អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។

កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។

បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។

លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌…គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់…ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង”

មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។

លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”

អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។

វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។

អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​

សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ