លោក​ ហ៊ុន សែន គ្រោង​រំលាយ​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​ប្រឆាំង​ជាថ្មី

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គ្រោង​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រភាគតិចនៅ​ក្នុងសភាមាន​ឋានៈស្នើនាយក​រដ្ឋ​មន្ត្រី ដោយ​ថា​ពិបាក​ធ្វើ​ការ​ជា​មួយ​បក្ស​ប្រឆាំង និង​ដើម្បី​ការ​ពារ​ដល់ចំណាត់​ការ​របស់តុលាការ។​ នេះ​ដោយ​យោង​តាម​សារព័ត៌មាន​ដែល​គាំ​ទ្រ​រដ្ឋាភិបាល Fresh News។

លោក ​ហ៊ុន សែន បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន Fresh News ថា​លោក​មិន​ចង់​ឲ្យ​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ និង​ពិ​បាក​ក្នុង​ការ​ជួប​ចរចាជា​មួយ​បក្ស​ប្រឆាំង​ទៀត​ទេ ក៏​ព្រោះ​លោក​លើក​ឡើង​ថា​យន្ត​ការ​ដែល​មាន​កាល​ពី​កន្លង​មក​មាន​ការ​ពិ​បាក ហើយ​បក្ស​ប្រឆាំង​តែង​តែប៉ុនប៉ង​​ប្រើ​ប្រាស់​ការ​ចរចានេះ​ក្នុង​ការស្នើឲ្យ​​​ដោះ​លែងមនុស្ស​មួយចំនួន​​ ដែល​លោក ​ហ៊ុន សែន​ ថា​ជា​ការ​បំពាន​ដល់​អំណាច​តុលាការ ដូច្នេះ​លោក​ថា​ចង់​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ថ្មី (បី) ហើយ​ត្រលប់​ទៅ​ប្រើ​ប្រការ​៤៨ (ពីរ) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា​វិញ។

គោល​បំណង​នៃ​ប្រការ​៤៨ ថ្មី (បី) គឺ​ចង់​បង្កើត​ឲ្យ​មានថ្នាក់​ដឹក​នាំ​​ក្រុម​អ្នកតំណាង​រាស្ត្រនៃ​បក្ស​នយោ​បាយ​​ដែល​មាន​អាសនៈនៅ​ក្នុង​សភាចាប់ពី​៥​ភាគ​រយឡើង​ អាចពិភាក្សាពាក់​ព័ន្ធ​នឹង​គោល​​នយោបាយ​ខ្លួននិង​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​នយោបាយ​ផ្សេងដែលថា​ដើម្បី​ជា​ប្រយោ​ជន៍​ជាតិ។

ប្រការ​នេះ​ក៏​បាន​ចែង​ផង​ដែរ​នូវ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​នៃគណបក្សក្រៅ​រដ្ឋាភិបាល​ដែល​មាន​អាសនៈ​ចាប់ពី​២៥​ភាគ​រយ​ឡើង​ទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ប្រធាន​ក្រុម​មតិភាគ​តិចនៅ​រដ្ឋសភា ដែល​តួនាទី​នេះ​មាន​ឋានៈស្មើនាយករដ្ឋ​មន្ត្រី ហើយ​ជា «​ដៃគូរសន្ទនា»​ ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធបញ្ហា​ជាតិ។

អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុ​ជា​លោក សួស យ៉ា​រ៉ា​ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពីការ​ចង់​ផ្លាស់​ប្តូរ​ប្រការ​៤៨ថ្មី (បី) មក​នៅ​ត្រឹម​ប្រការ​៤៨(ពីរ)នេះ​ទេ ​ដោយ​សារ​លោក​ជាប់​ប្រជុំ​ តែ​​ទោះ​ជា​យ៉ាង​ណា​លោក​ថា​នេះ​​គឺ​គ្រាន់​តែ​ជា​យោ​បល់​របស់​ថ្នាក់​ដឹកនាំ​បក្ស តែ​ការ​សម្រេច​ថាកែ​ប្រែ​ឬ​ធ្វើ​វិសោធនកម្មទៅ​ជា​យ៉ាង​ណា​នោះ​គឺ​ត្រូវ​មាន​ការ​សម្រេ​ច​របស់​បក្ស​សិន​។

លោក​ថា៖ «ដូច​ជា​មិន​ទាន់​អាច​វាយតម្លៃ​អី​បាន​ទេព្រោះ​រឿង​នេះ​ជា​រឿង​របស់​ថ្នាក់​ដឹកនាំ​លោក​មាន​យោ​បល់​ និង​គំនិត​ អញ្ចឹង​បាន​ន័យ​ថា​អាច​ល្អ​ជាង​មុន​ឬ​មួយ​ក៏យ៉ាង​ម៉េច។ ធម្មតា​តែ​គេ​ធ្វើ​វិសោ​ធនកម្ម​គឺ​បាន​ន័យ​ថា​ប្រសើរ​ជាង​មុន​ហើយ យើង​មិន​អា​ចទាន់​វាយ​តម្លៃ​ឬ​មួយ​ថា​រឿង​ហ្នឹង​វាអាច​ត្រូវតែ​ជា​យ៉ាង​ណា​ទៀត​ដែរ! អញ្ចឹង​អ្វី​ក៏​ដោយ​គឺ​ត្រូវ​ប្រជុំ​គ្នា​ថា​ធ្វើ​វិសោ​ធនកម្ម​ក្នុង​ខ្លឹម​សារ​បែប​ណា អញ្ចឹង​អ្វី​ៗ​យើង​និយាយ​វាយ​តម្លៃ​នៅ​ពេល​នេះ​គឺ​មិន​ទាន់​ត្រូវ​ទេ»។

វីអូ​ឌី​មិន​អា​ចទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​របស់​បក្សប្រឆាំង​ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។

អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍសង្គមនិង​នយោបាយ លោក គឹម សុខ យល់​ថា​នេះ​ជា​បរាជ័យ​ដែល​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ព្យាយាម​​ប្រើ​វប្បធម៌​សន្ទនា​ក្នុ​ងការវាយបំបែក​បក្ស​ប្រឆាំង។ លោក​ថា​ក្នុង​ការ​ជួប​ចរចា​ជា​មួយ​លោក​ កឹម សុខា កាល​ពី​ពេល​កន្លង​ទៅ​ប្រាកដ​ជា​មាន​ការ​ស្នើ​ពី​លោក ​ហ៊ុន សែន ឲ្យ កឹម​ សុខា​ ធ្វើ​អ្វី​មួយដែល​អាច​ជា​​​គ្រោះ​ថ្នាក់​ដល់​បក្ស​ប្រឆាំង ហើយ​​ត្រូវ​បាន​បក្សប្រឆាំង​បដិសេធ។

លោកថា៖ «គាត់​ប្រើ​ពាក្យ​ថា​មិន​បាន​ផល​ហ្នឹង​គឺ​ត្រូវ​ហើយ! បាន​ន័យ​ថា​ល្បិច​ដែល​គាត់​បាន​ប្រើ​មក​ជា​ហូរ​ហែ​មក​តាម​រយៈដែល​ហៅ​ថា​វប្បធម៌​សន្ទនា​ហ្នឹង​វា​មិន​បានផល​បម្រើ​នយោបាយ​គាត់​ទេ មិន​មែ​ន​ជា​វប្បធម៌​សន្ទនាដើម្បី​ប្រទេស​ជាតិ​អី​ទេ​តាម​ពិត​ជាវប្បធម៌​ក្រោម​ពាក្យថា​សន្ទនា​ក្រោម​ល្បិច​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ប្រើ​ដើម្បីទាញលោក ​កឹម សុខា និង​អ្នក​ផ្សេងៗ​ទៀត​ឲ្យ​ទៅ​អនុវត្តន៍​ល្បិ​ច​នយោបាយគាត់​ដើម្បីកម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅ​ពេល​ដែរលោក ​កឹម សុខា ​រឹង​មាំ​មិន​ព្រម​ធ្វើ​តាម​អញ្ចឹងគាត់​ប្រើ​ពាក្យ​ថា​មិន​បាន​ផល​ និង​មិនចង់​និយាយ​ហើយ​ទៅ​ងាក​និយាយ​ការ​កែ​ច្បាប់​ហ្នឹង​វា​ជារឿង​ធម្មតា​ទៅ​ហើយ»។

លោក ​គឹម សុខ វិភាគ​ទៀត​ថាប្រសិន​ជា​គណបក្ស​ប្រជា​ជន​សម្រេច​បញ្ចប់​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​ប្រឆាំង​ពិត​មែន​នោះ​សម្ពោធ​នយោបាយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំងនិង​​មនុស្ស​​មួយ​ចំនួន​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែងរបស់លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់ទៅលើ លោក​ កឹម សុខា ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​ទោសកាលពី​ចុង​ឆ្នាំ​២០១៦។  ប្រសិន​បើ​បក្ស​កាន់​អំណាច​សម្រេច​វិសោធនកម្ម​នោះ​បាន​លោក កឹម សុខា ដែល​ទើប​នឹង​ទទួល​បាន​តំណែង​នេះ​នឹង​ត្រូវ​បាត់​បង់​ឱកាស​ជួប​ចរចារជា​មួយ​បក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ