បទយកការណ៍៖ អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាកំពុងខ្វះការផ្តល់ជំនួយ

ក្រោយការស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺជម្ងឺអេដស៍ដែលគ្មានថ្នាំព្យាបាលនេះកាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៦​នេះម​ឈូស​ជាច្រើនត្រូវបានគេប្រគេនដល់ព្រះសង្ឃនៅវត្ដរកាធ្វើឲ្យ​​អ្នកផ្ទុកមេរោគ​មួយ​ចំនួន​សម្ដែង​​​​ការព្រួយបារម្ភ​ពីសុខភាព​របស់ពួកគេខណៈពួកគេមានវ័យកាន់តែចាស់។

អង្គុយនៅក្រោមផ្ទះហ៊ុំព័ទ្ធដោយធូលីដីហុយអ្នកស្រី ព្រំ ហ៊ីម ឲ្យដឹងថាកូនស្រីរបស់គាត់វ័យ​ជាង​៣០ឆ្នាំ​​បា​ន​​ឆ្លង​មេ​រោគ​អេដស៍នៅឆ្នាំ២០១៤ខណៈស្ដ្រីរងគ្រោះរូបនោះមិនទាន់មានគូរស្រករនៅឡើយ​។ ស្ដ្រី​សំបុរខ្មៅ​​សក់​ខ្លី​រូប​​​នោះ​​​បាន​ស​ម្ដែង​​ការ​ព្រួយពី​អ​នាគតរបស់កូនដោយលើកឡើងថាកូនស្រីរបស់គាត់មាន​អាការៈ​ក្អួតចង្អោរនិង​រាគរូស​​បើសិនមិនបាន​ទទួលទានថ្នាំថែទាំសុខភាពទេនោះ។ ស្រ្ដីវ័យ៦៣ឆ្នាំ​រូបនោះ​បន្ថែម​ថាកូនស្រីគាត់ជាបង្គោលគ្រួសារមួយក្នុងចំណោម​កូន​ពីរនាក់ដែលរស់នៅជាមួយគាត់ដែលមាន​​មុខ​របរធ្វើ​នំលក់​បន្ថែមពីមុខរបរធ្វើស្រែ ប៉ុន្ដែអ្នកស្រីថាកូនស្រីគាត់បាន​បោះ​បង់មុខរបរនោះវិញដោយ​សារខ្លាចគេខ្ពើមរអើមខណៈ​ដែលខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍នេះ។ អ្នកស្រីបន្តថា៖អាណិតកូនណាស់ភ័យ​បើវានៅទៅបានវានឹងរកស៊ី​ជាមួយខ្ញុំធ្វើនំធ្វើនែក​អីលក់ចឹងណាដល់យើងមានរោគចឹងយើងអត់ហ៊ា​​ធ្វើនំលក់ទៀតទេខ្លាចគេអត់ហូបនំ​យើងខ្លាចគេខ្ពើមពី​ដើមខ្ញុំធ្វើនំឲ្យវាដើរលក់ទៅដល់ពេលឥឡូវហ្នឹងខ្ញុំឈប់ធ្វើនំហើយខ្លាចគេខ្ពើមកូនខ្ញុំល្អែង​ឈឺមុនដឹងថាវាកើត​រោគហ្នឹងអស់ពីរបីលានណោះចាក់ចា៎ចាក់មិនត្រូវមិនជា

ផ្ទះពលរដ្ឋដែលផ្ទុកមេរោគអេដស៍ភាគច្រើនប្រក់សង្កសីជញ្ជាំងបាំងដោយស្លឹកដូងធ្លុះធ្លាយដែល​បង្ហា​ញពីជីវភាពក្រីក្រ​។​ ពួកគាត់​នៅតែ​បង្ហាញការឈឺចាប់ចំពោះគ្រូពេទ្យភូមិឈ្មោះ​ យ៉ែម ជ្រិន ដែល​​បាន​​​​ចម្លងមេរោគនេះដល់ពួកគាត់រួម​​ទាំង​​​កុមារ​ផងដែរបើទោះបីអតីតគ្រូពេទ្យគ្មានក្រមសីលធម៌រូបនេះជាប់​ពន្ធនា​គារ​ទៅហើយ​ក្ដី​។​

ក្នុងទឹកមុខស្រអាប់ដោយសំពត់និងអាវចាស់ៗ​​អ្នកស្រី រឿន រ៉ាយ សម្ដែងពី​ទុក្ខ​លំ​បាក​របស់​ខ្លួន​ប្រាប់អ្នក​យកព័ត៌មាន​VODថាក្រោយ​ពេលស្វាមីគាត់​ស្លាប់ចោលជាច្រើនខែ​ដោយសារឆ្លងមេរោគ​អេដ​ស៍​នេះរូប​គាត់បាន​​ជួប​ការលំបាក​ទាំង​ផ្លូវ​កាយនិងផ្លូវចិត្ដដោយទទួលបន្ទុកមើលថែកូន​និងចៅតូចៗ​ពីរនាក់​ទៀត​ដែល​មាន​​ផ្ទុក​​មេរោគនេះ។ ​ស្ដ្រី​វ័យ​៦០​ឆ្នាំ​រូប​នេះ​និយាយថា​ជំងឺអ្នកស្រី​​មាន​អាការៈញ័រ​ខ្លួន​ម្ដង​ម្កាល​បើសិន​គ្មានអាហារ​ហូប​​​គ្រប់គ្រាន់និងខ្វះថ្នាំ​លេបថែទាំ​សុខភាព​ទៀង​ទាត់។ ​អ្នកស្រី​បន្ដថា៖ “ហើយម្ដាយចិញ្ចឹមទាំងខ្លួនឯងចិញ្ចឹមទាំងកូនហ្នឹងទៀតពិបាកណាស់ពិបាកក្នុងចិត្ដដូចថាចៅណាគ្នាតូចៗចឹងពេលនេះដូចថាចៅគ្នារេរាដែរថ្នាំគ្នាលេបរាល់ថ្ងៃពេករាបើដូចខ្ញុំចាស់ចឹងចេះតែប្ដូរហូបទៅហើយចៅគ្នារារាល់ថ្ងៃពេកណាស់”។

ស្ដ្រីអតីតជាភរិយាជំទប់ទី១នៃឃុំរកា​បន្ដថាបច្ចុប្បន្ននេះពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍​ប្រ​ឈម​នឹងដាច់​បាយ​ដោយសារពួកគេមានជីវភាពខ្វះខាតនិងគ្មានបុខរបរ។ អ្នកស្រី រឿន រ៉ាយ ឲ្យដឹងថាចាប់​ពី​ចុង​ឆ្នាំ២​០១៥​និង​​​​ដើមឆ្នាំ​២០១៦​នេះ​​រដ្ឋាភិបាលនិង​អា​ជ្ញាធរមិនសូវយកចិត្ដទុកដាក់ដល់ពួកគាត់នោះទេដោយគ្រាន់​ផ្ដល់​តែ​ថ្នាំ​ពេទ្យ​ថែទាំ​សុខ​ភាព​​ប៉ុណ្ណោះ។ អ្ន​កស្រីបន្ដថា​៖មុននោះបានដូចថាអង្ករមីទឹកត្រីទឹកសាអ៊ីវហើយ​លុ​យ​កាក់​​អីចឹងទៅជួនកាល២ម៉ឺនពីមុន​បាន២០ម៉ឺ​នអស់ចាប់២ម៉ឺនពីរម៉ឺនអីចឹងទៅតែសព្វ​ថ្ងៃដាក់ដាច់​យូ​ហើយបើសិន​ថាដាច់ថ្នាំហ្នឹង​ទៀតឲ្យខ្ញុំយក​លុយទៅទិញមិនដឹងរកលុយណាមកទិញកើតទេធ្វើ​អីមិន​កើតខ្ញុំ​​នោះ​កាលពី​ច្រូតមិញតែកូនទេខ្ញុំ​ធ្វើអីមិន​កើតទេអត់

ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាលោកស្រី កែ សុវណ្ណរតន៍ មាន​ប្រ​សាន៍​ថារដ្ឋា​ភិ​បាល​ត្រូវ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ពិសេស​​មួយ​ដើម្បី​ជួយ​ផ្តល់​ជា​អាហារូបត្ថម្ភ​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​ទាំង​នោះ​។

អង្គុយលើគ្រែរនាបឬស្សីក្នុងខ្ទមតូចមួយប្រក់សង្កីចាស់ៗនិងបាំងធាងដូងដែលធ្វើនៅលើដីអ្នកដទៃស្រ្ដី​វ័យ​៦៤ឆ្នាំនិយា​យ​​​​​​ថារូបគាត់​​​រស់ដូចស្លាប់ដោយសារគ្មាន​ដី​ស្រែ​ឬមុខរបរ​និង​សាច់ញាតិនោះទេ ហើយ​ថា​ការដែលគាត់អាចនៅមាន​ជីវិត​ដល់​សព្វ​នេះ​ដោយការជួយចិញ្ចឹមពី​អ្នក​ជិត​ខាង​។ អ្នកស្រី យ៉ត ខឿន សម្ដែងការ​ភ័យ​ខ្លាចដែលខ្លួនមាន​ផ្ទុក​មេរោគ​អេដស៍បើរូបគាត់មាន​វ័យចំណាស់​ក្ដី។​ ស្រ្ដីមេមាយសក់ពីរ​ពណ៌រូបនេះសម្តែងការអស់​សង្ឃឹមក្នុងការស់នៅ​បន្តទៀត​ដោយ​អះអាងថា​ជំនួយដែលធ្លាប់​ជួយ​ឧបត្ថម្ភ​កន្លងមកត្រូវបានពន្យាពេល។ អ្នក​ស្រីបន្ដ​ថា៖ “ព្រោះឯងនៅម្នាក់ឯងធ្វើការ​​មិនកើតទៀត​បើធ្វើការកើត​មិនភ័យ​ប៉ុន្មាន​ទេលោកគ្រូខ្ញុំទៅធ្វើការអត់កើតតើ​វាទន់ខ្ញុំទៅដួលវាលស្រែកាលពីខ្ញុំទៅឡែមខ្ញុំកុហកគ្រូ​ធ្វើអី​បាក់​ធ្មេញ​មកដល់រាល់ថ្ងៃដើរដួលកណ្ដាលស្រែ”។

មន្រ្តី​ក្រ​សួង​សុខា​ភិ​បាល​ធ្លាប់ឲ្យ​ដឹង​ថាក្រ​សួងកិច្ចការ​នារី ​ក្រ​សួង​សង្គម​កិច្ច និងក្រសួងសុខាភិបាល​​បាន​ពិភាក្សា​លើ​គម្រោង​​ជួយគាំទ្រ​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់​ដំបង ឲ្យ​ទទួល​បាន​ការ​អប់រំផ្នែក​សុខភាពនិងគម្រោង​ជួយ​​ឲ្យ​​កូនៗ​របស់​ពួកគេ​មាន​លទ្ធ​ភាព​បន្តការ​សិក្សាទៅ​មុខ​ទៀត។​

អ្នកផ្ទុកមេរោគម្នាក់ទៀតអ្នកស្រី​ ខ្លឹង សុត វ័យ​៤៧​ឆ្នាំ​ឲ្យដឹងថា​អាជ្ញាធរមូលដ្ឋានមិនបាន​យក​ចិត្ដ​ទុកដាក់​ពីបញ្ហា​សុខភាពនិងការរស់នៅ​របស់ប្រជាពលរដ្ឋឡើយដោយអ្នកស្រីថាមេភូមិបក្សពួក​និយម​បង្កើត​អំពើ​ពុករលួយនៅ​ពេល​មាន​​ការផ្ដល់​ជំនួយមនុស្សធម៌ម្ដងៗ។ អ្នកស្រីបន្ដថាមានថ្ងៃ​មួយ​សប្បុរជន​មកពី​សហរដ្ឋ​អាមេរិកផ្ដល់​ជំនួយជា​គ្រឿង​ឧបភោ​​គ​បរិភោគមេភូមិផ្ដល់ឲ្យតែពលរដ្ឋដែលគ្មានជំងឺក្រោម​ហេតុ​ផលថា​​អ្នកផ្ទុកមេរោគអេដស៍មានអ្នកជួយឧប​ត្ថម្ភ​ហើយ​។​ អ្នកស្រីបន្ដថា៖ “ខ្ញុំឮផ្ទះមេភូមិបិតហ្នឹងដាក់មេក្រូដល់ពេលខ្ញុំដើរទៅក៏គាត់ចេញមកគាត់សួរខ្ញុំថា ង៉ែងមកធ្វើអីខ្ញុំថា​ខ្ញុំឮមេក្រូ​ខ្ញុំចេះតែមកទៅ​។​ បើអញមិនបានហៅផងង៉ែងមកធ្វើអីបើអញប្រាប់ចាំមកគេចែកអំណោយនេះគេចែកតែអ្នក​​អត់ផ្ទុកមេរោគទេ​គេចែកតែចាស់ជរាអ្នកផ្ទុកមេរោគហ្នឹងធ្លាប់អំណោយហើយគេអត់ចែកឲ្យទេហើយដល់ពេលខ្ញុំឈរ​អោបដៃគាត់​ដេញខ្ញុំ ខ្ញុំអត់ចេញ”។

ប៉ុន្ដែមេឃុំរកា​លោកស្រី ស៊ឹម ពៅ មាន​ប្រសា​សន៍ថាការផ្ដល់ជំនួយឧប្ថម្ភដល់អ្នកផ្ទុកមេរោគអេដស៍​ត្រូវបានពន្យាដោយ​លោក​ស្រីអះអាងថាកំពុងគៀតគររកថវិកាបន្ថែម។ លោកស្រីក៏បានបដិសេធថាមិនមាន​អំពើពុក​រលួយ​នៅពេល​ចែក​អំ​ណោ​យដល់ពួកគេ​នោះទេ។ លោកស្រីបន្ថែមថា៖ចាស វារយាលមែន​ហើ​យ​ ប៉ុន្ដែសំ​ខា​ន់ការរកថវិ​កាមិន​ទាន់បាន ពន្យាហ្នឹង​កំពុងគៀងគររកថវិកាផ្សេងដើម្បជួយផ្ដល់ដល់ពួ​កគាត់​ដែរកំ​ពុងប្រឹងប្រែងរក

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្ដ​បាត់ដំបង​លោក យ៉ាត កំ​សាន្ដ មាន​ប្រសាសន៍​ថាតាមការសង្កេតកន្លងមកអ្នកភូមិដែល​ផ្ទុកមេរោគ​អេដ​ស៍​​ភាគច្រើន​មានជីវ​ភាពក្រលំបាកនិងជំពាក់​បំណុល​ធនា​​គារ។ លោកដកស្រង់តាមសំដីពលរដ្ឋថាអ្នកផ្ទុកមេ​រោគអេដស៍​​អាជ្ញា​ធរ​​​និង​ស្ថាប័នពាក់ព័ន្ធមិនសូវឃើញមានការជួ​យឧបត្ថម្ភលើកទឹកចិត្ដ​ដល់ពួកគេមួយ​រយៈ​ហើ​យបន្ទាប់​ពី​កសាងផ្លូវចូលភូមិ​ឃុំ​មានភាពងាយ​ស្រួល។​ លោក​បន្ដថា៖​”សំខាន់គឺបំណុលម៉ងពួកគាត់ខ្ចីគេហើយ​ឥឡូវគាត់ស្ថានភាពវាចាស់ទ្រុឌទ្រោមទៅគាត់ពិបាកជីវភាពក្នុងការរកប្រាក់ជំពាក់បំណុលហើយគាត់មានជំងឺប្រចាំកាយផងមានតែហ្នឹងឯងសំណូមខ្ញុំ”។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ លោក លី ពេញ​ស៊ុន ធ្លាប់ប្រាប់​VODថាអ្នកឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកាដែល​បាន​ទទួល​ថ្នាំប្រ​ឆាំង​មេរោគ​អេដស៍​មាន​ចំនួន​២០០​នាក់។ លោក​បញ្ជាក់​ថាក្នុង​នោះក្មេង​ក្រោម​អាយុ១៥​ឆ្នាំ​មាន​ចំនួន​៣២​​នាក់​ មនុស្ស​ពេញ​វ័យដែល​មាន​អាយុ​ចន្លោះ​ពី​១៥ដល់​៥៩​ឆ្នាំ​មាន​ចំនួន១៣៩​នាក់ និង​មនុស្សចាស់​ដែល​​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​២៩​នាក់​។

តាមរបាយការណ៍ឃុំរកាគិតត្រឹមថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦នេះចំនួនអ្នកផ្ទុកមេរោគអេដស៍​នៅឃុំរកាមានចំនួន២៨៩​នា​ក់ក្នុងនោះស្លាប់ចំនួន១៤នាក់ដែលអាជ្ញាធរអះអាងថាការស្លាប់នោះ​គួប​ផ្សំពួកគេមាន​វ័យ​ចំណាស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ