុញ​ទៅ​ភាគី​ពាក់​ព័ន្ធ​នៅ​អាមេរិក​ទទួល​ស្គាល់​​បញ្ហា​កោះ​តៃវ៉ាន់ផងដែរ។

តាំង​ពី​ឆ្នាំ​១៩៧៩​មក សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន ប៉ុន្តែ លោក ត្រាំ បាន​បញ្ឆេះ​ឲ្យ​មាន​ការ​តវ៉ា​ផ្នែក​ការទូត​ពី​សំណាក់​ក្រុង​ប៉េកាំង បន្ទាប់​ពី​ជជែក​គ្នា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នក​ស្រី សៃ អ៊ឹងវ៉េន កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ