បទយកការណ៍៖ កម្មករ​សំណង់​ចង់​បាន​ការ​គាំ​ពារ​ពី​រដ្ឋាភិបាល​ដូច​ទៅ​នឹង​កម្មករ​កាត់​ដេរដែរ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨​ ម៉ោង 8:22 AM | បទយកការណ៍ | 0 | 923 ក្រុមកម្មករសំណង់​ប្រមូល​ផ្ដុំគ្នា​នៅ​មុខវិមានរដ្ឋសភា ​(រូបថត៖​ CLC Cambodia)

«វាប្រឈមមុខគ្រោះថ្នាក់ច្រើន ដោយសារអីយើងទៅជាន់ខ្ពស់ យើងខ្លាចធ្លាក់ ឬក៏មានអ្វីធ្លាក់មកពីលើ ដូចគ្រែនស្ទួយដែកទាំង​បាច់ៗ។ អាហ្នឹង វាប្រឈមមុខនឹងគ្រោះថ្នាក់ណាស់។ ជួនកាលយើងធ្វើការនៅក្រោម ជួនកាលគេវាយពុម្ពវាយអី ឬក៏គេចងសរសរ​ចងអី​ក៏មាន ទីបក៏មាន អីធ្លាក់មកដោយយថាហេតុដែលយើងមិនអាចដឹង ច្រើនណាស់ការនិយាយវាច្រើន។ យើងចងដែកចងអី យើលីដែកអីជួនកាលស្លែបមួយៗ វាមានប្រឡោះវា​ពី ១​តឹក​ទៅ ២  ជួនកាលអាចធុងជួល ទៅប៉ះដែកអញ្ចឹង ទៅក៏មានដែរ»។

នេះជាការរៀបរាប់ពីបញ្ហាប្រឈមមួយចំនួនរបស់​ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា ធ្វើការ​ផ្នែក​ចង​ដែក​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ម្ដុំ​សង្កាត់​ទឹកថ្លា ក្នុង​រាជ​ធានី​ភ្នំពេញ។

ប្រាប់​ថា មានអាយុ ​៣០​ឆ្នាំ និង​មាន​ប្រភព​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​នោះ អ្នកស្រី សួន ស្រីយ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​នេះ​អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ ដោយទទួលបានប្រាក់កម្រៃចន្លោះពី ១៦០០០ ទៅ ២០០០០រៀលក្នុងមួយថ្ងៃ។

និយាយ​បណ្ដើរ ភ្នែកសម្លឹងមើលទៅកន្លែងធ្វើការទាំងទឹកមុខស្រពោន ស្ត្រី​មាន​សម្បុរ​ខ្មៅ​ស្រគាំង និង​សក់​វែង​រូប​នេះ បាន​រៀប់​រាប់​បន្ត​ថា អ្នកស្រី​តែង​តែ​ឡើង​ចង​ដែក​នៅ​ទីខ្ពស់​នៅ​ក្នុង​ការដ្ឋាន​សំណង់​រាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​​ព្រួយបារម្ភពីសុវត្តិភាព និង​គ្រោះថ្នាក់ច្រើន​នានា បើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាង​ណា​ក៏​ដោយ។

អ្នកស្រីថា៖«មានបញ្ហាគ្រោះថ្នាក់អីទៅ ថៅកែអត់ទទួលខុសត្រវ អញ្ចឹង លុយប៉ុណ្ណឹង យើងយកទៅមើលខ្លួនយើងអត់គ្រាន់ទេ។ អញ្ចឹង​បង​ចង់​ឲ្យថៅកែដែលបង្កើតការដ្ឋានសំណង់ទាំងអស់ ចង់ឲ្យមានច្បាប់ហ្នឹងដូចរោងចក្រដែរ ​ដើម្បីបានជួយកម្មករសំណង់​យើងហ្នឹង នៅ​ពេល​ដែល​យើងមានបញ្ហាគ្រោះថ្នាក់។ ធម្មតា យើងអត់បាន យើងទៅធ្វើការអញ្ចីង ពេលមានគ្រោះថ្នាក់ លុយប៉ុណ្ណឹង​យក​ទៅ​មើល​ខ្លួន​យើង​មិន​គ្រាន់​ទេ​ មិនគ្រប់ទេ។ កន្លែងខ្លះពិបាកទៅ កន្លែងខ្លះក៏ស្រួលទៅ និយាយឲ្យចំ បងចង់បានដូចរោង​ចក្រអញ្ចឹងហ្មង ដើម្បី​ការពារ​កម្មករ​សំណង់ មិនថា​ស្ត្រី មិនថាបុរស សូមឲ្យមានប័ណ្ណ ប.ស.ស. និង…ដូចគ្នា»។

ចេញពីធ្វើការនៅម៉ោង ១១​ថ្ងៃត្រង់ បុរសម្នាក់​បាន​ប្រាប់​ថា ធ្វើការ​ផ្នែកកាត់កញ្ចក់ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១។ បុរស​រូប​នេះ​រៀបរាប់​ថា ក្រុម​កម្មករ​សំណង់ ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នានា ខណៈដែល​ពួកគាត់​មិន​ទទួល​បាន​សម្ភារៈ​ការ​ពារ​សុវត្ថិភាព​គ្រប់​គ្រាន់ អំឡុង​ពេល​ពួកគេ​ធ្វើការ​នៅ​ទីកន្លែង​ខ្ពស់ និង​ត​ខ្សែ​ភ្លើង​ជា​ដើម។

បុរសរូបនេះ និយាយទៀតថា នៅពេលមានគ្រោះថ្នាក់ ដូចជា ឆក់ខ្សែភ្លើង ធ្លាក់ពីលើអាគារ ឬក៏ធ្លាក់ដែកលើរហូតដល់បាត់បង់ជីវិត គឺ​មិន​មាន​ក្រសួង ឬ​ស្ថាប័នណាមួយ ចុះមកពិនិត្យរកពីមូលហេតុដែលបណ្ដាលឲ្យកម្មករស្លាប់នោះទេ ហើយអ្វីដែលសំខាន់នោះ ព័ត៌មាន​ទាំង​អស់​ដែល​កើតឡើង ត្រូវបំបិទចោលទៀត​ផង។

លោកថា៖ «ក្នុងក្រុមហ៊ុន បុរី ប៉េងហួត​ និយាយឲ្យចំ ក្រុមហ៊ុនមានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទារ ធ្លាក់អីមកអញ្ចឹង ដូចស្លាប់អីអញ្ចឹងទៅ គេបំបិទតែម្ដង បំបិទកុំឲ្យដឹងលឺខ្ចោះខ្ចាយច្រើនអញ្ចឹង គិតគួរលុយកាត់ដែលត្រូវបាន បើខ្ញុំស៊ើបទៅវាមិនបានច្រើនប៉ុន្មានទេលុយដែលយកទៅមើលជំងឺ បានធ្វើបុណ្យអីហ្នឹង»។

ធ្វើការ​ជា​អ្នក​ចង​ដែក​ផង និង​លាយ​កំបោរ​ផង​នៅ​ក្នុង​ការដ្ឋាន​សាង​សង់​​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ស្ថិត​នៅ​មុខ​​រាជ​ធានី​ភ្នំពេញ​នោះ អ្នកស្រី ចក់ យឿន អាយុ ៤០​ឆ្នាំ បាន​អះ​អាង​ថា អ្នកស្រី​ធ្លាប់​បាន​ឃើញ​កម្មករ​ដូច​គ្នា បាន​រង​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់ នៅ​ក្នុង​ការដ្ឋាន​សំណង់ ប៉ុន្តែ ម្ចាស់​ការដ្ឋាន​សំណង់​មិន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។ អ្នកស្រី​ថា ម្ចាស់​ការដ្ឋាន​ទាំង​នោះ បាន​លើក​ហេតុផល​ថា កម្មករ​សំណង់​ធ្វើការ​ក្នុង​ការដ្ឋាន​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។

ក្រៅ​ពី​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ​ស្ត្រី​មានសម្បុរខ្មៅ​រូប​នេះ រៀបរាប់​បន្ត​ថា គាត់​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព និង​បញ្ហា​ប្រាក់​ឈ្នួល​ទាប​ផង​ដែរ ហើយ​អ្នក​ស្រី​ចង់​បាន​ការ​គាំ​ពារ​ពី​រដ្ឋាភិបាលដូច​ក្រុម​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដែរ​ផង​ដែរ ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​បេឡាជាតិ​របប​សន្តិសុខ​សង្គម និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្សេងៗ​ផ្អែក​តាម​ច្បាប់​ការងារ។

អ្នកស្រីថា៖ «ក្នុងខ្ញុំជាកម្មករ ចង់ឲ្យមានច្បាប់ ដូចជា យើងមាន​គ្រោះថ្នាក់ការងារអញ្ចឹង ចង់​ឲ្យ​ក្រុម​ហ៊ុន​ទទួល​ចេញ​ជា​ថ្លៃ​ព្យាបាល​ឲ្យ​កម្មករ ព្រោះកម្មករសំណង់គាត់ប្រឈមនឹងគ្រោះថ្នាក់ជាច្រើន តែក្រុមហ៊ុនអត់ដែលទទួលស្គាល់ទេ ពេល​ទៅ​ព្យាបាល​អត់​មាន​គិត​ប្រាក់​ឈ្នួល​ឲ្យ​គាត់ទេ ថែមទាំងថ្លៃដេកព្យាបាលអត់ចេញជាសាហ៊ុយឲ្យគាត់ដែលនឹងម្ចាស់ក្រុមហ៊ុន»។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ ២៧​ភាគរយ នៅ​ក្នុង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក ពោល​ទំហំ​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ បាន​ឡើង​ដល់​ទំហំ ៦​ពាន់ ២៦៧​លាន​ដុល្លារ។

បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ទំហំ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ខ្ពស់​បែប​នេះ បាន​ផ្ដល់​ការងារ​ដល់​មនុស្ស​ជាង ២០​ម៉ឺន​នាក់ ក្នុង​នោះ​ ៣៥​ភាគរយ​គឺ​ជាស្ត្រី។

ទោះជាយ៉ាងណា របាយការណ៍​ស្ទង់មតិ​មួយ​ទៅ​លើ​កម្មករ​សំណង់​ ១០១០​នាក់ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​មុន បាន​រក​ឃើញ​ថា កម្មករ​សំណង់​ដល់​ទៅ ៨៧​ភាគរយ ពុំ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បចេ្ចកទេស​វិជ្ជា​ជីវៈ​នោះ​ឡើយ ហើយ​កម្មករ ៨៩​ភាគរយ​ទៀត ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការ​តាម​រយៈ​កិច្ច​សន្យា​ផ្ទាល់​មាត់ ខណៈ​ដែល​កម្មករ​ត្រឹម​តែ ១១​ភាគរយ​ប៉ុណ្ណោះ មាន​កិច្ច​សន្យា​ការងារ​ជា​លាយ​លក្ខណ៍​អក្សរ។

របាយការណ៍​ដដែល​នេះ ក៏​រក​ឃើញ​ផង​ដែរ​ថា កម្មករ​សំណង់​ដល់​ទៅ​ជាង ៨០​ភាគរយ ពុំ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ ដូចជា​ប្រាក់​លើក​ទឹក​ចិត្ត និង​ប្រាក់​បំណាច់​ការងារ​នោះ​ឡើយ នៅ​ពេល​បញ្ចប់​ការងារ។

ជាង​នេះ​ទៅ​ទៀត កម្មករ​សំណង់​ជាង ៨៦​ភាគរយ បាន​ឆ្លើយ​តប​ថា ពួកគេ​មិន​ដែល​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ឡើយ ខណៈ​ដែល​ប្រាក់​ឈ្នួល​របស់​ពួកគេ​ ត្រូវបាន​ផ្ដល់​ឲ្យ​ដោយ​មិន​ទៀងទាត់។ កម្មករ​សំណង់ ១២​ភាគរយ​ទៀត រាយការណ៍​ថា ប្រាក់​ឈ្នួល​របស់​ពួកគេ ត្រូវ​បាន​កាត់ សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន និង​ទិញ​សម្ភារៈ​ការពារ​សុវត្ថិភាព។

ប៉ុន្តែ អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក  យ៉ាន់ ធី បាន​ឲ្យ​ដឹង​ថា​ ក្រុម​កម្មករ​សំណង់ ប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​នានា ដូចជា​ប្រាក់​ឈ្នួល​ទាប បញ្ហា​សុវត្ថិភាព និង​សុខភាព។

ដោយ​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ លោក យ៉ាន់ ធី បាន​ស្នើ​ទៅ​រដ្ឋាភិបាល ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គាំពារ​ដល់​ក្រុម​កម្មករ​សំណង់ និង​ចាត់​មន្ត្រី​របស់​ខ្លួន​ ឲ្យ​ចុះ​ត្រួត​ពិនិត្យ​តាម​ការដ្ឋាន​ទាំង​អស់ ដោយ​លោក​ថា ដើម្បី​ធានា​ថា បញ្ហា​ប្រឈម​របស់​ក្រុម​កម្មករ​សំណង់ ត្រូវ​បាន​ដោះ​ស្រាយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required