លោក គឹម សុខ ថាពិបាករកមេធាវីដោយសារសំណុំរឿងតទល់នឹងនាយករដ្ឋមន្រ្តី

​អ្នកវិភាគ​នយោបាយ លោក គឹម សុខ

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ ដែលរិះគន់រដ្ឋាភិបាលឥតសម្ចៃមាត់នោះ បា​ន​ដា​​ក់ពាក្យ​សុំ​ពន្យាពេលចូលបំភ្លឺនៅតុលាការ ដើម្បីតតាំងក្តីនឹងលោក ហ៊ុន សែ​ន​ ដោ​យ​ថា ខ្លួន​​មិនទា​ន់រក​មេធាវីការពារបាន។

សាលា​ដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក គឹម សុខ ចូលបំភ្លឺនៅថ្ងៃសុក្រស្អែក ។

លោក ហ៊ុន សែន បានប្តឹងអ្នកវិភាគរូបនេះ ពីពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យ មានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ ហើយទារ​ជំងឺចិត្ត​៥០​ម៉ឺន​ដុល្លារ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថាករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច។

ក្រោយដាក់ពាក្យសុំពន្យារពេ​ល​ចូ​​ល​បំភ្លឺ លោក គឹម សុខ ថ្លែងនៅព្រឹកនេះថា សំណុំរឿងរបស់​លោកពិបាក​ពឹង​ពាក់មេធាវី​ ដោយសារតែ​ជាបណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំងនឹងរូបលោកផង ហើយមួយ​វិញទៀត លោក ក៏អត់មានលុយជួលមេធាវីនោះទេ។

លោកថា៖ «គឺមិនហ៊ានទទួលហ្នឹងមែនហើយ​ ពិចារណា បារម្ភ អំពីរឿងក្តី របស់ខ្ញុំហ្នឹងវាចំពេក សម្តេចនា​យ​ក​រ​ដ្ឋម​ន្ត្រីគាត់បញ្ជាឲ្យប្តឹងៗតែម្តង។ ពលរដ្ឋសាមញ្ញធម្មតាខ្ញុំអត់មានតួនាទីស្អីសោះ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាមថា តំណាងអាយ្យការនឹងមិនពន្យារពេលតាមការស្នើសុំរបស់លោក គឹម សុខ ទ្បើយ។

លោក គី តិច ជាមេធាវីការ​ពារក្តីឲ្យលោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅថ្ងៃព្រហស្បតិ៍នេះលោ​កបាន​ទទួល​សិទ្ធិ ឲ្យប្តឹ​ងលោក គឹម សុខ មួយករណីបន្ថែមទៀត។ តែ​លោកសុំមិនបញ្ជាក់ថា តើពាក្យ​បណ្តឹ​ងនោះ នឹងប្តឹងពីបទអ្វី និងទារ​សំ​ណងប៉ុន្មានពិតប្រាកដទេ ដោយថារងចំា​ដាក់ពា​ក្យបណ្តឹ​ងរួចរា​ល់នៅ​តុលា​​ការសិន។

ប៉ុន្តែបើតាមគេហទំព័រ Fresh News ដែលស្គាល់ថាស្និទនឹងរដ្ឋាភិបាលនោះបានចុះផ្សាយថា លោក គឺ តិច ដែលតំណាងឲ្យលោក ហ៊ុន សែន នោះបាននិយាយថា «បានដាក់ពាក្យបណ្តឹងប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់​លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្នបានប​ង្កើត​មាន​ប្រព័ន្ធ​មួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ»។

លោក គឹម សុខ ឲ្យដឹងដែរថា បើទោះបីលោក ហ៊ុន សែន បន្តប្តឹងលោកបន្ថែមទៀតក៏ដោយ តែលោកថា លោក នូវតែអត្ថាធិប្បាយឆ្លុះបញ្ចាំងការពិតដែលកើតមានក្នុងសង្គម។

លោកថា៖ «ខ្ញុំមិនដូរជំហររឿងអត្ថាធិប្បាយអំពីសង្គមនិងនយោបាយទេ ទី១។ ទី២ មិនរត់ទៅណាទេ កុំថា​ឡើ​យ​​​ដាក់មួយបន្ថែមទៀត ដាក់១០០ថែ​មទៀត ក៏​ខ្ញុំមិនរត់ទៅណា​ដែរ ជម្រាប​ជំហរច្បា​ស់លាស់​អំពី​រឿង​ហ្នឹង»។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា លើកឡើងថា ចំណាត់ការបន្តបន្ទាប់ទៅលើមន្រ្តីសង្គម​ស៊ីវិល និងអ្នកវិភាគកន្លងនេះ លោកថាជាការប្រើប្រព័ន្ធច្បាប់គំរាមកំហែង​ដល់សំ​ឡេ​ងអ្នករិះគន់។

លោកថា៖ «ខ្ញុំយល់ថាជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការក្នុងការបំភិតបំភ័យដល់សកម្មជនសិទ្ធិមនុស្ស កុំឲ្យហ៊ា​​នងើ​បតវ៉ា កុំឲ្យហ៊ានបញ្ចេញមតិរិះគន់អ្វីដែលរដ្ឋាភិបាលធ្វើខ្វះខាត»។

ទោះជាយ៉ាងណាកាលពីសប្តាហ៍មុន លោក ហ៊ុន សែន ថ្លែងជាសាធារណៈការពារថា រដ្ឋាភិបា​លមិ​នជាប់ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ កែម ឡី នោះទេ ដោយដាក់ជាសំនួរថា «ឃាតកម្មមួយកើតឡើង ក្រោ​មកា​រដឹកនាំ របស់លោក ប្រជាប្រិយភាពវានឹងបានទៅលើនរណា?»។

ប៉ុន្តែមហាជននៅតែដាក់កាសង្ស័យថា បើរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក កែម ឡី នោះ  ហេតុអ្វីបានជាងកន្លះឆ្នាំមកនេះ រដ្ឋាភិបាលមិនអាចវែកមុខអ្នកនៅពីក្រោ​យឃាតកម្មនេះ ​មកផ្ត​ន្ទា​ទោសបាន ក្រៅពីជនសង្ស័យម្នាក់ ឈ្មោះ​ជួប សម្លាប់ ដែលសមត្ថកិច្ចចាប់បានក្រោយកើ​តហេ​តុនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ