បំណុលកម្ពុជាជំពាក់បរទេស ត្រូវបានព្យាករថា នឹងកើនឡើងដល់ទៅជិត ៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨នេះ ប៉ុន្តែរដ្ឋាភិបាលនៅតែអះអាងថា ទំហំបំណុលនេះស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយរដ្ឋាភិបាលនៅតែអាចខ្ចីបន្តទៀតបាន។
ស្ថិតិបំណុលដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញ បានបង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៧ បំណុលដែលកម្ពុជាជំពាក់បរទេស មានចំនួន ៦ ២៣៣.២លានដុល្លារអាមេរិក។
អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា លោក ហាល់ រតនៈ បានឲ្យដឹងថា ទំហំបំណុលដែលកម្ពុជាជំពាក់បរទេស នឹងកើនឡើងដល់ចំនួនជាង ៧ ៨៧២.៩លានដុល្លារ នៅក្នុងឆ្នាំ២០១៨នេះ។
ជាមួយទំហំបំណុលក្នុងចំនួនបែបនេះ វាមានន័យថា ប្រជាជនកម្ពុជាម្នាក់ ជំពាក់បំណុលបរទេសជាង ៥០០ដុល្លារអាមេរិក។
លោក ហាល់ រតនៈ បានឲ្យដឹងថា បំណុលដែលកម្ពុជាជំពាក់បរទេស មានទំហំត្រឹមតែជាង ៣៣ភាគរយប៉ុណ្ណោះ ធៀបទៅនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេស ហើយលោកថា តាមការវាយតម្លៃពីស្ថាប័នរូបិយប័ណ្ណអន្តរជាតិ ទំហំបំណុលសាធារណៈរបស់កម្ពុជា មិនទាន់ឈានដល់ចំណុចហានិភ័យនៅឡើយទេ។
លោកបន្ថែមថា៖ «ព្រោះបើយើងមើលទៅថា ៣៣ភាគរយ យើងអាចខ្ចីដល់ ៤២ភាគរយយ៉ាងតិច ដើម្បីអភិវឌ្ឍន៍ប្រទេស អញ្ចឹងយើងឃើញថា អត់មានវ័ណ្ឌកទេ។ អញ្ចឹង សម្រាប់ទស្សនៈខ្ញុំ ឃើញថា យើងខ្ចីប៉ុណ្ណេះតិចណាស់ អញ្ចឹងដើម្បីរុញប្រទេសយើងឲ្យលឿនជាងហ្នឹងទៀត គឺយើងត្រូវខ្ចីឲ្យច្រើនជាងហ្នឹង ហើយប្រទេសណាក៏ខ្ចីដែរ ដើម្បីរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែ សំខាន់ត្រង់ថា ប្រទេសយើងមានសមត្ថភាពសងគេឬអត់?»។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល គាំទ្រឲ្យកម្ពុជាខ្ចីលុយបរទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែមានភាពប្រសើរឡើង ដើម្បីរុញកម្លាំងសេដ្ឋកិច្ចឲ្យបានខ្លាំង ប៉ុន្តែ លោកថា កម្ពុជាគួរតែមានភាពច្បាស់លាស់នៃគម្រោងកម្ចី និងការតាមដានគម្រោងនេះ។
លោកថា៖ «ក្នុងប្រទេសជាតិណាក៏ដូចជាប្រទេសជាតិណាដែរ គឺថា ត្រូវរកទុនមកវិនិយោគបន្ថែម ព្រោះអីបើយើងដាក់ ១០០ដុល្លារទៅ យើងនឹងបានផលមកវិញ ២០០ដុល្លារនៅក្នុងរយៈពេល ៥ឆ្នាំក្រោយ។ នេះហើយគឺការបង្កើត នេះហើយគឺការបង្កើននូវកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលក្នុងការអភិវឌ្ឍប្រទេសជាតិ គឺតាមការវិនិយោគនេះឯង ហើយបើយើងចាំតែវិនិយោគនូវទឹកប្រាក់ដែលយើងមានស្រាប់ មិនខ្ចីគេ ក៏បានដែរ តែវាយឺតណាស់»។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ជិតពាក់កណ្ដាលនៃទំហំបំណុលកម្ពុជា គឺជាបំណុលដែលកម្ពុជាបានខ្ចីប្រទេសចិន ខណៈកម្ពុជាក៏បានខ្ចីកូរ៉េខាងត្បូង ជប៉ុន និងស្ថាប័នផ្ដល់កម្ចីអន្តរជាតិពហុភាគីផងដែរ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានឲ្យដឹងថា តាមសមត្ថភាពរបស់កម្ពុជា គឺអាចខ្ចីបានដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន តែថា ដោយសារដើម្បីរក្សាចន្លោះកម្ចីនៅពេលកម្ពុជាមានវិបត្តិ ទើបរដ្ឋាភិបាលសម្រេចរក្សាទំហំកម្ចីនៅចន្លោះពី ៣២ ទៅ៣៣ភាគរយនៃផលិតផលសរុបក្នុងស្រុកនេះ។
លោកថា៖ «ប៉ុន្តែ យើងអត់ហ៊ាន យើងទុក Space លំហនេះ ដើម្បីទុកពេលមានវិបត្តិអីយើងសល់។ ឥឡូវយើងអត់ទាន់មានអីទេ ប៉ុន្តែ បើយើងមានវិបត្តិ យើងសល់ធំណាស់ យើងអាចខ្ចីបានច្រើនមែនទែនសម្រាប់គ្រប់គ្រងវិបត្តិរបស់យើង»។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងបំណុលកម្ពុជា រដ្ឋាភិបាលបានរក្សាគោលការណ៍កម្ចីក្នុងទំហំសមស្របនឹងស្ថានភាពថវិកា និងសេដ្ឋកិច្ចរបស់ខ្លួន រកកម្ចីដែលមានកម្រិតការប្រាក់ទាប ឬអនុគ្រោះខ្ពស់ ហើយប្រាក់កម្ចីទាំងនោះត្រូវខ្ចីក្នុងគោលដៅទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕