សកម្មជនដីធ្លីទទូចឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សតាមការសន្យា

សកម្មជនដីធ្លីដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ ទទូលឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធមនុស្ស៤រូប មន្ត្រី គ.ជ.ប និងតំណាងពួកគេ ដោយថាការចាប់អ្នកទាំង៦រូបធ្វើជាចំណាប់ខ្មាំង មិនបានចំណេញអ្វីដល់គណបក្សនយោបាយឡើយ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការចាប់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់គំនាបទៅគណបក្សប្រឆាំងនោះ មិនបានចំណេញអ្វីទៅបក្សកាន់អំណាចឡើយ មានតែធ្វើឲ្យអំណាចកាន់តែបាត់សន្លឹកឆ្នោតបន្តទៀត។ អ្នកស្រីអំពាវនាវឲ្យលោក ស ខេង ដែលពេលនេះលោកជានាយករដ្ឋមន្រ្តីស្តីទីផងនោះ ត្រូវដោះលែងអ្នកជាប់ឃុំចំនួន៥នាក់ដូចអ្វីដែលបានលើកឡើងជាសាធារណៈថា នឹងដោះលែងតាំងពីចុងឆ្នាំ២០១៦។

អ្នកស្រីថា៖ «ប្រសាសន៍ឧបនាយករដ្ឋមន្ត្រី ស ខេង គាត់និយាយថ្ងៃក្រោយគ្មានន័យទៀតទេ ព្រោះអីគាត់ជាថ្នាក់ដឹកនាំទាំងមូល ហើយគាត់បានសន្យាជាសាធារណៈ ហើយដល់ពេលគាត់សន្យាហើយមិនអាចធ្វើបាន ចឹងថ្ងៃក្រោយទៀត កិច្ចមួយដែលប្រទេសទាំងមូល ដែលកំពុងរងចាំគាត់បម្រើប្រជាពលរដ្ឋ នោះមិនអាចធ្វើការអីកើតទេ។ កិច្ចការដែលតូចបំផុតសម្រាប់គាត់បែរជាគាត់ធ្វើមិនបាន អានេះជាជម្លោះផ្ទៃក្នុងរបស់ពួកគេ ព្រោះគាត់ចរចាផ្សេង គាត់និយាយក្រៅផ្សេង …ក្នុងនាមជាថ្នាក់ដឹកនាំមួយនិយាយហើយត្រូវគោរពសន្យារបស់ខ្លួន»។

អ្នកស្រីបន្តថា អ្នកដែលជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបែរជាត្រូវជាប់គុក ហើយអ្នកដែលធ្វើខុសបែរជាមានសេរីភាពទៅវិញ។

សកម្មជនដីធ្លីបុរីកីឡា អ្នកស្រី ស សន ដែលបានទៅចូលរួមតវ៉ាជាមួយសហគមន៍បឹងកក់ លើកឡើងថា អ្នកស្រីចង់ឲ្យរដ្ឋាភិបាល បង្ហាញកាំម៉េរ៉ាសុវត្ថិភាពនៅក្នុងស្តារម៉ាត ស្តុបបូកគោ ដែលជាកន្លែងឃាតករសម្លាប់ លោក កែម ឡី ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និង​អ្នក​ស្រី លឹម មុន្នី និង​អគ្គ​លេខាធិការ​រង​ គ.ជ.ប. លោក នី ចរិយា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី នៅ​ក្នុង​សំណុំ​រឿង​​របស់​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា។

ចំណែក​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំមុន​ ក្រោម​ការ​ចោទ​ថា​ សកម្ម​ជន​រូបនេះ បាន​ជេរ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ ខណៈ លោក កែម ឡី ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ាត ក្នុង​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន។

ថ្ងៃចន្ទ ទី១៦ ខែមករានេះ ជាសប្តាហ៍ទី៣៧ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនោះ និងរកយុត្តិធម៌ជូនលោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ