រដ្ឋាភិបាលថាការបង់ថ្លៃភ្លើងក្រោម១០ម៉ឺនរៀល មិនបាច់ចំណាយថ្លៃសេវាឲ្យក្រុមហ៊ុន Wing

ភ្នាក់ងារ​ Wing (Phnom Penh Post)

រដ្ឋាភិបាល​បាន​ឲ្យដឹងថា រាល់​ការ​ទូទាត់​ថ្លៃ​សេវា​អគ្គិសនី​តាម​ ភ្នាក់ងារ​ Wing (វីង​)​ ក្រោម​១០​ម៉ឺន​រៀល​ នឹងមិន​​គិត​ថ្លៃ​សេវា​ពី​ប្រជា​ពលរដ្ឋ​ទេ​ ដោយថាដើម្បីកាត់បន្ថយការចំណាយថ្លៃសេវាដល់​​ប្រជាពលរដ្ឋខ្ទង់​លាន​​គ្រួសារ​។​​

កាលពីថ្ងៃទី១៥ កុម្ភៈម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរាប់លានគ្រួសារ ដែលប្រើអគ្គិសនីអស់ក្រោម១០ម៉ឺនរៀល អាចទៅទូទាត់​ថ្លៃ​សេវា​នេះ​តាម​ភ្នាក់ងារ​ Wing (វីង​) ដោយ​មិន​គិត​ថ្លែសេវា​ដែល​ផ្ញើនោះទេ។ លោកមានប្រសាសន៍ថា «កាលពីដើមគេមិនយកសេវា ឥឡូវក្រោម១០ម៉ឺន​រៀលគេអត់យកសេវាទេ ​​វាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋច្រើនចូលដល់លានគ្រួសារ ដែលប្រើ​ប្រាស់​ភ្លើងក្រោម១០ម៉ឺនរៀលនោះ អគុណណាស់ប្រឹងប្រែងធ្វើបន្តទៀត ដើម្បីចូលរួមចំណែក ធ្វើឲ្យ​តម្លៃ​អគ្គិសនីធ្លាក់ចុះ មិនគ្រាន់តែក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺការ​ប្រើ​ប្រាស់​របស់ប្រជាជន​»។

ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ កាលពីម្សិលមិញ លោក ហ៊ុន សែន បាន​និយាយ​ឆ្លើយឆ្លងជាមួយអ្នកឧកញ៉ា គិត ម៉េង ថា រាល់​ការ​ទូទាត់​ថ្លៃ​សេវា​អគ្គិសនី ក្រោម​១០ម៉ឺនរៀល​តាមភ្នាក់ងារ​ Wing (វីង​)​ ដោយ​មិនគិតថ្លៃសេវា​នោះ បាន​នឹងកំពុងអនុវត្តហើយ។

ប៉ុន្តែនៅព្រឹកថ្ងៃទី១៦កុម្ភៈនេះ បុគ្គលិកក្រុមហ៊ុន Wing (វីង​) លោក ថន ពន្លឺ បានឲ្យដឹងថា Wing មិន​​ទាន់​អនុ​វត្ត​ទេ ដោយថាចំាសួរយោបល់ពីអ្នកឧកញ៉ា គិត ម៉េង សិន។ លោកនិយាយ​ថា​ «ជាមួយ​ព័ត៌​មាន​ដែល​ខាង​លោកឧកញ៉ា គិត ម៉េង គាត់ធ្វើការប្រកាសថាជាមួយការបង់ថ្លៃសេវា បង់វិក័យ​ប័ត្រ​ភ្លើង​ជាមួយខាងភ្នាក់ងារ Wing (វីង​)​ គឺក្រោម១០ម៉ឺន គឺយើងលែងគិតថ្លៃសេវាហើយ តែជាមួយព័ត៌មាននេះ ដោយសារខាងយើងកំពុងតែធ្វើការត្រួតពិនិត្យនិងរៀប​ចំ ជាមួយព័ត៌មានដែលបញ្ជាក់ថានឹងធ្វើការអនុវត្ត​ចាប់ពី​ថ្ងៃណាបន្តទេ គឺខាង​យើងនឹងធ្វើការផ្តល់ជូននៅពេលក្រោយទៀត»។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្តិ យល់ថា ការមិ​ន​ឲ្យប្រ​ជា​ពល​រដ្ឋ​បង់ថ្លៃសេវាអគ្គិសនីក្រោម១០ម៉ឺនរៀល លោកថាអ្នកនយោបាយចេះ​ប្រើប្រាស់ស្ថាប័ន​ឯក​ជន ​ទាញ​យក​ផល​ប្រយោជន៍របស់បក្ស​។ លោកបន្តថា ដើម្បីអនុវត្ត​គោលការណ៍​នេះ​ឲ្យស្ថិត​ស្ថេរ​យូរអង្វែង រដ្ឋាភិបាល​គួតែ​ដាក់ចំណុច​នេះ ក្នុងគោលនយោបាយរបស់ជាតិ។ លោកមានប្រសាសន៍ថា «កុំឲ្យធ្វើជាលក្ខណៈ គ្រាន់​តែជាការបង្ហាញដើម្បីទទួលបានប្រជាប្រិយភាពផ្នែក​នយោបាយ ឲ្យ​ទៅជាគោលនយោបាយ​របស់​ជាតិ ឲ្យទៅជាគោលនយោបាយរបស់រដ្ឋ ហើយដល់អ្នកកាន់អំណាច​ក្រោយ គេអនុវត្តបន្ត​តទៅទៀត​»​។

លើសពីនេះទៀត លោក សួន​ ប៊ុនស័ក្តិ បន្ថែមថា រដ្ឋាភិបាលគួរតែសហការជាមួយក្រុមហ៊ុនឯកជន កុំឲ្យ​យកសេវាថ្លៃបង់​ថ្លៃទឹកទៀតកាន់តែប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ